អូស្ត្រាលី ជំរុញឱ្យមីយ៉ាន់ម៉ា ដោះលែងពលរដ្ឋរបស់ខ្លួនជាបន្ទាន់

រយៈពេលតែប៉ុន្មានម៉ោង បន្ទាប់ពីតុលាការរបបយោធាមីយ៉ាន់ម៉ា កាត់ទោសលោក Sean Turnell សេដ្ឋវិទូអូស្ត្រាលីនិងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រីអ៊ុងសានស៊ូជីឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ​រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះបានច្រានចោលការចោទប្រកាន់និងទាមទារឱ្យមានការដោះលែងជាបន្ទាន់។

នៅថ្ងៃព្រហស្បតិ៍នេះតុលាការមីយ៉ាម៉ាបានកាត់ទោសលោក Sean Turnell, លោកស្រីអ៊ុងសានសូជី

និងមនុស្សបីនាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំក្រោមបទចោទប្រកាន់រំលោភច្បាប់សម្ងាត់រដ្ឋ។

រដ្ឋមន្ត្រីការបរទេសលោកស្រី Penny Wong បានរិះគន់សេចក្តីសម្រេចប្រឆាំងនឹងលោក Turnell ដែលជាពលរដ្ឋអូស្ត្រាលី ដោយនិយាយថា គាត់ត្រូវបានកាត់ទោសនៅក្នុងតុលាការបិទទ្វារដែលគ្មានវត្តមានមន្ត្រីកុងស៊ុលចូលរួមស្តាប់សវនាកា។

លោកស្រី Penny Wong បាននិយាយថា ប្រទេសអូស្ត្រាលីនឹង តស៊ូមតិយ៉ាងខ្លាំងសម្រាប់ Turnell រហូតដល់គាត់បានត្រលប់ទៅគ្រួសាររបស់គាត់វិញ បន្ទាប់ពីអ្នកសិក្សារូបនេះត្រូវបានចាប់ដាក់គុកពីបទរំលោភច្បាប់ការសម្ងាត់ជាតិ។

លោកស្រីWongបាននិយាយថា ប្រទេសអូស្ត្រាលីបានជំទាស់នឹងការចោទប្រកាន់ក្នុងអំឡុងពេល១៩ខែដែលTurnellត្រូវបានឃុំឃាំងដោយអយុត្តិធម៌ដោយរបបយោធាមីយ៉ាន់ម៉ា។លោកស្រី​បាន​បន្ថែម​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បដិសេធ​ការ​សម្រេច​របស់​តុលាការ​ថ្ងៃ​នេះ… និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ជា​បន្ទាន់។ យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ បានឱ្យដឹងថា ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន មនុស្សជាង២២០០ នាក់ត្រូវបានសម្លាប់និង១៥០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការបង្រ្កាបដោយយោធាលើអ្នកប្រឆាំង៕