លោក Patrick Vieira គ្រូបង្វឹកក្លឹបបាល់ទាត់បារាំង Nice បានចេញបញ្ជាឱ្យកីឡាករខ្សែប្រយុទ្ធដែលសម្បូររឿងអាស្រូវ Bolotelli ចាកចេញពីទីលានហ្វឹកហាត់ទៅសម្រាកនៅផ្ទះ ហើយគិតពិចារណាអំពីអនាគតរបស់ខ្លួន។
នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីពុធ ទី០២ ខែមករា ឆ្នាំ ២០១៩។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី ត្រូវអស់កុងត្រាជាមួយក្លឹប Nice ត្រឹមដំណាច់រដូវកាលនេះ ហើយលោក Patrick Vieira នឹងបញ្ចប់កុងត្រារបស់គាត់។

អតីតកីឡាករខ្សែប្រយុទ្ធក្លឹប Man City បានបង្ហាញទង្រ់លេងគួរឱ្យចាប់អារម្មណ៍នៅជាមួយ Nice ដោយគ្រាប់បាល់បាន៤៤គ្រាប់ ក្នុងរយៈពេល២រដូវកាលដំបូង ប៉ុន្តែសម្រាប់ការបង្ហាញវត្តមាន១០ប្រកួតនៅរដូវកាលនេះ គាត់មិនទាន់រកគ្រាប់បញ្ចូលទីបានមួយគ្រាប់នៅឡើយទេ។
លោក Patrick Vieira ដែលធ្លាប់ជាមិត្តរួមក្រុមជាមួយខ្សែប្រយុទ្ធ Balotelli កាលលេងនៅក្លឹប Inter និង Man City បានខឹងសម្បាជាមួយនឹងអាកប្បកិរិយារបស់កីឡាកររូបនេះ។
Balotelli ត្រូវបានពិន័យម្តងរួចមកហើយ ដោយសារតែលោកត្រឡប់មកពីវិស្សមកាលយឺតពេល ហើយកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកមិនបានដាក់ឱ្យជាប់ជម្រើស១១នាក់ដំបូងទេ៕