តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្លឹបបាល់ទាត់អង់គ្លេសឆេមពានស៊ីប Middlesbrough កំពុងចរចាជាមួយ John Mikel Obi អតីតកីឡាករក្លឹបChelsea ដែលកំពុងលេងឲ្យក្លឹបបាល់ទាត់ចិន Tianjin។
កីឡាករខ្សែបម្រើរូបនេះ ត្រូវផុតសុពលភាពជាមួយក្លឹបបាល់ទាត់ចិន នៅដំណាច់ខែនេះ។
កីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះ ដែលបានជួយក្រុមជម្រើសជាតិ ក្នុងការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅប្រទេសរុស្ស៊ី បានចំណាយពេល១១រដូវកាល នៅជាមួយ Chelsea មុនពេលដែលផ្ទេរទៅលេងនៅជាមួយក្លឹបបាល់ទាត់ចិន។

ក្រៅពីក្លឹប Middlesbrough កីឡាករវ័យ៣១ឆ្នាំរូបនេះ ក៏ត្រូវបានក្លឹប Crystal Palace ចាប់អារម្មណ៍ចង់បានផងដែរ។
កីឡាករ Mikel ធ្លាប់បង្ហាញវត្តមានឲ្យក្លឹប Chelsea បាន២៤៩ប្រកួត និងស៊ុតបាល់បាន១គ្រាប់ តែគាត់គឺជាផ្នែកមួយដែលជួយឲ្យ Chelsea ឈ្នះBayern ក្នុងការប្រកួតពានរង្វាន់យូហ្វាឆេមពានលីកឆ្នាំ ២០១២។
នៅជាមួយក្លឹបបាល់ទាត់ចិន ២ រដូវកាលស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន៣១ប្រកួត៕