យោងតាមប្រភពព័ត៌មានពីម្ចាស់ក្លឹបចាស់ Bordeaux បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃពុធ ទី០៧ វិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្រុមហ៊ុនមូលនិធិអភិវឌ្ឍអាមេរិក បានទិញភាគហ៊ុនក្លឹបបាល់ទាត់បារាំង Bordeaux ក្នុងតម្លៃ១១៤លានដុល្លារ។
ក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានបារាំង M6 ដែលកាន់កាប់ក្លឹបចាប់តាំងពីឆ្នាំ១៩៩៩ បានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួនបានព្រមព្រៀងលក់ក្លឹប Bordeaux ទៅឱ្យម្ចាស់ថ្មី បន្ទាប់ពីចរចាបានរយៈពេល១៥ថ្ងៃ។
លោក Joseph DaGrosa ម្ចាស់ក្រុមហ៊ុនមូលនិធិអភិវឌ្ឍអាមេរិក GACP បានថ្លែងថា “ជាមួយនឹងនាយកប្រតិបត្តិថ្មី លោក Frederic Longuepee កីឡាករ អ្នកគាំទ្រ យើងនឹងដើរទៅមុខរួមគ្នា ដើម្បីធ្វើឱ្យក្លឹបរីកចម្រើន និងទទួលបានជោគជ័យ”។
Bordeaux បច្ចុប្បន្ន ស្ថិតនៅលំដាប់ចំណាត់ថ្នាក់លេខរៀងទី១១ ក្នុងតារាងបារាំង D1 ទើបតែតែងតាំងលោក Frederic Longuepee ជាប្រធានក្លឹបថ្មីកាលពីខែមុន៕