ថ្លែងនៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Eshaq Jahangiri អនុប្រធានាធិបតីប្រទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសអ៊ីរ៉ង់ នៅតែមានលទ្ធភាពលក់ប្រេងបានច្រើនទៅតាមតម្រូវការរបស់ខ្លួន បើទោះជាសហរដ្ឋអាមេរិក បានដាក់សម្ពាធយ៉ាងណាក៏ដោយ។
លោក Eshaq Jahangiri បានថ្លែងឱ្យដឹងថា “ជារឿយៗ អាមេរិក តែងតែដាក់សម្ពាធកាត់បន្ថយការលក់ប្រេងរបស់ប្រទេសអ៊ីរ៉ង់ ឱ្យដល់កម្រិតសូន្យ ប៉ុន្តែ ខ្ញុំបាននិយាយថា រហូតមកដល់ពេលនេះ យើងនៅតែមានលទ្ធភាពលក់ប្រេងរបស់យើង ទៅតាមតម្រូវការ”។
ការលើកឡើងរបស់អនុប្រធានាធិបតី រូបនេះ បន្ទាប់ពីកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក បានកំណត់ឱសានវាតចុងក្រោយដាក់ទណ្ឌកម្មមកលើប្រទេសអ៊ីរ៉ង់ ដោយតម្រង់គោលដៅទៅលើការនាំប្រេងចេញ និងវិស័យធនាគារ។
ទោះជាយ៉ាងណាក្តី កាលពីថ្ងៃសុក្រ សប្តាហ៍មុន សហរដ្ឋអាមេរិក បាននិយាយថា គេនឹងអនុញ្ញាតបណ្តោះអាសន្នឱ្យប្រទេសនាំចូលប្រេងចំនួន៨ រក្សាទិញប្រេងពីអ៊ីរ៉ង់ បើទោះជាមានការដាក់ទណ្ឌកម្មនៅថ្ងៃនេះ ក៏ដោយ។
ប្រទេសចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងតួកគី គឺជាអ្នកនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ ច្រើនបំផុត នៅក្នង្នុចំណោម៨ប្រទេស ដែលត្រូវបានគេលើកលែងបណ្តោះអាសន្នពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីធានានៅតម្លៃប្រេងឆៅ។
កាលពីខែតុលា អ្នកជំនាញខាងវិភាគឧស្សាហកម្មប្រេង បានប៉ាន់ប្រមាណថា ប្រទេសអ៊ីរ៉ង់ បានលក់ប្រេងចំនួន១,៥លានបារ៉ែល ក្នុង១ថ្ងៃ។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុន OPEC បានឱ្យដឹងដែរថា ការផលិតប្រេង និងការនាំប្រេងចេញរបស់ប្រទេសអ៊ីរ៉ង់ អាចនឹងកើនឡើងពី២,៤លាន ទៅដល់៣,៨លានបារ៉ែល ក្នុង១ថ្ងៃ។
គួរំលឹកថា កាលពីខែឧសភា ត្រាំ បានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយក៏បានដាក់ទណ្ឌកម្មម្តងរួចមកហើយ កាលពីខែសីហា ឆ្នាំ២០១៨៕