កោះត្បាល់ ប្រគល់ឲ្យឧកញ៉ាទ្រី ភាព សហការីកឹម សុខា ថាបក្ខពួកនិយម គ្មានតម្លាភាព

ភ្នំពេញ ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រគល់កោះត្បាល់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកែប ឲ្យអ្នកឧកញ៉ាទ្រី ភាព ធ្វើការអភិវឌ្ឍ សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានរិះគន់ថា ធ្វើឡើងដោយគ្មានតម្លាភាព និងបក្ខពួកនិយម ។

          លោកហ៊ុន កុសល អតីតយុវជននៃអតីគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លោកទ្រី ភាព ល្បីល្បាញរឿងកាប់ឈើ ស្ទើរតែអស់នៅកម្ពុជា។ នៅពេលនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់ដីសម្បទាន ១០ហិកតារ នៅកោះត្បាល់ ដើម្បីអភិវឌ្ឍន៍។ នៅកម្ពុជា មានតែមនុស្សមួយក្រុមតូចដែលនៅជុំវិញអ្នកមានអំណាចប៉ុណ្ណោះ ទើបអាចទទួលសិទ្ធិអភិវឌ្ឍន៍នៅទីតាំងសំខាន់ៗ មិនថាអ្នកនោះមានប្រវត្តិអសោច បំផ្លាញទ្រព្យសម្បត្តិជាតិ និងធ្លាប់បង្កការឈឺចាប់ដល់ប្រជាពលរដ្ឋប៉ុនណាទេ ឲ្យតែជាមនុស្សរបស់ពួកគេ គឺសុទ្ធតែនៅក្នុងជម្រើសដំបូង ក្នុងការទទួលដីរដ្ឋ ដើម្បីទទួលសិទ្ធិធ្វើជំនួញ ដោយគ្មានតម្លាភាព“ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកហ៊ុន កុសល បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ថា ការដែលរាជរដ្ឋាភិបាល ប្រគល់កោះត្បាល់ ឲ្យឧកញ៉ាទ្រី ភាព ធ្វើការអភិវឌ្ឍនេះ មានន័យថា រាជរដ្ឋាភិបាល បានប្រគល់កោះនេះ ឲ្យទៅលោកទ្រី ភាព ធ្វើជាកម្មសិទ្ធិទៅហើយ ហើយការធ្វើជាកម្មសិទ្ធិនេះ វាអត់ស្របជាមួយគម្រោងអភិវឌ្ឍប្រទេសប្រកបដោយតម្លាភាព តែវាជាការអភិវឌ្ឍប្រកបដោយអំពើពុករលួយ ព្រោះទីតាំងសំខាន់ៗរបស់រដ្ឋ បើកាលណាប្រគល់ទៅឲ្យវិស័យឯកជនធ្វើការអភិវឌ្ឍ វាគួរដាក់ដេញថ្លៃ ចំពោះអ្នកជំនួញ ឬសេដ្ឋីរូបណាដែលមានទ្រព្យគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍនៅលើកោះនោះ ដើម្បីឲ្យអ្នកវិនិយោគិនសំខាន់ៗដទៃទៀតនោះ មានឱកាសចូលរួមអភិវឌ្ឍប្រទេស ក៏ដូចជាអភិវឌ្ឍកោះ ឬទីតាំងសំខាន់ៗនោះផង មិនមែនអភិវឌ្ឍសម្រាប់តែបក្ខពួកមួយក្ដាប់តូចទេ ។

