Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអ៊ីតាលី បាត់ខ្លួន

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអ៊ីតាលី បាត់ខ្លួន

យោងតាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានថ្លែងប្រាប់សារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ ២០១៩ ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសអ៊ីតាលី បានបាត់ខ្លួន បន្ទាប់ពីលោកស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសទ្វីបអឺរ៉ុប មួយនេះ។

លោក Jo Song Gil ឯកអគ្គរដ្ឋទូត និងប្រពន្ធរបស់គាត់ បានបាត់ខ្លួន បន្ទាប់ពីចាកចេញពីស្ថានទូត ដោយពុំមានដំណឹង កាលពីដើមខែវិច្ឆិកា។ នេះបើយោងតាមលោក Kim Min Ki តំណាងរាស្ត្រកូរ៉េខាងត្បូង ដែលផ្តល់បទសម្ភាសន៍ខ្លីទៅឱ្យសេវាកម្មស៊ើបអង្កេតជាតិ។

(Photo : Sleekarena trading)

លោក Jo Song Gil ដែលជាឯកអគ្គរដ្ឋទូតស្តីទីប្រចាំទីក្រុងរ៉ូម ត្រូវបានគេដឹងថា ជាកូនប្រុស ឬជាកូនប្រសាប្រុសនឹងមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង។ លោកបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតស្តីទី កាលពីឆ្នាំ២០១៧ ជំនួសលោក Mun Jong Nam ដែលត្រូវបានបណ្តេញចេញ ដើម្បីជាការតវ៉ាប្រឆាំងជំទាស់ទៅនឹងទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធរឿងកម្មវិធីអាវុធនុយក្លេអ៊ែរ។

លោក Jo Song Gil វ័យ៤៨ឆ្នាំ បានដាក់ពាក្យសុំសិទ្ធិជ្រកកោនទៅប្រទេសលោកខាងលិច ដើម្បីសុវត្ថិភាព ជាមួយនឹងក្រុមគ្រួសាររបស់គាត់ ក្រោមកិច្ចការពារពីរដ្ឋាភិបាលអ៊ីតាលី៕

RELATED ARTICLES