Loading...

ចោទ​សម្លាប់​លោក​កែម ឡី នាយក​រដ្ឋ​មន្រី្ត ប្រកាស​ប្តឹង​សមា​ជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 3:29 am

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណ- បក្សប្រជាជនកម្ពុជា បានប្រកាសប្តឹងសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី មួយរូប ដែល បានលើកឡើងចោទប្រកាន់ថា សម្តេចមានជាប់ ពាក់ព័ន្ធនឹងឃាតកម្មលើអ្នកស្រាវជ្រាវសង្គម និង អ្នកវិភាគនយោបាយ លោកបណ្ឌិតកែម ឡី។

យោងតាមបណ្តាញសារព័ត៌មាន បានឱ្យ ដឹងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន ប្រកាសប្តឹងលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធ- សភា មកពីគណបក្សសម រង្ស៊ី បន្ទាប់ពីលោកស្រី បាននិយាយតាមរយៈវីដេអូឃ្លីបមួយ ដែលមាន រយៈពេលប្រមាណ២នាទីចោទប្រកាន់ថា សម្តេច ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ តាមបណ្តាញព័ត៌មានថា ពាក្យបណ្តឹងនឹងធ្វើ ឡើងនៅពេលឆាប់ៗនេះ ហើយសម្រាប់សមាជិក ព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ ការប្តឹង និងបោះឆ្នោតដកអភ័យឯកសិទ្ធិ ដោយ ហេតុថា សមាជិកព្រឹទ្ធសភារបស់គណបក្ស ប្រជាជនកម្ពុជា មានសំឡេងលើស២ភាគ៣។

នៅក្នុងវីដេអូបង្ហោះនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដែលបានថ្លែងនៅក្នុងវេទិកាតូចមួយ ជាមួយប្រជាពលរដ្ឋដោយពុំបានបញ្ជាក់ទីតាំង និងពេលវេលាច្បាស់លាស់ លោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បាន បញ្ជាក់ថា “ឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិត យ៉ាងម៉េចទៀតទេ។ នៅមិននៅចុះឡើងៗ ទៅបាញ់លោកកែម ឡី អ្នកវិភាគនយោបាយ ដែលគាត់លើកឡើងពីទិដ្ឋភាពហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មាន លាននៅទីណា ឯកសារ Global Witness មានទាំងអស់”…។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា ការថ្លែង របស់សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី រូបនោះ គឺជាការនិយាយហួសដែនកំណត់នៃការ បញ្ចោញមតិ ហើយអ្នកដែលនិយាយបែបនេះ ត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់។ ពោលគឺលោក យល់ថា ការនិយាយលើកនេះ បានធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលជាខ្លាំង ដែលមិនអាចលើកលែង ឱ្យបានឡើយ។ ដូច្នេះបើរកភ័ស្តុតាងមិនបានទេ ច្បាស់ជាទទួលខុសត្រូវចំពោះមុខច្បាប់គ្មានអ្វី ប្រកែកបាន ព្រោះមិនមែនចេះតែនិយាយចោទ ប្រកាន់គ្មានការពិតទេ។

ដោយឡែក លោកទាវ វណ្ណុល សមាជិក ព្រឹទ្ធសភា មកពីគណបក្សសម រង្ស៊ី និងជាប្រធាន គណបក្ស សម រង្ស៊ី បានបញ្ជាក់ថា ការបញ្ចោញ មតិយោបល់របស់មនុស្សម្នាក់ៗមិនចេះតែត្រូវ ទាំងអស់ទេ។ ដូច្នេះលោកសង្ឃឹមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមានការយោគយល់ ទាក់ទងនឹងករណីលោកស្រីថាក់ ឡានី នោះ ហើយលោកក៏ជំរុញឱ្យគណបក្សទាំង២ បន្ត ការចរចាគ្នា ពង្រឹងវប្បធម៌សន្ទនា ដើម្បីកាត់បន្ថយកម្តៅនយោបាយ។

