ភ្នំពេញ ៖ គូដណ្តឹងមួយគូ ជិតដល់ថ្ងៃចូលរោងការទៅហើយ ក៏ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1A-4499 ដឹកគ្នាបំណងទៅរកទិញអីវ៉ាន់យកមកបម្រុងុត្រៀមទុកថ្ងៃរៀបការ ស្រាប់តែជួបគ្រោះអកុសល គេឃើញរថយន្ត១គ្រឿង ម៉ាកម៉ីតស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-8997 បើកបរក្នុងទិសដៅចេញពីភ្នំពេញ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកបណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូទទួលរងរបួសធ្ងន់ ចំណែកខាងស្រី រងរបួសតិចតួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បុរសរងគ្រោះមិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ២៨ឆ្នាំ និងមានមុខរបរជាអ្នកលើកអីវ៉ាន់ឱ្យគេ។ ចំណែកនារីដែលរួមដំណើរជាមួយរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា មានអាយុ២៥ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេ។ ជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវជាគូដណ្តឹងនឹងគ្នា និងជិតដល់ថ្ងៃចូលរោងការទៅហើយ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្ត ក្រោយពីសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងរួចរាល់ ក៏អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