          លោកហ៊ុន កុសល បានមានប្រសាសន៍ថា “ចំណុចនេះ ខ្ញុំចង់ចូលរួមបន្ថែមអ៊ីចេះទេ ត្រង់ថា ខ្ញុំតែងតែគាំទ្រនិងលើកទឹកចិត្តជានិច្ចនូវរាល់សកម្មភាពទាំងឡាយណាដែលនាំប្រទេសជាតិ ទៅរកការអភិវឌ្ឍ មិនថាតែវិស័យអ្វីក៏ដោយ ឲ្យតែមានការអភិវឌ្ឍដល់ប្រទេសជាតិ គឺជារឿងដែលខ្ញុំសាទរ ហើយត្រេកអរណាស់ ដោយសារការអភិវឌ្ឍនេះហើយ ដែលធ្វើឲ្យប្រជាជន មានការងារធ្វើ ហើយខ្ញុំចូលរួមជាមួយនឹងគណបក្សប្រឆាំងនេះ ក៏ដោយសារតែយើងសម្លឹងឃើញអំពីចំណុចសំខាន់ដែលចាំបាច់ត្រូវតែមាន គឺការអភិវឌ្ឍប្រទេសជាតិប្រកបដោយតម្លាភាព និងយុត្តិធម៌ ហើយយើងមើលឃើញសកម្មភាពដែលវាផ្ទុយជាមួយនឹងបំណងនៅក្នុងបំណងនិងការដឹកនាំប្រទេសរបស់ពួកយើង ដូចជាការគ្រប់គ្រងបញ្ហាអន្តោវេសន៍ មិនបានត្រឹមត្រូវ បញ្ហាពុករលួយ ការគាបសង្កត់ បង្កើតជម្លោះជាមួយប្រជាជន ជាមួយប្រជាពលរដ្ឋ ដោយអ្នកមានអំណាច ជាពិសេសចុងក្រោយនេះ គឺការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា វាផុសផុលខ្លាំងពេក ដែលជាកង្វល់ដ៏ធំរបស់ប្រជាជន ហើយបញ្ញាគ្រឿងញៀននេះ វាជ្រាបចូលមែនទែនទៅស្រទាប់សង្គមជាតិរបស់យើង ។ អាហ្នឹងហើយជាចំណុចសំខាន់ ដែលយើងខ្ញុំត្រូវចូលរួមធ្វើសកម្មភាពជាមួយគណបក្សប្រឆាំង ។ ជាមួយគ្នានេះផងដែរ ពាក់ព័ន្ធនឹងរឿងការអភិវឌ្ឍប្រទេសជាតិ គឺជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសជាតិ ក្រៅតែពីការដោះស្រាយបញ្ហាសង្គមជាតិ ទស្សននយោបាយអភិវឌ្ឍជាតិរបស់ពួកយើង គឺជាទស្សនៈស្នូលរបស់គណបក្សប្រឆាំង ។ អ្វីដែលយើងមើលឃើញ វាមិនមានយុត្តិធម៌នៅក្នុងការអភិវឌ្ឍប្រទេសនោះ គឺត្រង់ថា ការអភិវឌ្ឍប្រទេសដែលមានលក្ខណៈប្រកាន់បក្ខពួក សែស្រឡាយ ទាល់តែមនុស្សដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ទើបបានមានឱកាសនៅក្នុងការអភិវឌ្ឍនៅតំបន់សំខាន់ៗ ហើយអ្នកផ្សេងដែលគ្នាប្រកបរបរ ឬធ្វើជំនួញដោយមិនរណបជាមួយគណបក្សកាន់អំណាចនោះ គឺមិនដែលមានឱកាសល្អសម្រាប់បានទីតាំងសំខាន់ៗដើម្បីចូលរួមអភិវឌ្ឍ កសាងប្រទេសទេ ឬធ្វើពាណិជ្ជកម្មសម្រាប់ជាប្រយោជន៍ដល់មុខជំនួញរបស់ពួកគេផង ហើយក៏ជាប្រយោជន៍ដល់ប្រទេសជាតិផង» ។

