ភ្លើងឆេះយានដ្ឋាន អស់ឡាន៣គ្រឿង

ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្ត មួយកន្លែង ជាប្រភេទសំណង់ដែក ប្រក់ស័ង្កសី ទំហំ ២០x៣០ ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យឆេះរថយន្តអស់ចំនួន ០៣គ្រឿង បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ម្ចាស់ទីតាំងយានដ្ឋានរងគ្រោះ មានឈ្មោះ ញ៉ាន់ ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់រថយន្ត។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងយានដ្ឋាន ជាងកំពុងជួសជុលរថយន្ត ស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីរថយន្ត ចេញជាអណ្ដាតភ្លើង ក្រុមជាងបានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ តែមិនរលត់ ក៏ឆាបឆេះរាលដាលដល់រថយន្តផ្សេងទៀតយ៉ាងលឿន ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការនិងពន្លត់គ្រោះអគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់ទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកំពុងឆាបឆេះយានដ្ឋានជួសជុល រថយន្តមួយកន្លែង ភ្លាមៗនោះ លោកក៏បានបញ្ជារថយន្តពន្លត់អគ្គិភ័យ គ្រប់គោលដៅទាំងអស់ ដើម្បីចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ។

លោកនាយការិយាល័យ បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យ បានមកដល់ទីតាំងកើតហេតុចំនួន ៣០គ្រឿង ក្នុងនោះរថយន្តការិយាល័យអគ្គិភ័យ ចំនួន ២២គ្រឿង ប្រើប្រាស់ទឹកអស់ ២២រថយន្ត ស្មើនឹង ៨៨ម៉ែត្រគូប រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ០៦គ្រឿង ពុំបានប្រើប្រាស់ទឹក រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក ។ ប្រតិបត្តិការពន្លត់ចប់ នៅវេលាម៉ោង ១២:៣០នាទីព្រឹក ថ្ងៃដដែល។

ចំពោះការខូចខាត ឆេះរថយន្តអស់ចំនួន ០៣គ្រឿង រួមមាន ៖ ម៉ាកធុនត្រា ពណ៌ទឹកប្រាក់ ១គ្រឿង ម៉ាក lexus NX200t ពណ៌ប្រផេះ ០១គ្រឿង និងម៉ាក CRV ពណ៌ទឹកប៊ិក ០១គ្រឿង។ ចំណែកមូលហេតុ សមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីរថយន្ត បង្កជាអគ្គិភ័យតែម្តង៕