បង្ក្រាបទូកវៀតណាម ឆ្លងដែនចូលឆក់ត្រីខ្មែរ

ខេត្តស្វាយរៀង ៖ ក្រោយទទួលបានព័ត៌មានថា មានទូកនេសាទរបស់ជនជាតិវៀតណាម ១គ្រឿង បានឆ្លងដែនចូលមកឆក់ត្រី នៅក្នុងបឹងបាយ៉ាប ស្ថិតក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ (ទឹកដីកម្ពុជា) លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាឱ្យសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍ ចាត់វិធានការបង្ក្រាបភ្លាមៗ ដោយឃាត់បានទូកនេសាទ ១គ្រឿង ព្រមទាំងដកហូតឧបករណ៍ឆក់ត្រីខុសច្បាប់ មួយចំនួនផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោកហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងចម្រុះ ចុះល្បាតចល័ត និងត្រួតពិនិត្យ ដល់ទីតាំងព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់ស្រុកកំពង់រោទ៍ និងព្រំប្រទល់ព្រំដែនជាប់ប្រទេសវៀតណាម ក៏ប្រទះឃើញទូកនេសាទជនជាតិវៀតណាម ១គ្រឿង លួចឆ្លងដែនចូលមកឆក់ត្រី នៅព្រែកនៀល។ ភ្លាមៗនោះ ក្រុមការងារបានស្ទាក់ចាប់ឃាត់ទូកនេសាទវៀតណាម បាន ១គ្រឿង និងសម្ភារៈនេសាទខុសច្បាប់មួយចំនួន។

លោកហែម សារិទ្ធ បានថ្លែងថា រដ្ឋបាលស្រុក បានរៀបចំកម្លាំងល្បាត ដើម្បីឃ្លាំមើលជាប្រចាំនៅទីតាំងដែលជនជាតិវៀតណាម ឆ្លងដែនមកឆក់ត្រីខុសច្បាប់ លើព្រំដែនទឹកកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជួបទំនាក់ទំនងជាមួយភាគីយោធាព្រំដែនវៀតណាម ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយ ជុំវិញករណីខាងលើ និងបានសំណូមពរដល់ភាគីវៀតណាម  មិនត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់ខ្លួន ឆ្លងដែនចូលមកនេសាទត្រីខុសច្បាប់ នៅទឹកដីឃុំបាសាក់ បន្តទៀតនោះឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី លោកសូមអរគុណប្រជាពលរដ្ឋ និងអ្នកសាព័ត៌មានទាំងអស់ ដែលតែងតែផ្តល់ដំណឹងពីបញ្ហានានាក្នុងមូលដ្ឋាន ដើម្បីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ចាត់វិធានការដោះស្រាយទាន់ពេលវេលា ហើយជុំវិញករណីខាងលើ ជាលទ្ធផលកិច្ចសហប្រតិបត្តិការបង្ក្រាបបាន ១លើក ដកហូតបានទូកជ័រ ១គ្រឿង និងឧបករណ៍ឆក់ត្រី ចំនួន១គ្រឿង។

វត្ថុតាងខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ ដើម្បីដោះស្រាយតាមនីតិវិធី៕