ខេត្តកណ្តាល ៖ ហេតុការណ៍លិចទូកមួយ បានកើតឡើង ក្មេងប្រុសមួយក្រុមបាននាំគ្នាជិះទូកលេងកម្សាន្ត លុះទៅដល់កណ្តាលបឹង បានប្រលែងគ្នាលេង បណ្តាលឱ្យឃ្លោងទូក លិចចូលទៅក្នុងទឹក ធ្វើឱ្យក្មេងៗទាំងអស់នាំគ្នាហែលប្រវេប្រវារកកន្លែងមានសុវត្ថិភាពអស់ នៅសល់តែក្មេងប្រុសរងគ្រោះខាងលើ ដែលមិនចេះហែលទឹក បានលិចចូលទឹកបាត់ខ្លួន លង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបឹងត្បូង ស្ថិតក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។
ក្មេងប្រុសរងគ្រោះមានឈ្មោះហាក់ គឹមឈែ អាយុ១០ឆ្នាំ ជាសិស្ស មានលំនៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល មានម្តាយឈ្មោះលីន ឈួហ្គេក អាយុ៤៨ឆ្នាំ មុខរបរកសិករ។
ក្រោយកើតហេតុ ក្មេងៗជាមិត្តភក្តិដែលបានរួចរស់ជីវិត បានប្រញាប់រត់ចូលមកក្នុងភូមិហៅចាស់ៗឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើល នាំគ្នាចុះរាវរកក្មេងប្រុសរងគ្រោះ រហូតដល់វេលាម៉ោងជាង៣រសៀលថ្ងៃដដែល ទើបរកសាកសពក្មេងប្រុសរងគ្រោះឃើញ និងស្រង់ឡើងមកលើគោក ដឹកមកប្រគល់ឱ្យស្ត្រីជាម្តាយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