ហេតុអ្វីគេងមិនលក់ ​?

ការគេងមិនលក់ ធ្វើឱ្យប៉ះពាល់ដោយផ្ទាល់ចំពោះសុខភាព នាំឱ្យរាងកាយមិនអាចស្តារឡើងវិញបាន។ រីឯការគេងលង់លក់ គឺជាដំណើរធម្មជាតិ ដើម្បីស្តារកម្លាំង និងស្តារនូវសភាពហត់នឿយ ឱ្យមកប្រក្រតីវិញ…។

មូលហេតុនៃការគេងមិនលក់ ៖

– ជាភាពខុសប្រក្រតីរបស់អ្នកនោះ ដូចជា ធ្លាប់គេងមិនលក់មួយរយៈ ក៏បារម្ភថា យប់នេះនឹងគេងមិនលក់ទៀត ឬមានអាការគេងមិនលក់ ដោយមិនដឹងមូលហេតុ ឬអាចពាក់ព័ន្ធនឹងការគេងស្រមុកខ្លះ។

– កើតពីភាពខុសប្រក្រតីពីខាងក្រៅ ដូចជា កើតមានរឿងរ៉ាវធ្វើឱ្យពិបាកចិត្ត ទីកន្លែងគេងមិនល្អ ឬពាក់ព័ន្ធនឹងការញៀនថ្នាំ ញៀនសារធាតុមួយចំនួន ដូចជា ស្រា ឬថ្នាំងងុយគេង ជាដើម។

– ជាអាការមួយនៃជំងឺផ្លូវចិត្តឬជំងឺផ្លូវកាយ ដូចជា ជំងឺវិកលចរិត ជំងឺក្រៀមក្រំ ដែលមានអាការអស់សង្ឃឹម ធុញទ្រាន់នឹងជីវិត ធុញអាហារ ការចងចាំមិនសូវល្អ អស់កម្លាំង ជំងឺសួត ឬជំងឺខ្សោយខួរក្បាល ជាដើម។

ប្រភេទនៃជំងឺគេងមិនលក់ ៖

– គេងមិនលក់បែបបណ្តោះអាសន្ន ៖ ជាការគេងមិនលក់យូរថ្ងៃ តែមិនដល់ច្រើនសប្តាហ៍ទេ។ ភាគច្រើនជាការតានតឹងអារម្មណ៍ ឬការខ្វល់ខ្វាយ ចំពោះហេតុការណ៍ណាមួយ ដូចជា ឈ្លោះគ្នាជាមួយមិត្តភក្តិឬជាមួយសង្សារ មានបញ្ហានៅកន្លែងធ្វើការ ជិតដល់ថ្ងៃប្រឡង ឬថ្ងៃសំខាន់ណាមួយ ជាដើម។

– គេងមិនលក់រយៈពេលយូរជាប់ៗគ្នា ៖ អាចច្រើនសប្តាហ៍ ភាគច្រើនបណ្តាលមកពីការពិបាកចិត្ត ឬហេតុការណ៍ធ្ងន់ធ្ងរ ដូចជា ភាពអត់ការងារធ្វើបញ្ហាសេដ្ឋកិច្ច រួមទាំងបញ្ហាគ្រួសារ។

– គេងមិនលក់រ៉ាំរ៉ៃ ៖ អាចច្រើនខែឬច្រើនឆ្នាំ។ មូលហេតុដែលកើតមានបែបនេះ មានសភាពស្មុគស្មាញច្រើន។

ការព្យាបាលអាការគេងមិនលក់ ៖

១-ត្រូវរកមូលហេតុនិងកែខៃ ៖ បើឈឺថ្កាត់ដោយជំងឺផ្លូវកាយ ឬជំងឺផ្លូវចិត្ត ត្រូវព្យាបាលជំងឺទាំងនោះឱ្យបានធូរស្រាលសិន ដោយអាចប្រើថ្នាំងងុយគេងជាជំនួយរយៈពេលដំបូង។

២-រៀបចំកន្លែងគេងឱ្យបានល្អ ដូចជា ៖
– រៀបចំបន្ទប់គេងឱ្យសមស្របនឹងការគេង ដោយមិនក្តៅពេក មិនត្រជាក់ពេក មិនឱ្យមានសំឡេងខ្លាំងពេក គួរមានបរិយាកាសស្ងប់ស្ងាត់ ឬអាច មានសំឡេងតន្ត្រីតិចៗកំដរផង ជាដើម។

– ប្រើសម្រាប់តែការគេង មិនប្រើបន្ទប់គេងធ្វើកិច្ចការផ្សេងៗឡើយ ដូចជា ពិសាអាហារ លេងហ្គេម ឬ ធ្វើការងារជាដើម។