លោកទាវ វណ្ណុល មានប្រសាសន៍ថា “ខ្ញុំ អត់បានទទួលព័ត៌មានជាផ្លូវការ ក៏ខ្ញុំអត់បាន ទទួល ហើយពីលោកជំទាវផ្ទាល់ ក៏ខ្ញុំអត់បាន ទទួលព័ត៌មាន ប៉ុន្តែខ្ញុំបានទទួលព័ត៌មានតាម FreshNew ៕ ឮពាក្យថា លោកនាយករដ្ឋមន្ត្រី នឹងប្តឹងជំទាវថាក់ ឡានី ពីមូលហេតុអ្វីដែល គាត់បានបញ្ចោញមតិ កាលពីថ្ងៃទី២៩។ តាម រដ្ឋធម្មនុញ្ញ ជំពូកទី១០៤ថ្មី បាននិយាយអំពី អភ័យឯកសិទ្ធិរបស់សមាជិកព្រឹទ្ធសភា លោក ជំទាវ ឯកឧត្តម ដែលជាសមាជិកហ្នឹង គឺគាត់ មានសិទ្ធិបញ្ចោញមតិ ដោយមិនមានការភ័យ ខ្លាច ហើយបើសិនជាការបញ្ចោញមតិហ្នឹងខុសត្រូវយ៉ាងម៉េច វាមានការទទួលស្គាល់នៅក្នុង រដ្ឋធម្មនុញ្ញថា ជាអភ័យឯកសិទ្ធិរបស់គាត់។ អ៊ីចឹងខ្ញុំមិនដឹងថា សម្តេចសេនាបតីតេជោ គាត់គិតយ៉ាងម៉េចទេ ប៉ុន្តែខ្ញុំជឿថា គាត់ជា តំណាងរាស្ត្រ ហើយគាត់ក៏បានយល់ពីច្បាប់រដ្ឋ- ធម្មនុញ្ញ ហ្នឹងដែរ ហើយធម្មតានៅក្នុងការ បញ្ចោញមតិ វាមិនអាចត្រូវ១០០ភាគរយទេ ទោះបីខ្ញុំក៏ដោយ ក៏ខ្ញុំមិនធានាថា មតិរបស់ខ្ញុំ បញ្ចោញ វាត្រូវ១០០ភាគរយទេ បើអ្វីដែល យើងត្រូវ១០០ភាគរយ យើងមិនមែនជាមនុស្ស សាមញ្ញោទ យើងក្លាយទៅជាព្រះអាទិទេពហើយ ដែលធ្វើអីមិនចេះខុស។ អ៊ីចឹង ខ្ញុំជឿថា សម្តេច តេជោ ក៏យល់អំពីធម្មជាតិរបស់មនុស្ស ធម្មតា ការបញ្ចោញមតិ វាអាចលើសខ្វះបន្តិចបន្តួច ហើយមតិលើសខ្វះនេះ គេបានធានាដោយរដ្ឋ- ធម្មនុញ្ញ។ អ៊ីចឹងខ្ញុំជឿថា សម្តេចតេជោ លោក ប្រហែលជាមិនធ្វើការប្តឹងផ្តល់អីទេ។ នេះគ្រាន់- តែជាមតិរបស់ខ្ញុំទេ ដូចដឹងហើយ នៅក្នុង ប្រទេសប្រជាធិបតេយ្យ ការបញ្ចោញមតិ តែង- តែមានលើសជ្រួសជ្រុលអីបន្តិច ប៉ុន្តែនៅប្រទេស ប្រជាធិបតេយ្យ ដូចនៅសហរដ្ឋអាមេរិកអី គេ មិនបានលើកយកមតិលើសលស់ហ្នឹងយកទៅ ប្តឹងផ្តល់គ្នាទេ។ អាហ្នឹងបានប្រទេសយើងរួបរួម គ្នា ហើយយើងបន្តធ្វើការ ដើម្បីបងប្អូនប្រជា- រាស្ត្រខ្មែរយើងតទៅមុខទៀតជាមួយគ្នាបាន ហើយ បើថាយើងគ្រាន់តែខុសអីមួយម៉ាត់ យើងមិនអត់ឱនឱ្យគ្នា អាហ្នឹងយើងមិនអាច នឹងទៅស្វែងរកលទ្ធិប្រជាធិបតេយ្យ ជូនដល់ មាតុប្រទេសរបស់យើងបានទេ អាហ្នឹងជា យោបល់របស់ខ្ញុំ”។

