កូនស្រីរៀបការ៦ខែ បាត់ពីផ្ទះ ម៉ែឪប្តឹងប៉ូលិស

ខេត្តកំពង់ស្ពឺ ៖ នារីម្នាក់ ត្រូវបានអះអាងថា រៀបការបានប្រមាណ ៦ខែ ស្រាប់តែនៅសុខៗ បានចេញបាត់ពីផ្ទះ មិនឃើញ ត្រឡប់មកវិញ មិនដឹងថាទៅស្នាក់នៅឯណា ជាមួយអ្នកណា និងមានសុខទុក្ខយ៉ាងណា ជាហេតុធ្វើឱ្យក្រុមគ្រួសារ ឪពុកម្តាយ មានការភ័យព្រួយបារម្ភយ៉ាងខ្លាំង ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

នារីដែលបាត់ខ្លួននេះ មានឈ្មោះញាន រស្មី អាយុ២០ឆ្នាំ មានឪពុកឈ្មោះចឹក សុខុម ម្តាយឈ្មោះញ៉ឹម ស្រីមុំ និងមានលំនៅ ភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកគងពិសី បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឪពុកម្តាយបង្កើតរបស់នារីខាងលើ បានមកដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកកូនស្រីរបស់ពួកគាត់ ដែលបាត់ពីផ្ទះ អស់រយៈពេលជាច្រើនថ្ងៃមក ហើយ។

ប្រភពដដែល បានបន្តថា តាមការបញ្ជាក់ឱ្យដឹងពីឪពុកម្តាយ កូនស្រីរបស់គាត់ ឈ្មោះញាន រស្មី បានចេញបាត់ផ្ទះ តាំងពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ ដោយមិនដឹងពីមូលហេតុច្បាស់លាស់នោះឡើយ។ ក្នុងនាមឪពុកម្តាយ មានតែសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរក ម៉្យាងទៀតក៏សូមពឹងពាក់បងប្អូននៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ឱ្យជួយផងដែរ។ បើមានបងប្អូនណាបានឃើញនាងនៅកន្លែងណា សូមមេត្តាជួយផ្តល់ដំណឹងដល់ពួកគាត់ផង។

ដោយឡែកប្រភពមួយផ្សេងទៀត បានបង្ហើបថា យុវតីដែលបាត់ខ្លួនខាងលើ ទើបតែរៀបការបានជាង ៦ខែប៉ុណ្ណោះ ដោយប្តីរបស់នាង ធ្វើការនៅភ្នំពេញ តែការរស់នៅហាក់មិនសូវចុះសម្រុងនឹងគ្នានោះទេ។ ទំនងជាមិនពេញចិត្តនឹងជីវិតគ្រួសារដែលរស់នៅមិនចុះសម្រុងនេះ ហើយ ទើបនាងសម្រេចចិត្តចាកចេញពីផ្ទះ ហើយការចាកចេញទៅនេះ នាងមិនបានយកខោអាវ និងគ្រឿងអលង្ការទៅជាមួយឡើយ គឺទៅតែខ្លួនប៉ុណ្ណោះ។

ឪពុកម្តាយយុវតីខាងលើ បានទទូចដង្ហោយហៅកូនស្រី ឱ្យវិលមកផ្ទះវិញ បើទោះជាមានរឿងអ្វីកើតឡើង ក៏ពួកគាត់ជាឪពុកម្តាយ មិនប្រកាន់ទោសពៃរ៍នោះឡើយ៕