Wednesday, August 20, 2025
Homeព័ត៌មានអន្តរជាតិMike Pence ៖ ត្រាំ នឹងជួបជាមួយគីម ជុងអ៊ុន នៅឆ្នាំ២០១៩

Mike Pence ៖ ត្រាំ នឹងជួបជាមួយគីម ជុងអ៊ុន នៅឆ្នាំ២០១៩

បើទោះជាថ្មីៗនេះ មានការបែកធ្លាយឯកសារសម្ងាត់តាមប្រព័ន្ធផ្កាយរណបស៊ើបការណ៍ថា កូរ៉េខាងជើង លួចលាក់ទីតាំងផលិតអាវុធនុយក្លេអ៊ែរ ចំនួន១៣កន្លែង យ៉ាងណាក៏ដោយ ទីបំផុត លោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយមេដឹកនាំគីម ជុងអ៊ុន នៅឆ្នាំ២០១៩។

ទោះជាយ៉ាងណាក្តី អនុប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក និងមិនធ្វើឱ្យមានកំហុសច្រំដែរ ដោយអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាង ក្បត់ពាក្យសន្យាក្នុងការរំលាយអាវុធនុយក្លេអ៊ែរនោះទេ។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Mike Pence បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន ថា គម្រោងទាំងឡាយកំពុងដំណើរការទៅមុខ ហើយយើងសង្ឃឹមថា កិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីរ អាចនឹងធ្វើឡើងនៅដើមឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទ និងទីតាំងជំនួបប្រជុំច្បាស់លាស់នោះទេ។

លោក Mike Pence បាននិយាយថា “ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអ៊ីន បានយល់ព្រមធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីត្រួសត្រាយផ្លូវឱ្យមានកិច្ចប្រជុំកំពូលលើកទីពីរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង”។

កូរ៉េខាងជើង បានធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសមហាអំណាច កាលពីឆ្នាំ១៩៩៤ និងឆ្នាំ២០០៥ ក្នុងការកាត់រំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច  និងចំណងការទូត ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាង តែងតែធ្វើឱ្យខូចដល់ដំណើរការកិច្ចព្រមព្រៀង ហើយនៅតែបន្តលួចលាក់កសាងនូវអាវុធប្រល័យលោកនេះដដែល៕

RELATED ARTICLES