ទោះយ៉ាងណា លោកទាវ វណ្ណុល មាន ក្តីបារម្ភចំពោះលោកស្រីថាក់ ឡានី បើសិនជា ព្រឹទ្ធសភា កោះប្រជុំរឿងអភ័យសិទ្ធិ គឺអាច នឹងដូចករណីលោកហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មួយរូបផងដែរ ដែល ជាប់ឃុំទាំងនៅមានអភ័យឯកសិទ្ធិ។

លោកទាវ វណ្ណុល មានប្រសាសន៍បន្ត ថា “បាទ! យើងមានការព្រួយបារម្ភអំពីហេតុការណ៍អ្វីដែលកន្លងផុតទៅ យើងទាំងអស់គ្នា បានដឹងហើយ ហើយគឺរឿងឯកឧត្តមហុង សុខហួរ ដែលត្រូវរាជរដ្ឋាភិបាលចាប់ខ្លួន រហូតមកដល់ ពេលនេះដោយមិនទាន់មានការដកអភ័យឯកសិទ្ធិឯកឧត្តមនៅឡើយ។ អ៊ីចឹងបើសិនជា មានការប្តឹងផ្តល់ យើងមានការព្រួយបារម្ភ ហើយយើងនឹងខំស្វែងរកដំណោះស្រាយនយោ- បាយណាមួយ ដើម្បីកុំឱ្យមានកម្តៅនយោបាយ អីបន្តទៅទៀត ពីព្រោះយើងឃើញថា នៅ ពេលណាដែលកម្តៅនយោបាយកាន់តែក្តៅ គឺ ប្រទេសជាតិយើងជាអ្នកខាតបង់។ យើងមាន តែសំណូមពរឱ្យរាជរដ្ឋាភិបាល ខ្ញុំមិនដឹងថា ការប្តឹងផ្តល់នេះជាការប្តឹងផ្តល់របស់សម្តេច ឬមួយក៏ប្តឹងផ្តល់របស់រាជរដ្ឋាភិបាល? យើង គ្រាន់តែឮតាមព័ត៌មាន យើងមិនអាចនឹងថា យកជាការបានទេ លុះត្រាមានដីកាមក អាហ្នឹង បានយើងដឹងថា ជាការប្តឹងផ្តល់មែន។ ប៉ុន្តែ អ្វីដែលខ្ញុំសំណូមពរ គ្រាន់តែជាការរំពៃ សុំឱ្យ គណបក្សទាំង២ ជួបធ្វើការចរចាគ្នា ដើម្បីរក ដំណោះស្រាយនយោបាយណាមួយឱ្យសម- ស្រប ដើម្បីបញ្ចុះកម្តៅនយោបាយ ដើម្បីធ្វើ- ការអភិវឌ្ឍប្រទេសជាតិយើង ធ្វើឱ្យមានទំនុក ទុកចិត្តដល់អ្នកវិនិយោគនៅក្រៅប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេស អូស្ត្រាលី ប្រទេសកាណាដាជាដើមហ្នឹង ឱ្យគេ មកធ្វើការវិនិយោគនៅក្នុងប្រទេសយើង ដើម្បី យើងបង្កើតការងារជូនដល់ពលកររបស់យើង កុំឱ្យពលកររបស់យើងមានការលំបាកធ្វើចំណាក ស្រុកទាំងត្រូវច្បាប់ ទាំងខុសច្បាប់ ទៅប្រទេស គេ។ អ៊ីចឹងខ្ញុំសំណូមពរថា ធ្វើម៉េចឱ្យគណបក្ស ទាំង២ គិតពីផលប្រយោជន៍ប្រទេសជាតិ ដើម្បី ស្វែងរកអនាគតដ៏ល្អ សម្រាប់យុវជនជំនាន់ ក្រោយ”។

