Loading...

ក្រុម​ហ៊ុន​សាជីវ​កម្ម​ជប៉ុន វិនិយោគ​នៅ​កម្ពុជា កើន​១២​ភាគ​រយ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 7:32 am

ភ្នំពេញ ៖ ក្រុមហ៊ុនសាជីវកម្មធំៗរបស់ប្រទេសជប៉ុន ដែលចូលមកវិនិយោគនៅកម្ពុជាបានកើនឡើង១២ភាគរយ ក្នុងដំណាច់ឆមាសទី១ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំ២០១៥កន្លងមកនេះ។

លោកអ៊ិន ចាន់នីអគ្គនាយកធនាគារអេស៊ីលីដាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ក្រុមហ៊ុនសាជីវកម្មជប៉ុនធំៗដែលប្រើប្រាស់សេវាទូទាត់ប្រាក់ជាមួយធនាគារអេស៊ីលីដាបានកើនឡើងខ្ពស់នាឆ្នាំនេះ ដែលរហូតមកទល់ពេលនេះមានក្រុមហ៊ុនជប៉ុនចំនួន២៧៧ក្រុមហ៊ុន ខណៈដំណាច់ឆ្នាំ២០១៥កន្លងមកនេះមានក្រុមហ៊ុនជប៉ុនចំនួនតែ២៤៧ក្រុមហ៊ុនប៉ុណ្ណោះបានមកវិនិយោគនៅកម្ពុជា។លោកបន្តថា ចំនួនក្រុមហ៊ុនដែលបានលើកឡើងនេះគឺជាក្រុមហ៊ុនធំៗ ដោយមិនទាន់រាប់បញ្ចូលក្រុមហ៊ុនតូចៗដែលបានមកបើកភោជនីយដ្ឋាន សេវាកម្ម និងវិស័យផ្សេងៗទៀតនៅឡើយ។

លោកបន្តថា “លោករំពឹងថាក្រុមហ៊ុនជប៉ុនធំៗជាច្រើនទៀត នឹងចូលមកវិនិយោគនៅកម្ពុជានាឆ្នាំនេះ ដោយសារកំនើនសេដ្ឋកិច្ចរបស់កម្ពុជា ស្ថិរភាពនយោបាយ និងភាពនឹងន នៃវិស័យសង្គមកិច្ច”។លោកបន្តថា “បើគិតពីស្ថិរភាពនយោបាយរបស់កម្ពុជា គឺប្រទេសនេះនៅតែមានស្ថិរភាពនយោបាយល្អ ធៀបជាមួយឧបទ្វីបផ្សេងៗទៀត ហេតុនេះហើយទើបអ្នកវិនិយោគចូលមកច្រើន ព្រោះកម្ពុជាជាប្រទេសដែលអាចទុកចិត្តបាន”។

លោកអ៊ិន ចាន់នីបានបន្តថា បញ្ហានយោបាយតិចតួចនៅកម្ពុជា មិនជះឥទ្ឋិពលដល់ការសម្រេចចិត្តមកវិនិយោគនៅកម្ពុជានោះទេ ព្រោះអ្នកធ្វើធុរកិច្ចពួកគេគិតពីគោលដៅរយៈពេលវែង ដូច្នេះហេតុការណ៍ដែលកើតឡើងមួយរយៈចុងក្រោយនេះ មិនមែនជារឿងធំដុំនោះទេ គឺពួកគេមើលទៅមុខក្នុងរយៈពេលវែង។លោកបន្តថា ការឈានឡើងរបស់កម្ពុជាពីប្រទេសមានប្រាក់ចំណូលទាប មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាផ្នែកមួយនៃភាពទាក់ទាញរបស់កម្ពុជា ព្រោះអ្នកវិនិយោគពួកគេមិនចង់វិនិយោគនៅប្រទេសក្រីក្រនោះទេ ពួកគេនឹងអភិវឌ្ឍន៍នៅប្រ ទេសមានប្រាក់ចំណូលច្រើន ដោយសារកំលាំងទិញរបស់ប្រជាជននៅប្រទេសនោះមានកំនើនខ្ពស់។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានលើកឡើងខុសពីលោកអ៊ិន ចាន់នី ដោយលោកបានថ្លែងថា តាមលោកទទួលព៌តមានពីសមាគមអ្នកវិនិយោគជប៉ុននៅកម្ពុជា បានឲ្យដឹងថាក្រុមហ៊ុនវិនិយោគធំៗរបស់ជប៉ុនចូលមកកម្ពុជា មានសភាពនៅទ្រឹង ប៉ុន្តែក្រុមហ៊ុនតូចៗដូចជាក្រុមហ៊ុនបំរើសេវាកម្ម ការលក់ផលិតផលថែររក្សាសម្រស់ និងភោជនីយដ្ឋានជាដើមគឺមានការកើនឡើង ប៉ុន្តែកម្ពុជាកំពុងជួបរឿងល្អថ្មីទៀត ដែលនឹងអាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើនមកកាន់កម្ពុជា ដោយសារសហរដ្ឋអាមេរិកបានអនុគ្រោះពន្ឋលើមុខទំនិញកម្ពុជាជាង៥០០០មុខកាលពីពេលថ្មីៗនេះ។

លោកបន្តថា “ការអនុគ្រោះលើការនាំចូលទំនិញពីអាមេរិកកាលពីពេលថ្មីៗនេះ ធ្វើឲ្យកម្ពុជាកាន់តែអាចធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ព្រោះពេលសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបើកទីផ្សារ អ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន តៃវ៉ាន់ជាដើមនឹហចូលមកកម្ពុជា”។លោកបន្តថា “វាជាការផ្តល់ដង្ហើមដល់កម្ពុជា ព្រោះអ្វី ៗចាប់ផ្តើមពីទីផ្សារមុន ពេលណាមានទីផ្សារអាចនាំចេញដោយរួចពន្ឋ ឬយកពន្ឋទាប អ្នកវិនិយោគនឹងចូលមកផលិតទំនិញដើម្បីទៅលក់នៅប្រទេសទាំងនោះ ប៉ុន្តែកម្ពុជាត្រូវធ្វើយ៉ាងណាឲ្យបរិស្ថានវិនិយោគ កាន់តែមានភាពប្រសើរជាងមុន”។

គង់ លាងហួរ