Loading...

ឈិត សុវណ្ណបញ្ញា ចង់លើកពាននៅហង្សមាស

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 1:42 am

ឈិត សុវណ្ណបញ្ញា កំពុងត្រៀមឡើងឆាកតន្ត្រី ប្រលងចម្រៀងសាជាថ្មី នៅប៉ុស្តិ៍ហង្សមាស ក្នុងកម្មវិធី “I am a Singer” ដែលដំណើរការ នៅចុងខែកក្កដា នេះ ហើយក្នុងនោះ ក្រៅពីឈិត សុវណ្ណបញ្ញា ក៏មានតារាចម្រៀងផ្សេងៗទៀត ចូលរួមប្រលងដែរ ក្នុងនោះមានទាំង តារាហង្សមាស សុគន្ធ និសា លោកហ្សូណូ ជាដើម ក៏ចូលរួមប្រកួតប្រជែងគ្នា ដើម្បីដណ្តើមពានដែរ។ តាមការឃោសនារបស់ប៉ុស្តិ៍ហង្សមាស បានឱ្យដឹងថា ចំពោះជ័យលាភីក្នុងកម្មវិធីនេះ គឺទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ តែលក្ខខណ្ឌបេក្ខជន ដែលចូលរួមប្រកួតនោះ គឺបានតែតារាចម្រៀងអាជីពប៉ុណ្ណោះ។

11986981_961247610588592_3807810735444899518_n
ក្នុងជំនួបផ្ទាល់ជាមួយ ឈិត សុវណ្ណបញ្ញា កាលពីថ្ងៃទី០២ ខែកក្កដា តារាចម្រៀងហង្សមាស រូបនេះ និយាយដោយសំណើចថា ពេលនេះនាងកំពុងត្រៀមខ្លួនត្រៀមសំឡេ ងក្នុងការប្រកួតដ៏ធំនោះ ហើយសង្ឃឹមថា នឹងមានលទ្ធផលល្អប្រសើរ។ សុវណ្ណបញ្ញា និយាយលាយឡំសំណើចថា “យីបងឯង! ខ្ញុំអ្នកចម្រៀងអាជីពមែន តែចូលប្រលងទៅ តិចលោហេងស៊យឈ្នះពានទៅបានប្រាក់រង្វាន់១ម៉ឺនដុល្លារឯណោះ (សើច)។ ខ្ញុំដឹងថា កម្មវិធីហ្នឹងមានអ្នកចូលប្រលងសុទ្ធតែខ្លាំងៗ គឺតារាចម្រៀង អាជីពដូចគ្នា តែខ្ញុំចង់ប្រលង ព្រោះអាចច្រៀងបទរបស់ខ្ញុំ ពីដើមៗឡើងវិញបាន ហើយគេធ្វើភ្លេងថ្មី សង្ឃឹមថា បងប្អូនទស្សនិកជនប្រាកដជាប្លែកមិនខានឡើយ។ កម្មវិធីហ្នឹង ហង្សមាស ទិញសិទ្ធិ (License) ពីកូរ៉េ ហើយមិនមានគណៈកម្មការទេ គឺអ្នកជាប់អ្នកឈ្នះ គឺមហាជនជាអ្នកវាយតម្លៃផ្ទាល់ តាមរយៈការបោះឆ្នោតទៅលើសមត្ថភាពអ្នកចម្រៀង ដែលពួកគាត់ថា មានសមត្ថភាពគ្រប់គ្រាន់សមលើកពានហ្នឹង ហើយតាមដឹង យើងធ្វើ៣ខែ គឺចាប់ពីចុងខែកក្កដា នេះហើយ”។
ឈិត សុវណ្ណបញ្ញា ជាអតីតជ័យលាភីលេខ១ របស់ប៉ុស្តិ៍ CTN ក្នុងកម្មវិធីប្រលងចម្រៀងសម័យមួយរបស់ប៉ុស្តិ៍ CTN កាលពីឆ្នាំ២០០៥ ហើយភ្លាមៗនោះ ត្រូវផលិតកម្មហង្សមាស ឆក់យកសុវណ្ណបញ្ញា ទៅចុះកុងត្រារហូតដល់បច្ចុប្បន្ន។ ប៉ុន្តែ តាមរយៈការជ្រកកោន នៅហង្សមាស ជាង១០ឆ្នាំនេះ សុវណ្ណបញ្ញា មិនទាន់ទៅដល់ ចំណុចកំពូលនៅទ្រនំនេះ ដូចពេជ្រ សោភា សុគន្ធ និសា អតីតតារាចម្រៀ ងគឹម លក្ខិណា ឬឱក សុគន្ធកញ្ញា ឡើយ គឺកេរ្តិ៍ឈ្មោះ សុវណ្ណបញ្ញា ហាក់នៅទ្រឹងប៉ុណ្ណោះ ស្របពេលដែល មុននេះ សុខភាពបញ្ញា ក៏មានជំងឺទៅព្យាបាល ដល់ប្រទេសអូស្ត្រាលី ទៀត ទើបធ្វើឱ្យកាន់តែពិបាកប្រជែងជាមួយតារាផ្សេងៗ នៅហង្សមាស។
មានការលើកឡើងថា ការដាក់ប្រលងចម្រៀង សាជាថ្មីរបស់ សុវណ្ណបញ្ញា ប្រសិនបើនាងលើកពាន គឺអត់បញ្ហាទេ គឺធ្វើឱ្យនាង មានការចាប់អារម្មណ៍កាន់តែច្រើន តែបើនាងមិនលើកពានទេ គឺធ្វើឱ្យកាន់តែធ្លាក់ចុះទៀត ព្រោះតែមហាជននឹង វាយតម្លៃថា នាងជាអ្នកចម្រៀងម្នាក់ ដែលមានសមត្ថភាពនៅខ្វះខាតនៅឡើយ។
តារាហង្សមាសរូបនេះ បន្ថែមថា “នេះខ្ញុំចាត់ទុកថា ជាបទពិសោធន៍ថ្មី មួយទៀត ហើយម៉្យាងទៀត ខ្ញុំចង់ច្រៀងបទចាស់ៗ របស់ខ្ញុំ ដែលធ្វើបទថ្មី ភ្លេងថ្មីឡើងវិញ។ ចំពោះការលើកពានអីនោះ យើងមិនទាន់អាច សន្និដ្ឋានបានទេ ព្រោះតារាៗចូលរួម គឺសុទ្ធតែមាន បទពិសោធន៍ ហើយមហាជន ជាអ្នកសម្រេច”៕ ហ៊ឹម វិចិត្រ

ឈិត សយវណ្ណបញ្ញា និងប្អូនស្រី
ឈិត សុវណ្ណបញ្ញា និងប្អូនស្រី

11215089_960933620619991_7966587789533880844_n