ខេត្តតាកែវ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ បានកើតឡើង ដោយសារបុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ រួចក៏ចាប់ផ្តើមមកសុំលុយពីឪពុក (ជនរងគ្រោះ) បំណងយកទៅផឹកស៊ីបន្តទៀត តែជនរងគ្រោះជាឪពុកអត់មានលុយឱ្យ ក៏ធ្វើឱ្យជនបង្កផ្ទុះកំហឹង រករឿងឈ្លោះ រួចឈានដល់អំពើហិង្សា ទាញដងរែកវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យរយះកែងដៃស្តាំ និងត្រូវបានសាច់ញាតិ ដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព ដោយត្រូវក្រុមគ្រូពេទ្យដេរមុខរបួស ចំនួន៥ថ្នេរ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិតាកឹម ឃុំតាភេម ស្រុកត្រាំកក់។
ជនបង្កហេតុមានឈ្មោះសើ វេហា អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះ សើ រិន អាយុ ៦៤ឆ្នាំ មុខរបរកសិករ។ ឪពកកូនអ្នកទាំងពីរខាងលើ ស្នាក់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងបានឃាត់ខ្លួនជនបង្កហេតុជាកូនប្រុស នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច កូនប្រុសអកតញ្ញូខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានវាយឪពុកបង្កើត១ដងរែកប្រាកដមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក ណាមួយខឹងនឹងរឿង សុំលុយឪពុកមិនបាន ទើបជ្រុលដៃក្លាយជាអំពើហិង្សាបែបនេះតែម្តង។
ជនបង្កហេតុខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