ពាក់ព័ន្ធនឹងករណីនេះដែរ “នគរធំ” ក៏ បានទាក់ទងសុំមតិយោបល់ការឆ្លើយតបពី លោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណ- បក្សសម រង្ស៊ី ដែរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានលោកស្រីបញ្ជាក់ ថា លោកស្រីនៅរឹងមាំល្អ មិនតក់ស្លុតនឹងការ ប្រកាសប្តឹងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នេះទេ។

លោកស្រីថាក់ ឡានី មានប្រសាសន៍ថា “ខ្ញុំនៅឆ្ងាយណាស់ ខ្ញុំនៅខេត្តរតនគិរី ខ្ញុំកំពុង- តែជាប់ការងារ ខ្ញុំអត់ចង់និយាយអីទាំងអស់។ ខ្ញុំអត់ចង់ជួបអ្នកណាទាំងអស់ ចាំខ្ញុំហើយការ- ងារខ្ញុំសិន។ ប៉ុន្តែខ្ញុំដឹងហើយៗអត់អីទេ ខ្ញុំនៅ មានការរឹងមាំនៅឡើយទេ អត់មានតក់ស្លុត អីទេ ព្រោះអ្វីៗដែលខ្ញុំនិយាយនេះ គឺខ្ញុំមិន បានថាទេ ខ្ញុំមិនបានថាស្អីទាំងអស់។ ដូច្នោះ ហើយចាំរួច ខ្ញុំនិយាយ ខ្ញុំឥឡូវជាប់រវល់”។

ចំណែកអ្នកនាំពាក្យព្រឹទ្ធសភា លោកម៉ម ប៊ុននាង បានបញ្ជាក់ប្រាប់ “នគរធំ” ថា ព្រឹទ្ធសភា ការពារសមាជិក ឬមិនការពារ ត្រូវផ្អែក ទៅលើស្ថាប័នទាំង២ គឺស្ថាប័នតុលាការ និង ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយ សិទ្ធិបញ្ចោញមតិមាន តែសិទ្ធិចោទប្រកាន់គ្មាន ទេ ដូច្នេះបុគ្គលនោះ ទទួលកំហុស។

