Saturday, July 19, 2025
Homeព័ត៌មានជាតិប្រុសមកប្តឹងមិនទាន់បានប៉ុន្មានផង ស្រីមកប្តឹងទៀត ដោយសារអាគាត់នេះ

ប្រុសមកប្តឹងមិនទាន់បានប៉ុន្មានផង ស្រីមកប្តឹងទៀត ដោយសារអាគាត់នេះ

ភ្នំពេញ ៖ បុរសជើងខ្លាំងម្នាក់ ដែលតែងបង្កហិង្សានៅក្នុងមូលដ្ឋានជាញឹកញាប់ ដោយបានប្រើដំបងវាយយុវជនម្នាក់ បណ្តាលឱ្យរយះថ្ងាសរងរបួសធ្ងន់ មិនទាន់បានដោះស្រាយគ្នាផង ស្រាប់តែទៅវាយនារីវ័យក្មេងម្នាក់ទៀត បណ្តាលឱ្យរយះបបូរមាត់ទៀត លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង3និង30នាទីរសៀល ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យដែលបង្កហិង្សាដាក់គេឯងជាបន្តបន្ទាប់ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ឹង ឯលវិចិត្រ ភេទប្រុស អាយុ32ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ22B ផ្លូវបេតុង ភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង2នាក់ រួមមាន ទី1-ឈ្មោះ ឡេង សន្ថាបនា ភេទប្រុស អាយុ20ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ49 ផ្លូវបេតុង ភូមិសំណង់12 សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក (រងរបួសរយះថ្ងាសខាងស្តាំ និងហើមជាំប៉ោង) និងទី2-ឈ្មោះគង់ ស្រីនិះ ភេទស្រី អាយុ23ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន EMA ស្នាក់នៅផ្ទះលេខ 5E0 ផ្លូវបេតុង ភូមិសង្កាត់កើតហេតុខាងលើ (របួសដាច់រលាត់បបូរមាត់ខាងក្នុង)។

លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី09 ខែកុម្ភ³ ឆ្នាំ2019 វេលាម៉ោង5និង20នាទីល្ងាច ជនរងគ្រោះឈ្មោះឡេង សន្ថាបនា កំពុងឈរនៅលើផ្លូវបេតុង ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យខាលើ ដៃមានកាន់កំណាត់ឈើ បានដើរមកជិតជនរងគ្រោះ រួចបានយកកំណាត់ឈើនោះវាយជនរងគ្រោះឈ្មោះឡេង សន្ថាបនា បណ្តាលឱ្យត្រូវរបួសចំថ្ងាស រួចជនសង្ស័យបានរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា។ លុះមកដល់ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2019 វេលាម៉ោង6និង20នាទីព្រលប់ ជនរងគ្រោះឈ្មោះគង់ ស្រីនិះ កំពុងអង្គុយលេងនៅតាមផ្លូវបេតុង ក្នុងភូមិបុរីកម្មករ ស្រាប់តែជនសង្ស័យខាងលើ ដើរមកជិតជនរងគ្រោះឈ្មោះគង់ ស្រីនិះ រួចយកដៃរបស់ខ្លួនវាយត្រូវចំមាត់ជនរងគ្រោះឈ្មោះគង់ ស្រីនិះ បណ្តាលឱ្យរបួសចំបបូរមាត់ រួចជនសង្ស័យរត់គេចខ្លួន។ ភ្លាមនោះជនរងគ្រោះឈ្មោះគង់ ស្រីនិះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា។

លោកអធិការបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង2នាក់ខាងលើរួចមក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ រហូតមកដល់វេលាម៉ោង3និង30នាទីរសៀល ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2019 កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានល្បាតដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យដៃមានកាន់កាំបិត ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES