ជាងសំណង់ កាប់ម្ចាស់ផ្ទះ ៤ប៉័ងតោ

ខេត្តបាត់ដំបង ៖ ជាងសំណង់ម្នាក់ បានទទួលសាងសង់បន្ទប់ទឹកឱ្យបុរសម្នាក់ លុះធ្វើការងារមិនជាប់លាប់ ជួនធ្វើជួនអត់ ទុកចោល ទើបធ្វើឱ្យម្ចាស់ផ្ទះខឹង បញ្ឈប់ការងារមួយនេះ ស្រាប់តែបុរសជាជាងសំណង់ ផ្ទុះកំហឹង ក៏ទៅបង្ករឿងឈ្លោះជាមួយម្ចាស់ផ្ទះ រហូតទាញកាំបិតប៉័ងតោ កាប់ចិញ្ច្រាំទៅលើជនរងគ្រោះជាម្ចាស់ផ្ទះ ចំនួន ៤ប៉័ងតោ បណ្តាលឱ្យរងរបួសពេញខ្លួន និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅក្រុមទី០៨ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល។

ជនសង្ស័យដៃដល់ដែលកាប់ប្រហារជនរងគ្រោះជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ សេង សារុន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាជាងសំណង់ មានលំនៅ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះចាន់ សារ៉េត ភេទប្រុស អាយុ៦២ឆ្នាំ មានលំនៅ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង នៅចំណុចភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ដោយជនសង្ស័យឈ្មោះសេង សារុន បានប្រើប្រាស់កាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះចាន់ សារ៉េត ចំនួន ៤កាំបិត បណ្តាលឱ្យរងរបួសត្រង់ក្បាល ផ្នែកខាងលើ និងផ្នែកខាងក្រោយ លើខ្នងដៃខាងឆ្វេង និងកំភួនដៃខាងឆ្វេង។

លោកអធិការ បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាង ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយព័ត៌មាននេះបានដឹងដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន។

លោកអធិការ បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកបានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន និងដកហូតវត្ថុតាង កាំបិតប៉័ងតោ ផ្លែដែក ដងឈើ ចំនួន១ ដែលជនសង្ស័យប្រើប្រាស់ ក្នុងអំពើល្មើសនេះ រួចនាំមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកថ្មគោល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សា (កាប់ប្រហារ) ទៅលើជនរងគ្រោះប្រាកដមែន។ មូលហេតុដោយសារតែកន្លងមក ជនរងគ្រោះបានជួលរូបគេឱ្យទៅធ្វើសំណង់បន្ទប់ទឹក នៅផ្ទះរបស់គាត់ (ជនរងគ្រោះ)។ លុះក្រោយមក ជនរងគ្រោះ ក៏បានបញ្ឈប់លែងឱ្យខ្លួនធ្វើការងារនេះទៀត ទើបធ្វើឱ្យខ្លួនខឹងខ្លាំងពេក ក៏យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះបែបនេះតែម្តង។

យ៉ាងណា តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះពិតជាបានជួលជនសង្ស័យឱ្យមកធ្វើបន្ទប់ទឹកមែន តែដោយសារជនសង្ស័យជាមនុស្សខ្ជីខ្ជា ធ្វើការងារមិនជាប់លាប់ ជួនមកធ្វើ ជួនអត់ ស្រេចតែអំពើចិត្ត ទុកចោលការងារ មិនទទួលខុសត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះ សម្រេចបញ្ឈប់ការងារពីជនសង្ស័យតែម្តង មិននឹកស្មានថា ជនសង្ស័យរូបនេះចងគំនុំ ដល់ថ្នាក់យកកាំបិតមកកាប់ប្រហារជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់បែបនេះសោះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