          លោកហ៊ុន កុសល បានមានប្រសាសន៍បន្តថា “ហើយយើងដឹងទាំងអស់គ្នា នៅក្នុងការបញ្ជាក់របស់ខ្ញុំ ប្រជាជនខ្មែរ ដឹងហើយថា លោកទ្រី ភាព គឺជាឈ្មួញឈើ ជាអ្នកកាប់ឈើដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ហើយមានឱកាសបានមកកាន់កាប់កោះដ៏ធំមួយ ហើយក្រោមរូបភាពអភិវឌ្ឍ ។ ជាក់ស្ដែង កោះនេះ វាមានន័យថា គឺរដ្ឋាភិបាល ប្រគល់ឲ្យលោកទ្រី ភាព ធ្វើជាកម្មសិទ្ធិទៅហើយ ហើយការធ្វើជាកម្មសិទ្ធិនេះ វាអត់ស្របជាមួយគម្រោងអភិវឌ្ឍប្រទេស ប្រកបដោយតម្លាភាព ។ មែនទែន ទីតាំងសំខាន់ៗរបស់រដ្ឋអ៊ីចឹង ហើយបើកាលណាយើងប្រគល់ទៅឲ្យវិស័យឯកជន ធ្វើការអភិវឌ្ឍ វាគួរដាក់ដេញថ្លៃ ចំពោះអ្នកជំនួញ ឬសេដ្ឋីរូបណាដែលមានទ្រព្យគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍនៅលើកោះនោះ ត្រូវតែដាក់ដេញថ្លៃ ។ មិនថាតែបញ្ហាកោះត្បាល់ ដែលប្រគល់ឲ្យទី្រ ភាព ហ្នឹងទេ សូម្បីតែភ្នំបូកគោ កោះនានា ដែលកំពុងតែជាប់ជាមួយនឹងគម្រោងអភិវឌ្ឍរបស់ឧកញ៉ាដែលកំពុងនៅជុំវិញរបស់គណបក្សប្រជាជនហ្នឹង ត្រូវតែទាញយកមកវិញ ធ្វើការដាក់ដេញថ្លៃ ដើម្បីឲ្យវិនិយោគិនសំខាន់ៗដទៃទៀតមានឱកាសចូលរួមអភិវឌ្ឍប្រទេស ក៏ដូចជាអភិវឌ្ឍកោះហ្នឹងផង ឬទីតាំងសំខាន់ៗនោះផង មិនមែនតែយើងអភិវឌ្ឍសម្រាប់តែបក្ខពួកមួយក្ដាប់តូចប៉ុណ្ណឹង ។ ជាក់ស្ដែង នេះវាមិនមែនជាប្រយោជន៍អីធំដុំដល់ប្រជាជន ដល់ប្រទេសជាតិទេ ប្រយោជន៍ហ្នឹងច្បាស់ណាស់ គឺនឹងធ្លាក់ទៅនឹងបុគ្គល បក្ខពួកដែលមានអំណាច ហើយយើងអត់មានការធ្វើសវនកម្មណាមួយឲ្យច្បាស់លាស់ថា តើថវិកា គម្រោងទាំងអស់ហ្នឹង វាទៅយ៉ាងម៉េច ។ កម្ពុជាយើង មែនទែន ខ្ញុំមើលឃើញធ្វើអ្វីមួយមិនដែលមានភាពបើកចំហដោយទូលាយទេ ឲ្យប្រជាជនបានទទួលយកនូវគម្រោង ឬគោលនយោបាយរបស់ខ្លួនឲ្យបានអស់ពីចិត្តទេ ក្រៅតែពីធ្វើអ្វីដែលលាក់លៀម មានកំណួច លួចលាក់ធ្វើអំពើពុតត្បុត កេងបន្លំប្រជាជនហ្នឹងឯង ។ អាចំណុចហ្នឹងហើយ ដែលធ្វើឲ្យមានបញ្ហាជម្លោះ បញ្ហាការតវ៉ា បញ្ហាការលើកឡើងមិនចេះចប់មិនចេះហើយ ហើយវាជាបញ្ហាធ្វើឲ្យប្រជាជាតិខ្មែរ មិនមានទំនុកចិត្តគ្នា ដោយសារតែអាទង្វើមិនមានភាពច្បាស់លាស់ មិនមានតម្លាភាព មិនបើកចំហហ្នឹងឯង“ ។

