Loading...

ចូល​ផឹក​ស៊ី​ក្នុង​ហាង​រាត្រី​ជួប​ស្នេហ៍​ឈ្លោះ​ប្រកែក​គ្នា​ដេញ​វាយ​សន្លប់​២​នាក់​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:15 am

ភ្នំពេញ ៖ យុវជន២នាក់បែកមុខបែកមាត់សន្លប់ស្តូកស្តឹងត្រូវបានអ្នកឃើញហេតុការណ៍អះអាងថា ចូលផឹកស៊ីនៅក្នុងភោជនីយដ្ឋាន រាត្រីជួបស្នេហ៍ ទាស់សម្តីគ្នាត្រូវជនមួយក្រុមទៀតរត់ដេញវាយចេញពីក្នុងហាងមកដេកដួលសន្លប់តាមផ្លូវបេតុងមុខហាងលក់គ្រឿងក្លែមយីហោ រាត្រីជួបស្នេហ៍ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ បង្ក
អោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែកក្តដា ។

ជនរងគ្រោះមានគ្នា៣នាក់របួសធ្ងន់២នាក់ រត់រួចខ្លួនម្នាក់ ដែលអ្នករងគ្រោះទី១.ឈ្មោះ អុល វារះ ភេទប្រុស អាយុ២០ឆ្នាំ ធ្វើការនៅក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណទេ ។ ចំណែកជនដៃដល់មានគ្នា៥ទៅ៦នាក់ មិនស្គាល់អត្តសញ្ញាណទេ ។

សាក្សីនៅក្បែរកន្លែងកើតហេតុដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា៣នាក់រត់ចេញពីក្នុងហាងផឹកស៊ីយីហោរាត្រីជួបស្នេហ៍ ដោយមានយុវជនមួយក្រុមទៀតមានគ្នា៥ទៅ៦នាក់បានរត់ដេញតាមពីក្រោយប្រដាប់ដោយដំបង និងដុំថ្ម បានស្រែកថាវាយវាឲ្យងាប់ ខណៈពេលរត់ចេញបានប្រមាណ១០ម៉ែត្រ ក៏ត្រូវក្រុមជនដៃដល់ដែលដេញតាមពីក្រោយនោះតាមទាន់ និងវាយសំពងដោយដំបង បែកក្បាលសន្លប់២នាក់ រីឯជនរងគ្រោះម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ចំណែកជនដៃដល់បន្ទាប់ពីវាយជនរងគ្រោះដេកដួលសន្លប់២នាក់ហើយបាននាំគ្នារត់ឡើងជិះរ៉ឺម៉កម៉ូតូគេចខ្លួនបាត់ស្រមោល ។

ជនរងគ្រោះសន្លប់ស្ដូក កណ្ដាលផ្លូវ !
ជនរងគ្រោះសន្លប់ស្ដូក កណ្ដាលផ្លូវ !

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចមានទាំងអាវុធហត្ថនិងនគរបាលបានចុះទៅដល់កន្លែង កើតហេតុហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរួច រាល់ហើយ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថាជនរងគ្រោះនិងជនដៃដល់រត់ ចេញពីក្នុងហាងរាត្រីជួបស្នេហ៍មក ពេលនោះសមត្ថកិច្ចបានចូលទៅក្នុងហាងរាត្រីជួបស្នេហ៍ជួបជាមួយថៅកែក្នុងគោលបំណងសុំឆែកមើលកាំម៉ារ៉ាសុវត្ថិភាពរបស់ថៅកែហាង តែមិនដឹងជាយ៉ាងម៉េចទេ សមត្ថកិច្ចដើរចេញមកវិញបានប្រាប់ទៅប្រជាពលរដ្ឋដែលរង់ចាំ មើលហេតុការណ៍ខាងលើនេះថា ម្ចាស់ហាងភ្លេចលេខសំងាត់របស់កាំម៉ារ៉ាសុវត្ថិភាពហើយ ចាំស្អែកទើបឆែកបាន ។

តាមសំដីរបស់ម្ចាស់ហាងវិញបានបដិសេធថា ការវាយតប់គ្នារហូតមានមនុស្សរបួសធ្ងន់នេះ មិនមានពាក់ពន្ធ័ដល់ហាងគាត់ទេ គឺក្រុមទាំងនោះមិនដឹងរត់មកពីណាទេ មកវាយគ្នានៅក្បែរហាងរបស់គាត់ ។

ប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានអោយដឹងទៀតថា ហាងខាងលើនេះឧស្សាហ៍មានគេវាយគ្នាណាស់ មិនដែលឃើញអជ្ញាធរមូលដ្ឋានចុះមកអើតមើលទេ ៕

ប៊ុន ស៊ុន្ធី