វ៉ៃខ្នោះយុវជនម្នាក់ ពាក់ព័ន្ធករណីវ៉ៃប្លន់

ខេត្តកំពង់ឆ្នាំង ៖ ជនត្រូវចោទម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រុកកំពង់ត្រឡាច ធ្វើការឃាត់ខ្លួនតាមដីកា ពាក់ព័ន្ធករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា (ប្លន់)។

ការឃាត់ខ្លួនជនត្រូវចោទខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុច ក្នុងព្រៃក្រោយផ្ទះជនត្រូវចោទ ស្ថិតក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។

ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ីម អុលរ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រត្តិបត្តិការ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើតាមការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ១៦០/២២ របស់លោកសោម វីរៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ជាប់ចោទពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា។

ក្រោយឃាត់ខ្លួន ជនត្រូវចោទ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