Tuesday, July 1, 2025
Homeព័ត៌មានជាតិយុទ្ធសាស្ត្រឆាវឆាវ បណ្ឌិតពេជ្រ ស្រស់ ថាសម្តេចហ៊ុន សែន ប្រើយកឈ្នះថៃ

យុទ្ធសាស្ត្រឆាវឆាវ បណ្ឌិតពេជ្រ ស្រស់ ថាសម្តេចហ៊ុន សែន ប្រើយកឈ្នះថៃ

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ លោកបណ្ឌិត ពេជ្រ ស្រស់ បានលើកឡើងថា ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រើយុទ្ធសាស្រ្តឆាវឆាវ ក្នុងរឿង «សាមកុក» យកឈ្នះថៃ ដែលក្បួនឈ្នះសឹកសង្គ្រាម ដោយប្រើយុទ្ធសាស្រ្តឆាវឆាវ អាចបំបែកបំបាក់ផ្ទៃក្នុងសត្រូវ ឲ្យលែងទុកចិត្តគ្នាបានយ៉ាងមានប្រសិទ្ធភាព ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ក្បួនសឹកដ៏មានប្រសិទ្ធភាព គឺយុទ្ធសាស្រ្តឱ្យសត្រូវលែងទុកចិត្តគ្នា រហូតបែកបាក់ផ្ទៃក្នុង ពេលនោះចេញច្បាំងម្តង យកឈ្នះសរុប ។ ឆាវឆាវ ប្រើយុទ្ធសាស្រ្តនេះគ្រប់ចម្បាំង“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកបណ្ឌិត ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ថា យុទ្ធសាស្រ្តឆាវឆាវ ដែលសម្ដេចហ៊ុន សែន ប្រើប្រាស់ វាសមជាមួយនឹងអ្វីដែលថៃ ទទួលបានយុទ្ធសាស្រ្តនេះហើយ ដោយសារតែថៃ និយាយក្នុងផ្សេង ដល់ពេលចេញក្រៅ និយាយផ្សឹង ។ ដូច្នេះចង់មិនចង់ ក្នុងនាមជាអ្នកនយោបាយ និងដឹកនាំប្រទេស ត្រូវតែមានយុទ្ធសាស្រ្តវាយបក ដើម្បីបង្រ្កាបឲ្យដៃគូសត្រូវចុះចាញ់ ។ មួយវិញទៀត ក្បួនឈ្នះសឹកសង្រ្គាម យុទ្ធសាស្រ្តឆាវឆាវ ពិតជាអាចបំបែកបំបាក់ផ្ទៃក្នុងសត្រូវ ឲ្យលែងទុកចិត្តគ្នាបាន ហើយយុទ្ធសាស្រ្តនេះ មានប្រសិទ្ធភាព មិនថាតែជំនាន់ឆាវឆាវ ទេ ជំនាន់ណាក៏ដូចជំនាន់ណាដែរ ពីព្រោះទំនុកចិត្តផ្ទៃក្នុងនេះ សំខាន់ណាស់ សម្រាប់ក្រុមមួយ ដើម្បីមូលមតិគ្នា ដើម្បីប្រមូលកម្លាំងសាមគ្គីក្នុងការតតាំងជាមួយគូប្រយុទ្ធ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “មែនទែនទៅ ក្នុងនាមអ្នកនយោបាយ ហើយក្នុងនាមជាអ្នកដែលដឹកនាំប្រទេស ជាពិសេសការពារកិត្តិយសនៃជាតិដែលខ្លួនកំពុងដឹកនាំ ខ្ញុំគិតថា