Loading...

អិនជី ធ្វើការទាំងមានផ្ទៃពោះ៥ខែ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 8:48 am

អិនជី ដែលមុននេះបាត់មុខ លើប៉ុស្តិ៍ទូរទស្សន៍មួយរយៈ ព្រោះតែចាញ់កូនខ្លាំងពេកនោះ ពេលនេះបានវិលត្រឡប់ មកធ្វើជាពិធីការិនី នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធីស្រាបៀរ “GANZBERG” និងប៉ុស្តិ៍ PNN កម្មវិធី “Super Sunday”។ មហាជនបាននិយាយថា អិនជី ខំប្រឹងទាំងពោះធំតែម្តង ហើយម៉េចក៏មិនសម្រាកសិនទៅ ព្រោះតារាខ្លះមានប្តីអាណិកជន ក្រៅប្រទេស មិនបាច់ធ្វើការអីក៏មានដុល្លារចាយដែរ តែអិនជី មានទម្ងន់ ជិតសម្រាលកូនហើយ បែរជាប្តីនៅតែឱ្យធ្វើការដដែល។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ អិនជី និយាយលាយសំណើចថា មិនមែនប្តីបង្ខំ ឱ្យធ្វើការទេ តែចិត្តនាងចង់ដោយខ្លួនឯងទេ ព្រោះនៅផ្ទះមាន អារម្មណ៍ថាអផ្សុកពេក។
អិនជី វាចាថា “អូបង! ខ្លួនឯងតើចេះតែគិតថា បើនៅផ្ទះអផ្សុកណាស់ ក៏សម្រេចចិត្ត ឡើងឆាកវិញទៅ ហើយខ្ញុំធ្វើតែកម្មវិធីផ្សាយផ្ទាល់ហ្នឹងទេ! តាមពិតចោលកម្មវិធីច្រើនទៀត ព្រោះយើងមានទម្ងន់អ៊ីចឹង មិនមែនចេះតែអាចធ្វើបានគ្រប់កម្មវិធីដូចមុនទេ គឺហត់នឿយដែរ។ សម្រាប់ខ្ញុំគឺថ្វីត្បិតតែមានប្តីនៅបរទេសមែន តែខ្ញុំមិនពឹងលើ កម្លាំងគេចាយលុយគេ ទាំងស្រុងទេ គឺទាល់តែរកទាំងអស់គ្នាបានកើត ហើយបើយើងចេះរក ការងារធ្វើខ្លួនឯង មិនពឹងគេ បើមានបញ្ហាអី ក៏មិនស្លាប់ដែរ (សើច)”។

អិនជី និងស្វាមី ក្នុងថ្ងៃរៀបការ
អិនជី និងស្វាមី ក្នុងថ្ងៃរៀបការ

អិនជី អតីតពិធីការិនីប៉ុស្តិ៍លេខ៣ បានរៀបការជាមួយ អាណិកជនខ្មែរ នៅអាមេរិក រដ្ឋម៉ាសសាឈូសេត លោកភីតធើរ ហេង កាលពីឆ្នាំ២០១២ ហើយពេលនេះប្តីអិនជី បានចុះមកស្រុកខ្មែរ ជាច្រើនខែហើយ ដើម្បីមើលថែអិនជី ដែលកំពុងតែមានទម្ងន់នោះ។ ស្វាមីអិនជី ក៏ត្រៀមបោះទុនជំនួញ នៅស្រុកខ្មែរផងដែរ គឺបើកហាងបាញ់ថ្នាំឡាន តែពេលនេះ នៅមិនទាន់ចេញជារូបរាងទេ។
អិនជី បន្ថែមថា “ប្តីខ្ញុំគាត់មិនទាន់វិលត្រឡប់ ទៅអាមេរិកវិញទេ មកលើកហ្នឹងបានយូរ (សើច)។ ពេលនេះកូនក្នុងពោះ ខ្ញុំបាន៥ខែហើយ ខ្ញុំទើបតែនៅពិនិត្យសុខភាពដែរ ហើយកូនខ្ញុំគឺប្រុស។ សម្រាប់ខ្ញុំ កូនប្រុសក៏បាន ស្រីក៏បានដែរ គឺស្រលាញ់ដូចគ្នា ហើយខ្ញុំត្រៀមសម្រាលនៅខែវិច្ឆិកា ខាងមុខនេះហើយ។ ដំបូងគិតថា ចង់ទៅសម្រាលកូននៅក្រៅប្រទេសដែរ តែពេលនេះខ្ញុំប្តូរចិត្តវិញ ព្រោះគិតថា ពិបាកជិះយន្តហោះ ខ្លាចមានបញ្ហាត្រចៀកកូន ក៏សម្រេចចិត្តនឹងសម្រាលក្នុងស្រុកវិញ ដូចជាពេទ្យកាល់ម៉ែត ជាដើម។ ចំណែករឿងប្តីខ្ញុំគ្រោងរកស៊ីនោះ ខ្ញុំអត់ទាន់ចង់និយាយទេ ព្រោះចាំឃើញជារូបរាងសិន”។
ក្រៅពីអិនជី តារាដែលកំពុងតែមានផ្ទៃពោះ ត្រៀមសម្រាលកូន មាននាងគឹម លីហ្សា ស៊ិន រតនា និងភិន សុដាលីស ដែលនឹងត្រៀមខ្លួន ធ្វើជាម្តាយគេក្នុងពេលឆាប់ៗនេះ តែនាងភិន សុដាលីស ម្នាក់ទេ កំពុងរងាឯកោជាងគេ ព្រោះត្រូវប្តី អត់ខាន់ស្លាប៉ែន ចំរ៉ុង ប្តឹងលែងលះទាំង កំពុងពពោះ៕        ហ៊ឹម វិចិត្រ

អិនជី ពេលមកធ្វើពិធីការិនីទាំពពោះ៥ខែ នៅប៉ុស្តិ៍អាសុីអាគ្នេយ៍
អិនជី ពេលមកធ្វើពិធីការិនីទាំងពពោះ៥ខែ នៅប៉ុស្តិ៍អាសុីអាគ្នេយ៍