ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆាតទៅគំរាមសម្លាប់ស្ត្រីម្នាក់ ព្រោះតែព្យាយាមទាក់ទងសុំស្នេហ៍នាងតាមហ្វេសប៊ុកមិនបាន ដោយខាងស្រីបដិសេធមិនព្រមស្រលាញ់ ពោះនាងមានប្តីទៅហើយ ស្រាប់តែជននោះផ្ទុះកំហឹងព្យាយាមឆាតទៅរំខានតាមគ្រប់រូបភាព និងថែមទាំងបានសរសេរអត្ថបទជេរ បរិហារកេរ្តិ៍ស្ត្រីរងគ្រោះ រហូតឈានដល់ឆាតផ្ញើសំឡេងទៅគំរាមសម្លាប់ស្ត្រីរងគ្រោះចោល ប្រសិនបើនាងនៅតែមិនព្រមស្រលាញ់ខ្លួន ទីបំផុត ស្ត្រីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវបានសមត្ថកិច្ចជំនាញ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនជនសង្ស័យខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាំយកមកចាត់ការតាមច្បាប់។
ជនសង្ស័យមិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ២៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាស្ត្រីដែលមានគ្រួសារ (ប្តី) រួចទៅហើយ។
យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ឱ្យដឹងថា “សូមកុំគិតថា ការគំរាមកំហែងតាមបណ្តាញសង្គមនឹងត្រូវរួចខ្លួននោះ! នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែងថានឹងសម្លាប់ និងបរិហារកេរ្តិ៍ជាសាធារណៈ។ ជនសង្ស័យដែលមានអាយុ២៩ឆ្នាំ បានតាមស្រលាញ់ជនរងគ្រោះតាមបណ្តាញសង្គម Facebook តែជនរងគ្រោះមិនព្រម ព្រោះជនរងគ្រោះមានគ្រួសារហើយ។ ជនសង្ស័យនោះ ក៏បន្តឆាតទៅរំខាន ពេលជនរងគ្រោះប្លុកគណនី ជននោះបានបង្កើតគណនីជាច្រើនតាមរំខាន និងសរសេរអត្ថបទជេរ បរិហារកេរ្តិ៍ដល់ជនរងគ្រោះ ថែមទាំងមិត្តភក្តិ បងប្អូនរបស់ជនរងគ្រោះផងដែរ។ ក្រោយមក ជនសង្ស័យបានផ្ញើសារជាសម្លេង គំរាមថានឹងសម្លាប់ជនរងគ្រោះថែមទៀត។ ពេលនេះជនសង្ស័យត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមឱ្យបងប្អូនប្រជាពលរដ្ឋមេត្តា ប្រើប្រាស់បណ្តាញសង្គម ដោយមានការទទួលខុសត្រូវ សូមកុំធ្វើអ្វីដែលខុសនិងច្បាប់…”៕