Friday, July 4, 2025
Homeព័ត៌មានជាតិអួតសម្លាប់មនុស្ស ប៉ះចំប៉ូលិសនៅក្បែរ ចុះពីលើឡានក្រុងមិនទាន់ ជាប់ខ្នោះ

អួតសម្លាប់មនុស្ស ប៉ះចំប៉ូលិសនៅក្បែរ ចុះពីលើឡានក្រុងមិនទាន់ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រាស្រវឹងធ្លាក់ភ្នែក ឡើងជិះឡានក្រុងចេញពីស្រុកកំណើតឯខេត្តព្រៃវែង សំដៅមករាជធានីភ្នំពេញ លុះពេលកំពុងធ្វើដំណើរតាមផ្លូវ ក៏និយាយទូរស័ព្ទអួតប្រាប់មិត្តភក្តិក្តែងៗថា ខ្លួនបានជ្រុលដៃសម្លាប់មនុស្សម្នាក់ ហើយពេលនេះកំពុងរត់គេចខ្លួន ដោយមានកាំភ្លើង១ដើមជាប់ខ្លួនផង គាប់ជួនមានប៉ូលិសម្នាក់ធ្វើដំណើរក្នុងឡានក្រុងនោះដែរ ស្តាប់ឮ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនៅភ្នំពេញ ស្ទាក់ចាំចាប់ លុះគ្រាន់តែចុះពីលើឡានក្រុងសឹងមិនទាន់ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសកយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនសង្ស័យដែលអួតក្តែងៗថា បានសម្លាប់មនុស្ស រហូតត្រូវសមត្ថកិច្ចចាប់វាយខ្នោះនេះ មានឈ្មោះឈុន សារី អាយុ២៩ឆ្នាំ មុខរបរកម្មករចាក់លូ មានស្រុកកំណើតនៅភូមិពោធិវង្ស ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីអ្នកធ្វើដំណើរតាមរថយន្តក្រុងជាមួយជនសង្ស័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈពេលធ្វើដំណើរតាមរថយន្តក្រុងពីអ្នកលឿង មកភ្នំពេញ ពួកគាត់ពិតជាបានឮបុរសខាងលើនិយាយអួតតាមទូរស័ព្ទប្រាប់មិត្តភក្តិរបស់គេក្តែងៗថា រូបគេបានជ្រុលដៃសម្លាប់មនុស្សម្នាក់ ហើយថែមទាំងនិយាយថា ខ្លួនគេមានកាំភ្លើងជាប់ខ្លួនទៀត ឥឡូវកំពុងរត់គេចខ្លួនមកភ្នំពេញ។

ប្រភពដដែលបន្តថា ស្របពេលនោះដែរ នៅក្នុងរថយន្តក្រុងនោះមានប៉ូលិសអន្តោប្រវេសន៍ម្នាក់ ធ្វើដំណើរតាមរថយន្ត ក៏ទាក់ទងតាមទូរស័ព្ទទៅសមត្ថកិច្ចនៅឯរាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ។ លុះមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃដដែល ខណៈដែលរថយន្តក្រុងឈប់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏ចុះពីលើរថយន្តក្រុង ហើយភ្លាមនោះ គ្រាន់តែក្រឡេកឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែជនសង្ស័យខាងលើបានព្យាយាមរត់គេចខ្លួន តែរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបាន បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំយកចម្លើយ។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពទាំងស្រវឹងថា រូបគេមិនបានសម្លាប់អ្នកណាទេ គឺខ្លួនស្រវឹងចេះតែនិយាយលេងអួតមិត្តភក្តិប៉ុណ្ណោះ ពោលគឺមិនបានសម្លាប់អ្នកណាទេ ហើយរូបគេធ្វើដំណើរតាមរថយន្តក្រុងនេះ មិនមែនក្នុងបំណងរត់គេចខ្លួនអីទេ គឺមានគោលដៅទៅភ្នំពេញ រួចឡើងរថយន្ត១គ្រឿងទៀត បន្តដំណើរទៅខេត្តព្រះសីហនុ ទៅធ្វើការងារសំណង់។

ទោះជាយ៉ាងណា នេះគ្រាន់តែពាក្យសម្តីអះអាងរបស់ជនសង្ស័យតែប៉ុណ្ណោះ ហើយពេលនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន សាកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីស្រាវជ្រាវរឿងបន្តទៀត៕

RELATED ARTICLES