Friday, July 4, 2025
Homeព័ត៌មានជាតិមន្ត្រីយោធាក៏អាចជាចោរប្លន់ផងដែរ ពេលនេះចាត់ការបានហើយ

មន្ត្រីយោធាក៏អាចជាចោរប្លន់ផងដែរ ពេលនេះចាត់ការបានហើយ

ភ្នំពេញ៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដេញតាមបង្ក្រាបឃាត់ខ្លួនមន្ត្រីយោធាម្នាក់ រួមជាមួយរថយន្ដ និងម៉ូតូចំនួន២គ្រឿង អាវុធខ្លី២ដើមទៀត។

ជនសង្ស័យមានឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦៩ តាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ។

កម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាប បានឲ្យដឹងថា កាចុះបង្ក្រាបមុខសញ្ញាជាមន្ត្រីយោធាម្នាក់ខាងលើនេះ គឺកម្លាំងសមត្ថកិច្ច បានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៤២២១ ជ.ប.ច/០១៨ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទលួចមានស្ថានទម្ងន់ទោស ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ប្រភពដែលបានឲ្យដឹងទៀតថា ការចុះបង្ក្រាបនេះ​ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង ម៉ាកSuzuki Nex ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1S-1193, រថយន្ត១គ្រឿង ម៉ាក CRV ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2R-6265, អាវុធខ្លីចំនួន០២ដើម ១. ម៉ាក K54 លេខ 4365 (២បង់ គ្រាប់ ៥០គ្រាប់) ២.ម៉ាក QSZ92 លេខ 006878 (១បង់គ្រាប់ ១៥គ្រាប់), ប័ណ្ណសំគាល់ទោចក្រយាយន្ត ចំនួន១៣សន្លឹក, ប័ណ្ណបើកបរ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០៣សន្លឹក, អត្តសញ្ញាណប័ណ្ណយោធា ០៦សន្លឹក, ប័ណ្ណសំគាល់អាវុធខ្លី ១៥សន្លឹក, លិខិតបញ្ជាបេសកកម្ម ០៩សន្លឹក, ស្លាកលេខរថយន្ត ០២សន្លឹក លេខកណ្តាល 2A-5324 ។

ប្រភពដែលបានបញ្ជាក់ថា កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបញ្ជូនខ្លួនជនសង្ស័យជាមន្ត្រីយោធា រួមជាមួយវត្ថុតាងពាក់ព័ន្ធ ប្រគល់ជូនទៅឲ្យកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ដើម្បីនាំខ្លួនបន្តបើកការស្រាវជ្រាវបន្ថែមទៀត មុនកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES