Tuesday, July 15, 2025
Homeតារាខ្មែរសេង សុខឃីម ប៉ះបុរសអារ៉ាប់

សេង សុខឃីម ប៉ះបុរសអារ៉ាប់

ភ្នំពេញ ៖ តារាសម្ដែងស្រីស្អាត សេង សុខឃីម បង្ហាញរូបកៀកកើយប្រុសរូបសង្ហាជនជាតិអារ៉ាប់ម្នាក់ ដោយពួកគេដឹកដៃគ្នាថតរូបនៅទីតាំងតំបន់ទេសចរណ៍សំខាន់ៗជាច្រើនក្នុងប្រទេសកម្ពុជា ដូចថត Pre-Wedding  ដែរទើបលេចឮថា ស្រីស្រស់រូបនេះ ច្បាស់លាស់ជាមួយបុរសរូបនោះ ហើយនឹងអាចរៀបការជាមួយគ្នាឆាប់ៗជាមិនខាន។

 យ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សេង សុខឃីម បានប្រាប់ «នគរធំ» ថា តាមពិតនាងនិងបុរសនោះ មិនមានអ្វីទាក់ទងគ្នាទេ ប៉ុន្ដែរូបភាពទាំងនោះគឺនាងចាប់ដៃគ្នាថត ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ សុខឃីម ថានាងពេញចិត្តចំពោះការងារមួយនេះ ព្រោះនាងបានចូលរួមលើកស្ទួយពីវិស័យទេសចរណ៍ក្នុងស្រុកទៅកាន់ពិភពលោក ដើម្បីឲ្យគេស្គាល់ប្រទេសកម្ពុជា កាន់តែច្បាស់ ។

 សេង សុឃីម វាចាថា «ការងារនេះ ខ្ញុំត្រូវបានខាងអ្នកអារ៉ាប៊ីសាអូឌីត ជ្រើសរើសជាតួអង្គម្នាក់ ថតផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ដើម្បីយកទៅចាក់បញ្ចាំងនៅអារ៉ាប់រួម នាចុងឆ្នាំ២០២៥ ខាងមុខ ពោលគឺអាចខែតុលា ឬវិចិ្ឆកា ។ ខ្ញុំថតរយៈពេលជិត ១ខែ បានចប់ ព្រោះត្រូវចុះទៅថតនៅតាមខេត្តជាច្រើន តាមគម្រោងដែលបានខាងអារ៉ាប៊ីសាអូឌីត រៀបចំ»។

 សេង សុខឃីម បានឲ្យដឹងថា ទីតាំងដែលនាងត្រូវទៅថតជាមួយដៃគូ ជាបុរសជនជាតិអារ៉ាប់ មានដូចជា នៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តកំពត ជាដើម ។ សុខឃីម ថានាងក៏មិនដឹងពីមូលហេតុដែលខាងក្រុមការងារនៅអារ៉ាប៊ីសាអូឌីត ជ្រើសរើសនាងនោះទេ ខណៈដែលបុរសដែលចាប់ដៃថតជាមួយនាងនោះ តាមនាងដឹងមិនមែនជាតារាសម្ដែងឡើយ តែគាត់ត្រូវខាងក្រុមការងារនៅទីនោះជ្រើសរើស។

 សេង សុខឃីម មិនប្រាប់ពីតម្លៃខ្លួននៃការថតឃោសនាវិស័យទេសចរណ៍កម្ពុជា ទៅអារ៉ាប់ប៊ីសាអូឌីត នោះទេ ប៉ុន្ដែនាងថាមិនជាបានតម្លៃខ្ពស់ណាស់ណាឡើយ គ្រាន់តែនាងមានមោទនភាព សប្បាយចិត្តដែលក្នុងនាមជាតារាសម្ដែងម្នាក់ បានចូលរួមលលើកស្ទួយពីវិស័យទេសចរណ៍ក្នុងស្រុក ទៅកាន់បរទេស។ នាងរំពឹងថា ក្រោយ ពីវីដេអូនាងនិងបុរសអារ៉ាប់ចាប់ដៃគ្នាថតទេសចរណ៍នៅកម្ពុជា ទៅអារ៉ាប់ប៊ីសាអូឌីត នោះនឹងធ្វើឲ្យកំណើនទេសចរមកកម្ពុជា ក៏ដូចជាគេស្គាល់ប្រទេសកម្ពុជា កាន់តែច្រើនជាមិនខាន ។

 តារាសម្ដែង សេង សុខឃីម ថានាងមិនធ្លាប់បានចេញទៅកម្សាន្ដនៅប្រទេសអារ៉ាប៊ីសាអូឌីត នោះទេ ព្រោះតែលុបចោល(Cancel) កាលពីឆ្នាំមុន ដោយសារតែមានបញ្ហាផ្ទាល់ខ្លួន ។ ប៉ុន្ដែនាងថា នៅចុងឆ្នាំ២០២៥ នេះនឹងគ្រោងចេញទៅកម្សាន្ដនៅអារ៉ាប់ ឲ្យខាងតែបាន ។

គួរបញ្ជាក់ថា អ្នកមេម៉ាយកូនមួយ សេង សុខឃីម មានរូបសម្រស់ស្រស់សោភា បានចែកផ្លូវជាមួយនាយចឺម ជិត៣ឆ្នាំមកហើយ ដែលពេលនេះនាងមិនទាន់បង្ហាញគូស្នេហាថ្មីនោះទេ ។ តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះ មិនខ្លាចភាពសិចស៊ីឡើយ ព្រោះកន្លងមកគេឃើញនាងហ៊ានស្លៀកឈុតប៊ីគីនី បញ្ចេញសម្រស់ពិបាករកគូប្រជែង តែការបញ្ចេញឲ្យគេឃើញស្បែករបស់នាងសុខឃីម ភាគច្រើនតែពាក់ព័ន្ធលើការថតឃោសនាផលិតផលរបស់ខ្លួន ។          

ឆ្លើយតបសំណួរថា តើការថតផ្សព្វផ្សាយពីទេសចរណ៍បែបនេះ មានការពិបាកជាងថតMV ឬយ៉ាងណា? សេង សុខឃីម ថាអត់មានបញ្ហាចោទទេ ព្រោះតែកន្លងនាងមានអ្នកគ្រប់គ្រង ជាអ្នកស្គាល់គ្នាអ្នកចាត់ចែងរៀបចំឲ្យទាំងអស់ ៕

RELATED ARTICLES