សម្តេចហ៊ុន សែន ចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្រ្តីជប៉ុន

តូក្យូ (ជប៉ុន) ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិ ជូនលោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនិងការថ្វាយកម្រងផ្កា ពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន និងមានការចូលរួមពីថ្នាក់ដឹកនាំ ជាប្រមុខរដ្ឋ-រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤៥០០នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ ដើម្បីលាគ្នាជាលើកចុងក្រោយ។

ជាគុណបំណាច់ចំពោះស្នាដៃនិងការចងចាំ លោកស៊ីនហ្សូ អាបេ ជាអ្នកនយោបាយអភិរក្សនិយម ដែលត្រូវបានគេចងចាំចំពោះសមិទ្ធផលគោលនយោបាយជាច្រើន ទាំងក្នុងនិងក្រៅប្រទេស ទាំងការដឹកនាំពិភពលោក និងទំនាក់ទំនងដ៏កក់ក្តៅ ដែលលោកបានកសាងជាមួយមេដឹកនាំពិភពលោក កាលពីអតីតកាលនិងបច្ចុប្បន្ន ។ លើសពីនោះ លោក អាបេ ក៏ត្រូវបានគេចងចាំថាជាបុគ្គលដែលខ្វាយខ្វល់អំពីសុខុមាលភាពប្រជាជន-កម្មករ ស្ថិរភាពសង្គម និងសន្តិសុខជាតិរបស់ជប៉ុន ជាដរាប បើទោះបីជាលោកពុំមែនជានាយករដ្ឋមន្ត្រី ក្នុងពេលដែលជីវិតរបស់លោក ត្រូវបានគេលួចធ្វើឃាតក៏ដោយ លោកនៅតែជាកម្លាំងនយោបាយដ៏សំខាន់មួយរូប នៅក្នុងប្រទេសជប៉ុន។ ប្រជាជនជប៉ុន ភាគច្រើន ដែលមកចូលរួមកាន់ទុក្ខលោកអាបេ គឺជាក្រុមយុវជនវ័យក្មេង ដែលទទួលបានការងារធ្វើដំបូង ដោយសារគោលនយោបាយសេដ្ឋកិច្ច ដែលមានឈ្មោះថា អាបេណូមិក (Abenomics) ។

នៅក្នុងអំឡុងពេលនៃការកាន់តំណែងក្នុងអាណត្តិទី២ ចាប់ពីចុងឆ្នាំ២០១២ ដល់ខែកញ្ញា ឆ្នាំ ២០២០ ក្នុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ជប៉ុន បានបង្កើតការងារថ្មី ប្រមាណ ៥លានកន្លែង ។ លើសពីនោះ លោកអាបេ គឺជាមិត្តភក្តិដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់កម្ពុជា ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ លោកអាបេ គឺជាមិត្តជាទីស្រលាញ់រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ។

សូមបញ្ជាក់ថា លោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាព កាលពីវេលាម៉ោង ១៥រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់ប្រហារមកលើរូបលោក ក្នុងឱកាសដែលរូបលោកអញ្ជើញថ្លែងក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា មរណភាពរបស់លោកស៊ីនហ្សូ អាបេ មិនគ្រាន់តែជាការបាត់បង់នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ តែជាការបាត់បង់នូវមិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេច ផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជា ផងដែរ។

កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់លោកស៊ីនហ្សូ អាបេ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ចក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេច ជារៀងរហូត។ ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេច បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកស៊ីនហ្សូ អាបេ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ នៅចំពោះមុខនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកស្រីស៊ីនហ្សូ អាបេ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពូជា និងគណៈប្រតិភូ បានសម្តែងនូវចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប លោកស៊ីនហ្សូ អាបេ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្តិជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា។

«នគរធំ» ក្នុងនាមប្រជាជនកម្ពុជា សូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