Loading...

ខេមរៈ ស្រីពៅ អ្នកគាំទ្របន្តរិះគន់ រឿងបន្តលាក់មុខ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦​ | តារាខ្មែរ | | 0 | ម៉ោង 3:10 am

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្នុងហាងកាហ្វេដ៏ពេញនិយមមួយ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីវិមានឯករាជ្យ យុវវជនវ័យប្រហែល២០ឆ្នាំប្លាយ មួយក្រុម កំពុងទទួលទានអាហារបណ្តើរ ជជែកគ្នាបណ្តើរ យ៉ាងសប្បាយរីករាយ។ រំពេចនោះ សំឡេង ស្រួយស្រែសរបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ខេមរៈ ស្រីពៅ បានបន្លឺឡើង តាមរយៈបទចម្រៀងដែលកំពុង ផ្សាយតាមកញ្ចក់ទូរទស្សន៍។

ពួកគេបានក្រឡេកមើលព្រមគ្នា ហាក់ដូចជាចាប់អារម្មណ៍នឹង ការរាំរែកយ៉ាងរស់រវើក របស់ស្រីពៅ ដែលកំពុងសម្តែងក្នុងបទចម្រៀង។

យុវនារីម្នាក់ បានលាន់មាត់ថា “បទយូរណាស់ហើយ! មិនដឹងអង្កាល់ បានចេញមុខវិញទេ។ ម្តងពេលនេះ ម្តងពេលនោះ បើគ្មានរឿងអាថ៌កំបាំង ទើបចម្លែក”។

មិត្តភក្តិរបស់នាងដែលនៅក្បែរនោះ បន្ថែមដោយងឿងឆ្ងល់ថា “ឈឺធ្ងន់ប៉ុនណាទៅ? ឃើញលេងហ្វេកប៊ុករាល់ថ្ងៃ ចេញវីដេអូមួយទៅ ចប់បាត់ហើយ”។

ពួកគេបានបន្តជជែកគ្នាជាមួយនឹងពាក្យរិះគន់ជាហូរហែ មុននឹងបញ្ចប់ទៅ ដោយការលើកឡើងថា “អ្នកសិល្បៈមួយចំនួនតែអ៊ីចឹង! មានអាថ៌កំបាំងច្រើន”។

នេះគ្រាន់តែជាករណីមួយ ដែលបង្ហាញពីការមិនសប្បាយចិត្ត របស់យុវវ័យ ចំពោះការខកខានមិនបាន បង្ហាញមុខរបស់ខេមរៈ ស្រីពៅ អស់ពេលជាច្រើនខែមកនេះ។ ក្នុងពេលដំណឹង បាត់មុខរបស់នាងពុះកញ្ជ្រោលខ្លាំង លោកខេមៈ ភារុណ បងប្រុសរបស់ស្រីពៅ ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ស្រីពៅ អាចនឹងបង្ហាញមុខ បន្ទាប់ពីចូលឆ្នាំប្រពៃណីខ្មែរ តែ៣ខែកន្លងផុតទៀត ទៅហើយ គេនៅមិនឃើញនាង។ ជំនួសឱ្យការបញ្ជាក់ថ្ងៃ ចេញមុខពិតប្រាកដ លោកភារុណ និងលោកសិរីមន្ត ដែលជាបងប្រុសបង្កើត បាននិយាយថា ការវិលវិញរបស់ស្រីពៅ “មិនទាន់ច្បាស់” ឬ “ឆាប់ៗនេះ” វិញ។

យុវវ័យមួយចំនួនទៀត ហាក់ដូចជាអស់ជំនឿ។ នៅលើទំព័រ Facebook របស់ខេមរៈ ស្រីពៅ គេឃើញមានមតិយោបល់ខ្លះ បង្ហាញពីការមិនពេញចិត្តចំពោះការសន្យារបស់នាង។

យុវជនម្នាក់ ដាក់ឈ្មោះក្នុងគណនី Facebook របស់ខ្លួនថា “មួយ ហេង” បាន និយាយថាពាក្យថា ចេញមុខឆាប់ៗនេះ គ្រាន់តែជាការកុហកប៉ុណ្ណោះ ហើយថា ស្រីពៅ ខ្លាចសូម្បីតែការបង្ហាញរូបថតពិតរបស់ខ្លួន។

នាងសរសេរថា “បើចេះចេញ (មុខ) ចេញតាំងពីយូរ មិនមែនចេះតែថាទេ។ ឮតែសំឡេង តើរូបថតណាជារូបពិតរបស់បង? ថាឆាប់ៗនេះ ម៉េចមិនឃើញ? បងកុហក!”។

ខេមរៈ ស្រីពៅ ដែលមួយរយៈនេះ ព្យាយាមឆ្លងឆ្លើយ ជាមួយអ្នកគាំទ្រតាម Facebook មិនឆ្លើយតបនឹងយោបល់របស់មួយ ហេង ទេ ហើយនាងហាក់ដូចជាមិនខ្វល់នឹងការសួរនាំ ពីស្ថានភាពជំងឺរបស់នាងទេ។ ក្នុងការឆ្លើយតប ភាគច្រើន នាងគ្រាន់តែ និយាយថា “អរគុណ” ប៉ុណ្ណោះ។

លោកខេមរៈ ភារុណ បងប្រុសរបស់ស្រីពៅ ថា លោកមិនអាចហាមឃាត់ គេមិនឱ្យរិះគន់ទេ តែអ្វីដែលសំខាន់ជាងនេះ គឺសុខភាពរបស់នាង។ លោកថា នៅពេលនាងមានសុខភាពរឹងមាំឡើងវិញ នាងនឹងបង្ហាញមុខ តែលោកនៅតែមិនអាចកំណត់ថ្ងៃច្បាស់លាស់ដដែល។

សូមរំលឹកថា ក្នុងពេលគេផ្អើលថា ស្រីពៅ បាត់មុខដោយសារជំងឺ សើស្បែកកម្រិតធ្ងន់ លោកសិរីមន្ត ប្រាប់ថា នាងគ្រាន់តែឈឺក្រពះ និងបំពង់កប៉ុណ្ណោះ ហើយថានាងបន្តស្នាក់ នៅប្រទេសថៃ។ ប៉ុន្តែ ថ្មីៗនេះ មានព័ត៌មានធ្លាយ ចេញថា ស្រីពៅ បានមកស្រុកខ្មែរ យូរហើយ ពេលនេះនាងរស់នៅផ្ទះ របស់លោក សិរីមន្ត នៅសង្កាត់ភ្នំពេញថ្មី។ អ្នកខ្លះថា នាងធាត់ពេក ទើបមិនហ៊ានសូម្បីតែ ចេញមុខតាមវីដេអូឃ្លីប។

យ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់នាងជាច្រើនទៀត នៅតែរង់ចាំការវិលវិញរបស់ស្រីពៅ ហើយថា ការព្យាយាមមិនប្រាប់ ពីកាលបរិច្ឆេទពិតប្រាកដនេះ ទំនងគ្រាន់តែដើម្បីឱ្យមានការ ភ្ញាក់ផ្អើលនៅពេលនាង ចេញមុខប៉ុណ្ណោះ។ ពួកគេជឿទៀតថា ការបង្ហាញមុខ របស់ខេមរៈ ស្រីពៅ នា ពេលអនាគត នឹងធ្វើឱ្យនាងកាន់តែល្បី ឈ្មោះ…៕                                                 ស្រីម៉ៅ

11146267_642757299158094_8193806921013613994_n

11169885_642574849176339_7725890136841542649_n

 

Sreypov1