– ពិសាទឹកដោះគោក្តៅឧណ្ហៗ១កែវ ឬទទួលទានចេក១ផ្លែ ក៏អាចជួយឱ្យ គេងលក់បានដែរ។

– ចៀសវាងភេសជ្ជៈជំរុញខួរក្បាល ដូចជា តែ កាហ្វេ ទឹកក្រូចហ្គាស ភេសជ្ជៈប៉ូវកម្លាំងពេលរសៀល ពេលល្ងាច ឬមុនពេលគេង។

– ចៀសវាងពិសាស្រា ស្រាបៀរ ឬស្រាផ្លែឈើរាល់ថ្ងៃ ព្រោះមានសារធាតុគីមី ដែលជំរុញឱ្យខួរក្បាលគេងមិនលក់ ឬគេងមិនស្កប់ ករណីពិសារយៈពេល យូរខែយូរឆ្នាំមកហើយ។

– គួរហាត់ប្រាណជាប្រចាំនៅពេលព្រឹក មួយសប្តាហ៍ ៣-៤ថ្ងៃ មួយថ្ងៃ ២០-៣០នាទី នឹងជួយឱ្យសុខភាពរាងកាយរឹងមាំ គេងលក់ស្រួលនៅពេលយប់។

– គួរភ្ញាក់ពីគេងឱ្យទៀងពេលរាល់ថ្ងៃ ទោះបីថ្ងៃឈប់សម្រាកក្តី នឹងជួយឱ្យដំណើរការនៃការគេងប្រព្រឹត្តទៅជាប្រក្រតី។

– ចៀសវាងមើលភាពយន្តឬទូរទស្សន៍ ឬលេងហ្គេម ដែលមានភាពរំភើប រំជើបរំជួលខ្លាំង មុនពេលគេង និងកុំពិសាទឹកច្រើននៅពេលល្ងាច ដើម្បីកុំឱ្យពិបាកក្រោកទៅបន្ទប់ទឹកពេលយប់។

– អ្នកដែលខឹងនឹងខ្លួនឯងគេងមិនលក់ មិនគួរប្រឹងធ្មេចភ្នែកតទៅទៀតទេ គួរក្រោកឡើងធ្វើអ្វីផ្សេង ដូចជា អានសៀវភៅ មិនគួរធ្វើអ្វីដែលនាំឱ្យភ្នែកភ្លឺពេកទេ។ បើមានអារម្មណ៍ងងុយ សឹមចូលគេងវិញ។ បើចេះតែភ្ញាក់ឡើងមក មើលនាឡិកា គួរយកនាឡិកាទុកនៅកន្លែងផ្សេង។

៣-ឱសថងងុយគេង ៖ គួរពិសាត្រឹមរយៈពេលខ្លី មិនគួរប្រើលើសពី ២-៦ សប្តាហ៍ឡើយ ព្រោះអាចបណ្តាលឱ្យញៀន ឬអាចត្រូវពឹងឱសថនោះរហូត។

អាហារជួយឱ្យគេងលក់ ៖

១-ពិសាភេសជ្ជៈក្តៅឧណ្ហៗមុនពេលគេង ដូចជា អូវ៉ាន់ទីនឬមីឡូ ( ដាក់ស្ករតិច )។

២-ពិសា តែរុក្ខជាតិឱសថ ដូចជា តែខាម៉ូម៉ាយល៍ ទឹកព្នៅ ទឹកកិកហួយ ជាដើម ( លើកលែងអ្នកនោមញឹក អាចធ្វើឱ្យភ្ញាក់កណ្តាលអធ្រាត្រ )។

៣-ទឹកដោះគោប្រភេទផ្អែម នាំឱ្យឆាប់គេងលក់ ព្រោះជាតិស្ករជួយឱ្យកោសិកាខួរក្បាលបឺតស្រូបអាស៊ីដអាមីណូ ទ្រីបតូហ្វាន ពីចរន្តឈាមបំប្លែងជាសេរ៉ូថូនីន ជួយឱ្យមានអាការធូរស្រាល។

៤-អាហារប្រភេទម្សៅ មានលក្ខណៈស្រដៀងឱសថរម្ងាប់ការខ្វាយខ្វល់ ឬធ្វើឱ្យគ្លុយកូសក្នុងចរន្តឈាមឡើងខ្ពស់ ជំរុញឱ្យមានការបញ្ចោញជាតិសេរ៉ូថូនីន។

៥-ទឹកឃ្មុំ ត្រូវបានគេយកមកប្រើជាឱសថរម្ងាប់សរសៃប្រសាទប្រភេទស្រាលជាយូរមកហើយ។ គួរឆុងទឹកឃ្មុំតិចតួច លាយទឹកដោះគោក្តៅឧណ្ហៗ ឬតែរុក្ខជាតិឱសថពិសា ក៏អាចជួយបាន ៕