Loading...

អ្នក​​វិនិយោគ​​ជប៉ុន​ បោះ​​ទុន​ ៣​​លាន​​ដុល្លារ​ កសាង​​មន្ទីរ​ពេទ្យ​​លំដាប់​​អន្តរ​ជាតិ នៅ​​សៀម​​រាប

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 14:05 pm

ភ្នំពេញ ៖ អ្នកវិនិយោគជប៉ុន បានសម្រេចបោះទុនវិនិយោគទឹកប្រាក់ចំនួន ៣លានដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យលំដាប់អន្តរជាតិនៅខេត្តសៀមរាប ដើម្បីផ្តល់សេវាសុខាភិបាលជាទីទុកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរណ៍អន្តរជាតិមកទស្សនាខេត្តនេះ ។

លោកកាន់ណារី យូតាកា(KANNARI YUTAKA)ដែលបានវិនិយោគមន្ទីរពេទ្យដែលដាក់ឈ្មោះថា Angkor Kyosei Hospital បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា លោកបានជួបលោកសៀង ណាំ កាលពី៥ឆ្នាំមុន ដែលពេលនោះ លោកសៀង ណាំ បានប្រាប់លោកថា នៅខេត្តសៀមរាប មិនមានមន្ទីរពេទ្យលំដាប់អន្តរជាតិនៅទីនេះទេ ដូចនេះ ទើបនៅពេលក្រោយមកលោកសម្រេចចិត្តវិនិយោគលើមន្ទីរពេទ្យនេះ ។ លោកបន្តថា នៅខេត្តសៀមរាបមានប្រាសាទច្រើន ពិសេសប្រាសាទអង្គរវត្តដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ជារៀងរាល់ឆ្នាំ ប៉ុន្តែពួកគេមិនមានអារម្មណ៍កក់ក្តៅនោះទេ បើសិនជានៅទីនេះមិនមានមន្ទីរពេទ្យមានស្តង់ដាអន្តរជាតិ ។

6

លោកបន្តថា “មន្ទីរពេទ្យនេះ នឹងផ្តល់នូវសេវាសុខាភិបាលលំដាប់អន្តរជាតិ ដែលជាទីកក់ក្តៅសម្រាប់ភ្ញៀវទេសចរមកទស្សនាខេត្តនេះ ហើយលោករំពឹងថា នឹងមានភ្ញៀវទេសចរណ៍កាន់តែច្រើនមកទស្សនាខេត្តនេះ” ។ លោកបន្តថា“មន្ទីរពេទ្យនេះនឹងផ្តោតលើការព្យាបាលជំងឺទូទៅ ដោយប្រើប្រាស់គ្រូពេទ្យខ្មែរដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសជប៉ុន គ្រូពេទ្យថៃ ជប៉ុន និងគ្រូពេទ្យកូរ៉េ ដែលពួកគេនឹងមកបង្ហាត់បង្ហាញគ្រូពេទ្យខ្មែរបន្ថែមទៀត” ។

លោកកាន់ណារី យូតាកា បានបន្តថា គោលបំណងរបស់លោក គឺដើម្បីជួយប្រជាពលរដ្ឋខ្មែរមិនថាអ្នកមានឬអ្នកក្រទេ គឺយើងនឹងផ្តល់ការព្យាបាលពួកគេដោយយកចិត្តទុកដាក់ ព្រោះមិនថាអ្នកមានអ្នកក្រទេ ពួកគេមានជីវិតដូចគ្នា។ ជីវិតមានតម្លៃណាស់។ លោកបន្តថា ការបង្កើតមន្ទីរពេទ្យនេះមិនត្រឹមតែផ្តល់ការព្យាបាលនោះទេ តែលោកក៏នឹងនាំយកនូវបច្ចេកទេសវេជ្ជសាស្រ្តជប៉ុន មកបង្ហាត់បង្ហាញដល់គ្រូពេទ្យកម្ពុជា ជាអ្វីដែលកម្ពុជាមិនទាន់មាន ព្រោះវិស័យវេជ្ជសាស្រ្តជប៉ុន មានការរីកចំរើនណាស់។

7

លោកសៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាបនៃគណបក្សប្រជាជនកម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគជប៉ុនរូបនេះ មកវិនិយោគមន្ទីរពេទ្យនេះបានថ្លែងថា នេះជាមន្ទីរពេទ្យលំដាប់អន្តរជាតិ ដែលនឹងផ្តល់សេវាវេជ្ជសាស្រ្តប្រកបដោយស្តង់ដាអន្តរជាតិដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកទេសចរដែលមកទស្សនាកម្ពុជាកើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្តថា នៅខេត្តសៀមរាបមានអ្នកទេសចរណ៍អន្តរជាតិច្រើន ដូច្នេះទាមទារឲ្យមានមន្ទីរពេទ្យដែលល្អ ដើម្បីផ្តល់ទំនុកចិត្តដល់ ភ្ញៀវទេសចរណ៍ ព្រោះពេលពួកគេមានបញ្ហាណាមួយ ពួកគេអាចមានមន្ទីរពេទ្យលំដាប់អន្តរជាតិគួរជាទីទុកចិត្តបាន។

លោកសៀង ណាំបន្តថា លោករំពឹងថាចំនួនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ដោយសារយើងមានហេដ្ឋារចនាសម្ព័ន្ឋ សេវាបដិសណ្ឋារកិច្ចកាន់តែប្រសើរឡើងនៅទីនេះ ពិសេសយើងមានមន្ទីរពេទ្យលំដាប់អន្តរជាតិនៅទីនេះ ដែលធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍កក់ក្តៅ និងទុកចិត្តបាន។ លោកបន្តថា ចំនួនភ្ញៀវទេសចរណ៍ជប៉ុនមកទស្សនាកម្ពុជា នឹងកើនឡើងនៅពេលខាងមុខ បន្ទាប់ពីមានជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកកាន់កម្ពុជានៅខែកញ្ញាខាងមុខនេះ៕

ដោយ ៖ គង់ លាងហួរ