លោកម៉ម ប៊ុននាង មានប្រសាសន៍ថា “ខ្ញុំ បានមើលឃើញព័ត៌មាននៅក្នុង ធរសេហ ណេឹ។ ហើយនិងបានមើលឃើញវីដេអូឃ្លីបរបស់ជំទាវ ថាក់ ឡានី ហ្នឹងដែរ គឺថា ការដែលគាត់លើក ឡើង វាជាការចោទប្រកាន់ហ្នឹង វាអត់សមស្របទេ ពីព្រោះអ្វីដែលគាត់លើកឡើង គឺវា អត់មានផ្អែកទៅលើភ័ស្តុតាងអីជាក់លាក់ទេ គាត់ ចេះតែមានប្រសាសន៍ផ្តេសផ្តាស ហើយចំពោះ រាជរដ្ឋាភិបាល គឺសម្តេចលោកប្តឹង អាហ្នឹង គឺជាការងាររបស់រាជរដ្ឋាភិបាល ឯព្រឹទ្ធសភា យើងរង់ចាំ តើបណ្តឹងហ្នឹង ស្ថាប័នក្រសួងយុត្តិធម៌ ខាងតុលាការ និងក្រសួងមហាផ្ទៃ ចំណាត់ការ បែបម៉េចមកដល់យើង បានយើងធ្វើការប្រជុំ ពិភាក្សា តើនីតិវិធីត្រូវដោះស្រាយយ៉ាងម៉េច តែរហូតមកដល់ពេលនេះ គឺអត់ទាន់មានខាង ចំណាត់ការរបស់ស្ថាប័នសមត្ថកិច្ចបញ្ជូនមក យើងនៅឡើយទេ ព្រោះថ្ងៃនេះ គឺថ្ងៃសៅរ៍ ស្អែកថ្ងៃអាទិត្យទៀត។ អ៊ីចឹងគឺថា អត់ទាន់ ឃើញលិខិតណាមកជាផ្លូវការនៅឡើយទេ។ ដូច្នេះមុននឹងយើងលើកឡើង ឬផ្តល់ព័ត៌មានជូន លុះត្រាតែយើងមានឯកសារជាក់លាក់ពីស្ថាប័ន ២ ហ្នឹងសិន។ យើងចាំពិនិត្យទៅលើស្ថាប័ន ដែល បញ្ជូនរបាយការណ៍មក តើវាបែបម៉េចខ្លះ? ដើម្បីខាងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធ- សភា នឹងកោះប្រជុំ ដើម្បីពិនិត្យ”។

លោកម៉ម ប៊ុននាង មានប្រសាសន៍បន្តថា “ការបញ្ចោញមតិ ផ្អែកទៅលើលក្ខន្តិកៈ ផ្អែក ទៅលើបទបញ្ជាផ្ទៃក្នុង និងផ្អែកទៅលើរដ្ឋធម្ម- នុញ្ញ គឺមិនហាមឃាត់ទេ គឺសិទ្ធិបញ្ចោញមតិ មាន ប៉ុន្តែសិទ្ធិចោទប្រកាន់គ្មាន ព្រោះគាត់ មិនមែនជាសមត្ថកិច្ចរបស់តុលាការ ហើយបើ សិនគាត់ចោទប្រកាន់ ត្រូវផ្អែកទៅលើភ័ស្តុតាង ហើយបើសិនជាអត់មានភ័ស្តុតាង យើងទៅ ជារឿងលាបពណ៌ អាហ្នឹងគឺវាមិនមែនជាភាព- ជាក់ស្តែង អាហ្នឹងគឺបុគ្គលណាធ្វើ បុគ្គលហ្នឹង ទទួលកំហុសទៅ។ បើសិនជាសមត្ថកិច្ចក្រសួង យុត្តិធម៌ មើលឃើញថា អាហ្នឹងជាការខុសនឹង ច្បាប់ អាហ្នឹងគឺចោទប្រកាន់ទៅលើរាជរដ្ឋា- ភិបាល គឺរាជរដ្ឋាភិបាល ដាក់បណ្តឹងទៅ អាហ្នឹង គឺជាការត្រឹមត្រូវហើយ”។

គួររំលឹកថា សម្តេចហ៊ុន សែន នាយករដ្ឋ- មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការ- ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ថា ក្នុងនាម រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់សម្តេច សូមថ្កោលទោសយ៉ាងម៉ឺងមាត់ចំពោះឃាតកម្ម សម្លាប់លោកបណ្ឌិតកែម ឡី ដែលនេះជាអំពើ ព្រៃផ្សៃបំផុត ដែលមិនអាចអត់ឱនឱ្យបាន ឡើយ។ ជាមួយគ្នានេះ សម្តេចក៏បានចេញ បទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរក ចាប់ខ្លួនជនដៃដល់ និងអ្នកសមគំនិតទាំងឡាយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នា នេះ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវកុំឱ្យ បង្វែររឿងឃាតកម្មទៅជារឿងនយោបាយ៕

ដោយ ៖ កុលបុត្រ