Loading...

បញ្ជូន​២​នាក់​ប្តី​ប្រពន្ធ ចាក់​ស្រ្ដី​ម្នាក់​ស្លាប់​ ទៅ​តុលា​ការ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិសន្ដិសុខសង្គម | | 0 | ម៉ោង 2:09 am

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា នគរបាលខណ្ឌសែនសុខ បានបញ្ជូន២នាក់ប្តីប្រពន្ធដែលធ្វើអោយស្ត្រីជាអ្នកលក់បាយម្នាក់ស្លាប់ ដោយសារតែរឿងចាក់ទឹកហៀរមុខតូបលក់ដូរ តាមផ្លូវលំមុខរោងចក្រកាត់ដេរ អិល.អេ នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងមកនេះ ទៅតុលាការរាជធានីភ្នំពេញ ។

ប្តីប្រពន្ធដែលបញ្ជូនទៅតុលាការមាន១ឈ្មោះ ឡឹង សុខរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ទឹកអំពៅ និងប្រពន្ធមានឈ្មោះឆោម ណៃ អាយុ៣៥ឆ្នាំ មុខរបរលក់ចេកចៀន លក់នៅតូបក្បែរគ្នា ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកស្រ្តីដែលស្លាប់មានឈ្មោះ ឈួន ចាន់ថា អាយុ៣៣ឆ្នាំ មុខរបរលក់បាយនៅមុខរោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  មានស្រុកកំណើតភូមិស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។

គួររំលឹកផងដែរថា កាលពីថ្ងៃកើតហេតុកន្លមកនេះ ឈ្មោះ ឆោម នឿន ត្រូវជាប្អូនស្រីរបស់ ឈ្មោះ ឆោម ណៃ បានយកដំឡូងនិងចេកទៅលាងទឹករួចចាក់ទឹកហៀរទៅមុខតូបរបស់ ស្រ្តីរងគ្រោះដែលធ្លាប់មានទំនាស់គ្នាកន្លងមក ធ្វើឲ្យស្រ្តីរងគ្រោះខឹងបានបានឈ្លោះប្រកែក ជាមួយប្តីប្រពន្ធលក់ចេកនិងទឹកអំពៅនោះរហូតស្រ្តីជាអ្នកលក់ចេកចៀនបានយកកាំបិត បុ័ងតោគប់ទៅលើស្រ្តីរងគ្រោះចំដើមទ្រូងជាប់កាំបិត ភ្លាមៗនោះបុរសជាប្ដីដែលជាអ្នកលក់ ទឹកអំពៅបានរត់ទៅចាប់ដកកាំបិតចេញ បែរជាសង្កត់ឲ្យចូលកាន់តែជ្រៅទម្រាំដកកាំបិត ចេញ ។

ក្រោយពេលកើតហេតុស្រ្តីរងគ្រោះរបួសធ្ងន់បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈបានស្លាប់ ។ ចំណែកជនពាក់ព័ន្ធ២នាក់ប្តីប្រពន្ធនិងប្អូនស្រីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខរួចហើយឃើញប្អូនស្រីដែលទៅលាងដំឡូងនិងចេកមិនជាប់ពាក់ព័ន្ធបានត្រូវដោះលែងវិញ ។ ដោយឡែកពីរនាក់ប្តីប្រពន្ធដែលជាជន ដៃដល់ត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