ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលើកចុងក្រោយដល់ក្រុមអ្នកតាំងលក់គ្រឿងបន្លាស់រថយន្ត នៅលើដងផ្លូវសាធារ ណៈ លេខ១៦២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងកកស្ទះចរាចរណ៍។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ដកហូតសម្ភារយកទៅរក្សាទុក និងមិនទទួលខុសត្រូវក្នុងការខូចខាតឡើយ។

ការចុះណែនាំនេះ លោកស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានណែនាំឱ្យកម្លាំងធ្វើកំណត់ហេតុណែនាំដល់អាជីវករលក់គ្រឿងបន្លាស់រថយន្តទាំងនោះ ដែលកន្លងទៅក្រុមអាជីវករតាំងលក់របស់របរលើផ្លូវ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍។

ក្រុមការងាររដ្ឋបាលខណ្ឌបានណែនាំ ដោយមិនអនុញ្ញាតឲ្យដាក់គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ឬចតយានយន្តគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ជាដាច់ខាត។ ត្រូវរើសម្ភារៈដែលដាក់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ចេញ ដោយទុករយៈពេល ពីរថ្ងៃ។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ដោយធ្វើការដកហូតសម្ភារៈ យកមករក្សាទុក និងមិនទទួលខុសត្រូវរាល់ការខូចខាតឡើយ។

លោកស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានបញ្ជាក់បន្ថែមថា ការចុះអប់រំណែនាំដល់ក្រុមអាជីវករតាំងលក់គ្រឿងបន្លាស់រថយន្ត នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី១នេះ មិនមែនជាលើកទីមួយនោះទេ គឺបានចុះអប់រំណែនាំជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែក្រុមអាជីវករទាំងនោះ មិនចូលរួមជាមួយអាជ្ញាធរឡើយ បង្កឱ្យមានការកកស្ទះនិងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់តាមដងផ្លូវសារធារណៈ៕