          លោកហ៊ុន កុសល បានមានប្រសាសន៍បន្តទៀតថា “ការអភិវឌ្ឍនៅក្នុងប្រទេសយើងនេះ ភាគច្រើនធ្វើបែបលក្ខណៈស៊ុមគ្រលុំច្រើនជាងតម្លាភាព ។ បើធ្វើការអភិវឌ្ឍប្រទេសដោយមានតម្លាភាព វាមិនមានទំនាស់អីធំដុំទេ ពីព្រោះប្រជាជនខ្មែរ នឹងទទួលយកហើយ ហើយយើងឃើញទីតាំងអភិវឌ្ឍជាច្រើន ដែលមានលក្ខណៈស៊ុមគ្រលុំ ហើយខ្វះតម្លាភាព ។ កោះពេជ្រ ក្ដី បឹងតាមោក ក្ដី ឬទីតាំងលុបបឹង លុបទន្លេនានានៅក្នុងតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញក្ដី ឬទីតាំងដែលលោកឧកញ៉ាលី យ៉ុងផាត់ កំពុងតែទទួលគម្រោងអភិវឌ្ឍនៅម្ដុំស្ពានព្រែកព្នៅ ឬនៅចុងស្ពានលី យ៉ុងផាត់ ខាងកើតនោះ គឺវាអត់មានការបង្ហាញអី្វឲ្យមានភាពជាក់លាក់ ។ អាចំណុចហ្នឹងហើយដែលជាបញ្ហាដ៏ធំ ។ ជាក់ស្ដែងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ វាត្រូវតែមានស្ថាប័នឯករាជ្យ ចូលរួមឲ្យដឹងឮច្បាស់លាស់ បង្ហាញទិន្នន័យ ធ្វើតួលេខ បង្ហាញតម្លាភាពដល់ប្រជាពលរដ្ឋ ដោយមានអង្គភាពដែលច្បាស់លាស់ ។ នៅក្នុងប្រទេសយើង សវនកម្មជាតិ វាគួរតែដើរតួនាទីសំខាន់ក្រៅពីតំណាងរាស្រ្ត ។ ជាក់ស្ដែងអាទីតាំងអភិវឌ្ឍសំខាន់ៗបែបនេះ បើនៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គេជជែកដេញដោលគ្នាយ៉ាងតឹងមាត់តឹងក នៅក្នុងសភា ទម្រាំឈានដល់ការអនុម័ត ដើម្បីផ្ដល់ដីរបស់រដ្ឋទៅលើបុគ្គលណាម្នាក់នោះ គេមិនមែនធ្វើនៅក្នុងបែបសម្ងាត់ បែបស៊ុមគ្រលុំ គ្មានតម្លាភាពអ៊ីចឹងទេ ។ អាហ្នឹងហើយដែលជាហេតុផលមួយធ្វើឲ្យប្រជាជនខ្មែរ មិនអាចទទួលយកបានទេ កុំថាឡើយប្រជាជនខ្មែរ ខ្ញុំក៏មិនអាចទទួលយកបានដូចគ្នា ព្រោះដឹងថា ដីរដ្ឋទាំងអស់ ជាកម្មសិទ្ធិរបស់ជាតិ ហើយជាតិហ្នឹង គឺប្រជាជនខ្មែរហ្នឹង មានន័យថា ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាហ្នឹងហើយ មិនមែនជារបស់អស់លោកឧកញ៉ា អ្នកមានទ្រព្យធនណា ឬអ្នកមានអំណាចណា តែមួយគ្រួសារ មួយបក្ស មួយពួក មួយក្រុមតូចអ៊ីចឹងទេ គឺជារបស់ប្រជាជនខ្មែរទាំងអស់គ្នា ។ ដូច្នេះបើកាលណាជារបស់ប្រជាជនខ្មែរទាំងអស់គ្នា វាត្រូវតែបង្ហាញតម្លាភាព មិនមែនអាចខ្លួនឯងមានអំណាច ធ្វើអីតាមតែទំនើងចិត្តរបស់ខ្លួនអ៊ីចឹងទេ ។ អាហ្នឹងវាមិនមែនជាអភិវឌ្ឍប្រកបដោយតម្លាភាពទេ វាជាការអភិវឌ្ឍប្រកបដោយអំពើពុករលួយទៅវិញ“ ។

          គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីអនុញ្ញាតឲ្យអ្នកឧកញ៉ា ទ្រី ភាព តាមរយៈក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” ដើម្បីអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្បែរកោះទន្សាយ ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង បន្ទាប់ពីក្រុមការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងមន្ត្រីរបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានចុះទៅពិនិត្យកោះត្បាល់ បន្ទាប់ពីមានការស្នើសុំវិនិយោគអភិវឌ្ឍន៍ពីក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD របស់អ្នកឧកញ៉ា ទ្រី ភាព ។

          ក្នុងចំណោមកោះ ចំនួន១២ និងថ្មប៉ប្រះទឹក១ នៅខេត្តកែប កោះត្បាល់ ជាកោះធម្មជាតិមួយ ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និងធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។ កោះត្បាល់ ក៏នៅជាប់នឹងកោះទន្សាយ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ ១,៥គីឡូម៉ែត្រប៉ុណ្ណោះ ។

          គួរបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព ដែលទទួលបានការយល់ព្រមពីរដ្ឋាភិបាល វិនិយោគលើកោះទន្សាយ និងកោះត្បាល់ ដើម្បីប្រែក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏បានផ្តល់សិទ្ធិវិនិយោគកោះ ចំនួន៣ នៅក្នុងដែនសមុទ្រខេត្តកែប ឲ្យក្រុមហ៊ុន SAMANEA CO., LTD គឺកោះស្វាយ កោះម្ទេស និងកោះកុក ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ក្នុងទុនវិនិយោគប្រមាណ ១៨.២លានដុល្លារអាមេរិក ។

          លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប ថ្លែងឱ្យដឹងថា តាមរយៈការសហការគ្នារវាងវិស័យរដ្ឋនិងឯកជន ក្នុងការអភិវឌ្ឍន៍នៅខេត្តកែប ពិតណាស់នឹងជះឥទ្ធិពលជាវិជ្ជមាន សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ សំដៅកាត់បន្ថយការចំណាកស្រុក ដូចនេះការធ្វើឲ្យគម្រោងលេចចេញជារូបរាងឡើង គឺជារឿងដែលត្រូវខិតខំបន្ត ។

          ចំណែកនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាល បានចុះកិច្ចសន្យាប្រគល់កោះ និងឆ្នេរចំនួន ១៩ទីតាំង ក្នុងចំណោមកោះ ទាំង ៣២ ឱ្យក្រុមហ៊ុនឯកជនវិនិយោគ អភិវឌ្ឍន៍ទៅជារមណីយដ្ឋាន ដើម្បីរួមចំណែកទាក់ទាញទេសចរណ៍និងវិនិយោគកាន់តែច្រើនថែមទៀត ។

          ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោកតុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទេសចរណ៍កម្ពុជាផ្តោតលើវប្បធម៌និងធម្មជាតិ។ ជាមួយគ្នានេះ ការអភិវឌ្ឍតាមកោះ ក៏ត្រូវបានយកចិត្តទុកដាក់ សម្រាប់ជាគោលដៅអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ពោលគឺក្នុងចំណោមកោះ ជាច្រើននោះ កោះដែលជាគោលដៅទេសចរណ៍សំខាន់ៗជាង ៦០ភាគរយ  ស្ថិតនៅតាមខេត្ត ជាប់សមុទ្រ ចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកែប និងខេត្តកំពត បានទទួលការវិនិយោគ និងបានប្រែក្លាយជាកន្លែងសម្រាកលម្ហែកាយដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ៕ កុលបុត្រ