Friday, July 4, 2025
Homeសេដ្ឋកិច្ចជាតិកម្ពុជា នាំចេញអង្ករ ៤០ម៉ឺនតោន ២៨៣លានដុល្លារ ៦ខែ ឆ្នាំ២០២៥

កម្ពុជា នាំចេញអង្ករ ៤០ម៉ឺនតោន ២៨៣លានដុល្លារ ៦ខែ ឆ្នាំ២០២៥

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣,៤១លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា ការនាំចេញអង្ករបានចំនួន ៣៨៧ ០៧០តោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨២ ៨៨៥តោន គិតជាទឹកប្រាក់ ចំនួន ១៤៣,៦៤លានដុល្លារ។ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩តោន គិតជាទឹកប្រាក់ចំនួន ៦០,២៥លានដុល្លារ។ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៧ប្រទេស បានបរិមាណចំនួន ៥២ ៨៩០តោន គិតជាទឹកប្រាក់ចំនួន ៣៧,០៩លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀត មានអាហ្វ្រិក  មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូវហ្សេឡែន ៘ បានចំនួន   ៤៨ ៧៨៥តោន គិតជាទឹកប្រាក់ចំនួន  ៤២,៤២លានដុល្លារ។

ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូប ចំនួន ៧៥ភាគរយ ប្រភេទអង្ករសគ្រាប់វែង ១៩,៦៨ភាគរយ អង្ករ ចំហុយ ២,៤៩ភាគរយ អង្ករសរីរាង្គ ចំនួន ២,១៣ភាគរយ  និងអង្ករផ្សេងៗ ចំនួន ០,៧ភាគរយ ។

ជាមួយនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវ ចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ ប្រមាណ ៧៥៧,៤៩ លានដុល្លារផងដែរ៕

RELATED ARTICLES