យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ បាន ឱ្យដឹងថា លោកស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងថា នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅចុងខែនេះ លោកមានបំណងជំរុញឱ្យរុស្ស៊ី ចុះសន្ធិសញ្ញាសន្តិភាព ដែលបន្សល់មកពីសង្គ្រាមលោកលើកទី២ ពាក់ព័ន្ធទៅនឹងជម្លោះបូរណភាពដែនដីកោះ អស់រយៈជាច្រើនទសវត្សកន្លងមកហើយ។
លោកអាបេ បាននិយាយថា “ខ្ញុំនឹងទៅបំពេញទស្សនកិច្ចប្រទេសរុស្ស៊ី នៅចុងខែនេះ ហើយជំរុញឱ្យមានការពិភាក្សានៅលើសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសរុស្ស៊ី”។
លោកបានបន្តទៀតថា “អស់រយៈពេលជាង៧០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះគ្មានការរីកចម្រើនសោះ”។
លោកអាបេ ដែលបានឱ្យសញ្ញាថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សា នឹងជួបជាមួយលោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបប្រជុំកំពូលលើកទី២៥ ដើម្បីពិភាក្សាឆ្ពោះទៅរកការបញ្ចប់ការខ្វែងគំនិតគ្នាទៅលើបូរណភាពដែនដីកោះមួយចំនួន ដែលកាន់កាប់ដោយអតីតកងទ័ពសូវៀត នៅថ្ងៃចុងក្រោយនៃការបញ្ចប់សង្គ្រាមលោកលើកទី២។

នាយករដ្ឋមន្តីជ្រប៉ុន បានឱ្យដឹងទៀតថា “ខ្ញុំមិនចង់បន្សល់បញ្ហានេះដល់ក្មេងជំនាន់ក្រោយនោះទេ”។
កាលពីខែវិច្ឆិកា មេដឹកនាំប្រទេសទាំងពីរ បានជួបគ្នាម្តងរួចមកហើយ នៅក្នុងប្រទេសសិង្ហបុរី ដោយបានសន្យាថា នឹងបង្កើនល្បឿនចរចាគ្នាដោយផ្អែកទៅលើសេចក្តីថ្លែងការណ៍រួម កាលពីឆ្នាំ១៩៥៦។
សេចក្តីថ្លែងការណ៍រួមឆ្នាំ១៩៥៩ បានចែងថា ទីក្រុងមូស្គូបានយល់ព្រមផ្ទេរកោះតូចៗចំនួន២ មកឱ្យប្រទេសជប៉ុនវិញ ក្រោយពេលដែលសន្ធិសញ្ញាសន្តិភាពត្រូវបញ្ចប់៕