យោងតាមប្រភពព័ត៌មាន Xinhua ចេញផ្សាយយកាលពីថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន ដើម្បីពិភាក្សាទ្វេភាគី ទៅលើបញ្ហាពង្រឹងសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
លោកស្រី Alice Wells ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបជាមួយនឹងលោក Asad Umar រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន បានជួបពិភាក្សាគ្នាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពង្រឹងទៅលើផ្នែកសេដ្ឋកិច្ច និងស្ថានភាពសន្តិសុខរួម នៅក្នុងតំបន់។
នៅក្នុងជំនួបនោះ ក៏មានពិភាក្សាបញ្ហា ដែលជាប់ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលបំណងទប់ស្កាត់ការធ្វើភេរវកម្ម ហិរញ្ញវត្ថុ ផងដែរ។
លោក Asad Umar បាននិយាយថា “ប្រទេសប៉ាគីស្ថាន ប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ បានធ្វើការប្រយុទ្ធប្រឆាំងទ្រង់ទ្រាយធំទៅលើខ្សែបណ្តាញភេរវកម្ម ហើយខ្លួននឹងបន្តបេសកកម្មនេះ ដើម្បីកម្ចាត់ឱ្យអស់គ្រប់រូបភាពភេរវកម្ម ជាពិសេស ភេរវកម្មហិរញ្ញវត្ថុ និងការលាងលុយកខ្វក់”។
ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានពិនិត្យសារើឡើងវិញ ទៅលើស្ថានភាពនយោបាយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន បានថ្លែងថា ជំនួបជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន ក៏បានកសាងឡើងវិញ នៅទំនាក់ទំនងមិត្តភាព ដោយផ្អែកទៅលើការគោរព និងទុកចិត្តគ្នាទៅវិញទៅមក៕