Loading...

គម្រោង​ផ្សារ​Aeon ទី2 ពន្លឿន​តំបន់​ជុំវិញ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 6:49 am

មកដល់ពេលនេះគម្រោងផ្សារទំនើបអ៊ីអនទី២នៅតំបន់បឹងប៉ាយ៉ាបកាន់តែសម្រុកការសាងសង់អោយលេចរូបរាង។ ផែនការកំណត់ផ្សារនេះ នឹងបើកដំណើរការអោយបានមុនដំណាច់ឆ្នាំ២០១៨ ប៉ុន្តែអ្វីដែលគេកត់សម្គាល់គឺតំបន់ជុំវិញមានគម្រោងថ្មីៗត្រូវបានពន្លឿនយ៉ាងលឿនស្លេវជាងនឹងទៅទៀត ដោយសារតែម្ចាស់ដីទំនេរ បានប្រែក្លាយតំបន់ទាំងមូលអោយក្លាយជាបុរី និងជាតំបន់ពាណិជ្ជកម្មដាច់ឆ្ងាយពីមុន។

ផ្សារទំនើប Aeon ទី2គឺជាគម្រោងដ៏ទាក់ទាញមួយក្នុងគម្រោងបង្កើតទីក្រុងថ្មីនៅតំបន់ពោងពាយ ជាយទឹកដីភ្នំពេញថ្មី ដែលរួមសហការដោយក្រុមហ៊ុនដ៏ធំរបស់ជប៉ុន និងក្រុមហ៊ុនLYP Group របស់លោកលី យ៉ុងផាត់ នៅភាគពាយព្យភ្នំពេញជាប់ទីក្រុងរណបខេមកូស៊ីធី។ គម្រោងនេះត្រូវគេមើលឃើញបានក្លាយជាចលករជួយអោយតំបន់ដែលធ្លាប់ហ៊ុមព័ទ្ធដោយផ្ទៃបឹង និងដីស្រែ ហើយមិនមានអ្នកចាប់អារម្មណ៍រស់នៅ ក្លាយជាទីអភិវឌ្ឍន៏យ៉ាងឆាប់រហ័សគួរអោយភ្ញាក់ផ្អើល។ តម្លៃដីដែលធ្លាប់តែដាក់លក់មួយការ៉េ២៣ដុល្លារ ឬលក់ជាឡូតិ៍ក្នុងតម្លៃទាប បានឈានដល់រាប់រយដុល្លារក្នុងមួយការ៉េ ហើយសឹងមិនមានដីនៅសល់ដើម្បីលក់នោះ ផង ដោយសារតែដីនៅក្នុងតំបន់នោះត្រូវបានកាន់កាប់ដោយក្រុមអ្នកមានធំៗ ហើយម្ចាស់ដីទាំងនោះសុទ្ធតែបានប្រកាសពីគម្រោងវិនិយោគរបស់ខ្លួនអមផ្សារទំនើបអ៊ីអនទី២។

ក្រឡេកទៅកាន់២ ឬ៣ឆ្នាំមុន នឹងក្នុងរយៈពេលចុងក្រោយ គេនឹងឃើញសភាពខុសប្លែកដាច់ឆ្ងាយ ដោយសូម្បីតែម្ចាស់ដីតូចៗនៅក្នុងតំបន់នោះ ក៏បានចំណាយទុនសាងសង់ជាផ្ទះល្វែង ជាកន្លែងលក់ដូរធំដុំ និងជាផ្ទះជួលជាដើម ដែលជួយពន្លឿនគម្រោងនៅជុំវិញទីតាំងផ្សារទំនើបអ៊ីអនទី២ អោយមានសភាពប្រែប្រួល។ បុរីសំខាន់ៗរួមមានបុរីជីបម៉ុង បុរីឯកជនផ្សេងៗ និងក្រសួងមន្ទីរមួយចំនួនក៏រត់ទៅបោះទីតាំងនៅក្នុងតំបន់នោះ ដែលកាន់តែជួយអោយគម្រោងផ្សារល្បីឈ្មោះមួយនេះ ទទួលបានការចាប់អារម្មណ៍។ មានការវិភាគថាមុនការដំណើរផ្សារទំនើបអ៊ីអនទី២ បរិវេណជុំវិញនឹងប្រែក្លាយជាតំបន់សេដ្ឋកិច្ច  និងមានមនុស្សរស់នៅកុះកររួចបាត់ទៅហើយ ដោយសារតែក្នុងពេលនេះ ទាំងផ្លូវឆ្លងកាត់ និងតំបន់ជុំវិញសុទ្ធតែបានសម្រុកសាងសង់ មិនថាដីធំៗរបស់ក្រុមហ៊ុន និងដីទំនេររបស់ឯកជនតូចៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ គម្រោងវិនិយោគដែលបោះជំហានលឿនស្លេវនៅតំបន់ផ្សារទំនើបអ៊ីអន ក៏ធ្វើអោយមានចំណាប់អារម្មណ៍កាន់តែច្រើនពីសំណាក់ម្ចាស់ក្រុមហ៊ុនធំៗដែលចង់បោះទុននៅភាគពាយព្យទឹកដីភ្នំពេញនេះផងដែរ។

ព័ត៌មានបន្ថែមសូមមើលលើទំព័រកាសែត នគរធំ