ការប្រើប្រាស់យុទ្ធសាស្រ្តមួយ ដើម្បីយកឈ្នះគូសត្រូវ ជាពិសេសគឺយុទ្ធសាស្រ្តដែលយើងតែងតែទទួលបានពីការមើលនិងការស្ដាប់ ក៏ដូចជាការអាន ហើយបើយើងអនុវត្តមានប្រសិទ្ធភាព ខ្ញុំគិតថា វាល្អ ពីព្រោះយុទ្ធសាស្រ្តនេះ គឺដើម្បីយកឈ្នះនូវគូប្រកួតប្រជែង កុំឲ្យគេមានប្រៀបជាង ហើយកុំឲ្យជាតិរបស់យើងអាប់ឱន ដោយសារតែយើងចាញ់នូវប្រៀបរបស់គេ ។ អ៊ីចឹងយុទ្ធសាស្រ្តដែលសម្ដេចតេជោ ហ៊ុន សែន លោកប្រើប្រាស់ បើនិយាយឲ្យចំ ជាយុទ្ធសាស្រ្តឆាវឆាវ ហ្នឹង វាសមជាមួយនឹងអ្វីដែលថៃ ទទួលបានយុទ្ធសាស្រ្តនេះហើយ ដោយសារតែថៃ និយាយក្នុងផ្សេង ដល់ពេលចេញក្រៅ និយាយផ្សឹង ។ អ៊ីចឹងចង់មិនចង់ គឺក្នុងនាមជាអ្នកនយោបាយ និងដឹកនាំប្រទេស ត្រូវតែមានយុទ្ធសាស្រ្តវាយបក ដើម្បីបង្រ្កាបឲ្យដៃគូសត្រូវហ្នឹងចុះចាញ់“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ទី២ ក្បួនឈ្នះសឹកសង្រ្គាម យុទ្ធសាស្រ្តឆាវឆាវ គឺពិតជាអាចបំបែកបំបាក់ផ្ទៃក្នុងសត្រូវ ឲ្យលែងទុកចិត្តគ្នាបាន ដោយហេតុថា ការងារអ្វីក៏ដោយ កាលណាតែផ្ទៃក្នុងលែងត្រូវគ្នា គឺការងារនោះនឹងបរាជ័យ ក្រុមណាក៏ដោយ ឲ្យតែមានការបែកបាក់ផ្ទៃក្នុង ក្រុមនោះនឹងចុះទន់ខ្សោយ ។ អ៊ីចឹងយុទ្ធសាស្រ្តឆាវឆាវ ដែលធ្វើឲ្យសត្រូវលែងទុកចិត្តគ្នា គឺមានប្រសិទ្ធភាព មិនថាជំនាន់ឆាវឆាវ ទេ ជំនាន់ណាក៏ដូចជំនាន់ណាដែរ ពីព្រោះទំនុកចិត្តផ្ទៃក្នុងនេះ សំខាន់ណាស់ សម្រាប់ក្រុមមួយ ដើម្បីមូលមតិគ្នា ក៏ដូចជាដើម្បីប្រមូលកម្លាំងសាមគ្គីគ្នាក្នុងការតតាំងជាមួយគូប្រយុទ្ធ គូប្រជែង ។ ប៉ុន្តែបើផ្ទៃក្នុងមិនត្រូវគ្នាហើយ មិនអាចទៅប្រយុទ្ធជាមួយអ្នកខាងក្រៅបានទេ នោះគឺថា នឹងចាញ់គេមុនប្រយុទ្ធតែម្ដង» ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តទៀតថា “សម្រាប់ខ្ញុំ ក្នុងនាមគណបក្សនយោបាយ ហើយនិងក្នុងនាមជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ខ្ញុំមិនយល់ទាស់នូវយុទ្ធសាស្រ្តរបស់សម្ដេចតេជោ ដែលប្រើប្រាស់ជាមួយនឹងសត្រូវដែលបំពានជាតិខ្មែរទេ ពីព្រោះធ្វើអ្វីក៏ដោយ មិនមែនតែនយោបាយទេ ត្រូវតែមានយុទ្ធសាស្រ្តនិងវិធីសាស្រ្ត ។ អ៊ីចឹងការប្រើយុទ្ធសាស្រ្តបែបណា អាហ្នឹងវាអាស្រ័យទៅលើអ្នកប៉ិនប្រសប់ក្នុងការប្រើទៀត ហើយស្គាល់កាលៈទេសៈនៃការប្រើ ។ អ៊ីចឹងយុទ្ធសាស្រ្តអ្វីក៏ដោយ ឲ្យតែយើងយកប្រៀបឈ្នះសត្រូវបាន ហើយផ្ដល់ផលប្រយោជន៍ដល់ជាតិ ខ្ញុំគាំទ្រ ឲ្យតែយុទ្ធសាស្រ្តនោះ វាមិនមែនជាយុទ្ធសាស្រ្តសម្លាប់មនុស្ស ឬក៏យុទ្ធសាស្រ្តធ្វើឲ្យពិភពលោកកើតសង្រ្គាមលោកលើកទី៣ បើត្រឹមតែយុទ្ធសាស្រ្តយកឈ្នះ យកប្រៀបលើគូសត្រូវ ខ្ញុំមិនយល់ទាស់ទេ ដោយសារអី? មេដឹកនាំនីមួយៗ មិនថាតែសម្ដេចតេជោ ទេ សូម្បីតែខ្ញុំ ក៏មានយុទ្ធសាស្រ្តរបស់ខ្ញុំ ដើម្បីដឹកនាំបក្ស ហើយនិងដើម្បីប្រកួតប្រជែងជាមួយដៃគូប្រកួតប្រជែងដទៃទៀតដែរ“ ។

ជុំវិញការលើកឡើងរបស់លោកបណ្ឌិតពេជ្រ ស្រស់ ខាងលើនេះដែរ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាកប្រាប់ “នគរធំ “ នៅថ្ងៃដដែលនោះថា យុទ្ធសាស្រ្តដែលសម្ដេចហ៊ុន សែន កំពុងតែប្រើនេះ វាមិនដូចជាយុទ្ធសាស្រ្តរបស់ឆាវឆាវ ទាំងស្រុងទេ ពីព្រោះវាជាយុទ្ធសាស្រ្តមួយ ដែលសងទៅខ្មាំង ហើយក្បួនឈ្នះសឹកសង្រ្គាមយុទ្ធសាស្រ្ត ដែលឆាវឆាវ ប្រើ និងអ្វីដែលសម្ដេចហ៊ុន សែន កំពុងតែប្រើនេះ ក៏មិនបានធ្វើឲ្យសត្រូវលែងទុកចិត្តគ្នាទាងស្រុងដែរ ប៉ុន្តែវាជាសារមួយ ដើម្បីឲ្យភាគីដែលជាសត្រូវសួពូជរបស់ត្រកូលថាក់ស៊ីន នោះ គឺពួកអាមាត្យ និងពួកកងទ័ព ហើយក៏មានពួកប្រឆាំងក្ដី ដែលបែកបាក់សម្ព័ន្ធភាពជាមួយបក្សភឿថៃ មើលមុខគ្នាលែងចំហើយ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ចំណុចទី១ ពាក់ព័ន្ធនឹងការបញ្ចេញឃ្លីបសំឡេងសន្ទនាជាមួយនាយករដ្ឋមន្រ្តីថៃ បង្ហាញថា សម្ដេចហ៊ុន សែន កំពុងប្រើយុទ្ធសាស្រ្តឆាវឆាវ ដើម្បីយកឈ្នះថៃ មែននោះ គឺខ្ញុំយល់ឃើញថា យុទ្ធសាស្រ្តដែលសម្ដេចតេជោ កំពុងតែប្រើនេះ វាមិនដូចជាយុទ្ធសាស្រ្តរបស់ឆាវឆាវ ទាំងស្រុងទេ ពីព្រោះវាជាយុទ្ធសាស្រ្តមួយ ដែលសងទៅខ្មាំង ។ មានន័យថា ពូជលោកថាក់ស៊ីន គឺជាពូជមួយដែលធ្លាប់មានទំនាក់ទំនងស៊ីជម្រៅស្និទ្ធស្នាលជាមួយសម្ដេចតេជោ ប៉ុន្តែចុងក្រោយ ពូជនោះបែរជាសកវាយបកមកសម្ដេចតេជោ វិញ ។ អ៊ីចឹងអ្នកនោះ គឺក្បត់នូវសម្ព័ន្ធភាព អ៊ីចឹងការបញ្ចេញឃ្លីបនេះ គឺជាចេតនាមួយដែលវាយបកទៅក្រុមលោកថាក់ស៊ីន ជាពិសេសកូនស្រីលោកថាក់ស៊ីន ដែលជានាយករដ្ឋមន្រ្តី មានចេតនាអាក្រក់ជាមួយនឹងប្រទេសកម្ពុជាយើង មានចេតនាអាក្រក់ជាមួយសម្ដេចហ៊ុន សែន ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារត្រកូលហ៊ុន ទាំងអស់ វាគឺជារឿងមួយដែលពិបាកទទួលយកណាស់ ។ អ៊ីចឹងការវាយបកនេះ វាធ្វើឲ្យចំចំណុចក្ដៅ ចំចំណុចស្នូលនៃភាគីម្ខាងទៀត ដែលធ្វើឲ្យបំបែកនូវកលល្បិចរបស់ភាគីម្ខាងទៀត ដែលហៅថា ឆ្មាលាក់ក្រចកនោះ ត្រូវបានចេញក្រចកមក ។ អ៊ីចឹងយើងឃើញថា យុទ្ធសាស្រ្តរបស់ពួកថៃ ដែលកំពុងតែប្រើនោះ គឺជាយុទ្ធសាស្រ្តមួយដែលហៅថា ល្បែងឈ្លោះគ្នា ប្ដីប្រពន្ធឈ្លោះគ្នាក្នុងគ្រួសារ ក៏ប៉ុន្តែជាល្បែងវង្វេងចូល ជាល្បែងមួយដើម្បីបន្លប់ខ្មែរយើងទេ ជាល្បែងមួយដើម្បីកេងចំណេញ គាបសង្កត់មកលើខ្មែរយើង អ៊ីចឹងយើងជាជនរងគ្រោះសុទ្ធសាធ ។ អ៊ីចឹងយុទ្ធសាស្រ្តដែលសម្ដេចហ៊ុន សែន បញ្ចេញឃ្លីបនេះ គឺបំបែកឲ្យខ្មាំងលែងទុកចិត្តគ្នា បំបែកឲ្យភាគីដែលជាសត្រូវរបស់ត្រកូលថាក់ស៊ីន នោះ មានឱកាសក្នុងការវ៉ៃបកទៅគ្រួសារលោកថាក់ស៊ីន វិញ ពីព្រោះគ្រួសារលោកថាក់ស៊ីន បានវ៉ៃបកមកសម្ដេចហ៊ុន សែន វិញទាំងទទឹងទិស មានន័យថា ជាការអន់ផ្នែកសីលធម៌មួយ សម្រាប់ក្នុងអាជីពជាអ្នកនយោបាយ ឬក៏ក្នុងការទំនាក់ទំនងបុគ្គលក្ដី គឺការដែលបែកខ្សែអាត់សំឡេងនោះ គឺវាជារឿងមួយដែលកូនលោកថាក់ស៊ីន បង្កើតមុនទេ ហ្នឹងចំណុចទី១“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ក្បួនសឹក យុទ្ធសាស្រ្តដែលឆាវឆាវ ប្រើ ហើយនិងអ្វីដែលសម្ដេចហ៊ុន សែន កំពុងតែប្រើនេះ គឺវាមិនបានធ្វើឲ្យសត្រូវលែងទុកចិត្តគ្នាទាងស្រុងទេ ប៉ុន្តែវាជាសារមួយ ដើម្បីឲ្យភាគីដែលជាសត្រូវសួពូជរបស់ត្រកូលថាក់ស៊ីន នោះ គឺពួកអាមាត្យ ហើយនិងពួកកងទ័ព ហើយក៏មានពួកប្រឆាំង អតីតគណបក្សឆ្ពោះទៅមុខ ក្ដី គណបក្សភូមិចៃថៃ ក្ដី ដែលបែកបាក់សម្ព័ន្ធភាពជាមួយបក្សកូនលោកថាក់ស៊ីន នេះ បក្សភឿថៃ នេះ គឺមើលមុខគ្នាលែងចំហើយ ។ អ៊ីចឹងចង់មិនចង់ ខ្ញុំមើលឃើញពីសេណារីយ៉ូនៃការរួបរួមគ្នារវាងបក្សប្រឆាំង ព្រោះសំឡេងខុសគ្នាបួនដប់សំឡេងទេ អាចបង្កើតរដ្ឋាភិបាលបានហើយ ។ អ៊ីចឹងរដ្ឋាភិបាលដែលដឹកនាំដោយកូនលោកថាក់ស៊ីន នេះ មិនអាចឈរជើងបានទេ ប្រាកដជាត្រូវរលំ មិនថាដោយតាមវិធីយោធា ឬក៏បក្សប្រឆាំងរួមគ្នាដើម្បីបង្កើតរដ្ឋាភិបាល ហើយខ្លួនឯងក្លាយទៅជាគណបក្សប្រឆាំងវិញនោះ គឺមិនយូរទេ ប្រាកដជាចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែសម្ពាធដែលបង្កើតឡើងដោយពួកយោធា និងក្រុមអាមាត្យ ដែលតាមរយៈធ្វើឲ្យមានភាពតានតឹងនៅតាមព្រំដែននេះ គឺចង់មិនចង់ គឺយើងក៏ទទួលរងនូវថ្មបាក់ខ្លះដែរ ។ អ៊ីចឹងយុទ្ធសាស្រ្តឈ្នះសង្រ្គាម ដែលប្រើនេះ គឺច្បាស់ណាស់ សត្រូវនឹងបែកបាក់ផ្ទៃក្នុង ហើយការបែកបាក់ក្នងនេះ នឹងធ្វើឲ្យមានការផ្លាស់ប្ដូរនូវរដ្ឋាភិបាលថ្មី ដែលមិនមែនជាគ្រួសារលោកថាក់ស៊ីន នេះចំណុចទី២“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ចំណុចទី៣ សម្រាប់ខ្ញុំ ក្នុងនាមជាគណបក្សសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានប្រតិភូគណបក្សសន្តិភាពជាតិ នៅក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ខ្ញុំគាំទ្រគ្រប់យន្តការដែលរាជរដ្ឋាភិបាល ដាក់ចេញ ដើម្បីឆ្លើយតបចំពោះភាគីថៃ ខ្ញុំគាំទ្រសម្រាប់យុទ្ធសាស្រ្តនានារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកជាអគ្គភ័ស្តុភារជាន់ខ្ពស់កងទ័ពនេះ គឺកងទ័ពមានទឹកចិត្តខ្លាំងណាស់ ដើម្បីប្រឈមជាមួយខ្មាំងដែលកំពុងតែឈ្លានពាន ប្រើគ្រប់វិធីសាស្រ្តទាំងអស់ ដើម្បីធ្វើឲ្យយើងផ្ទុះអាវុធមុន ដើម្បីវាមានលេស ដើម្បីមកសង្កត់យើងឲ្យដកបណ្ដឹងចេញពី ICJ នោះ ។ អ៊ីចឹងខ្ញុំសុំជម្រាបបន្ថែមថា ពាក្យបណ្ដឹងដែលយើងបានដាក់ទៅ ICJ នោះ យើងបានដាក់រួចទៅហើយ ផ្លូវការរួចទៅហើយ ICJ ក៏ទទួលស្គាល់ថា ពាក្យបណ្ដឹងរបស់យើង គឺត្រឹមត្រូវតាមគតិច្បាប់ ។ អ៊ីចឹងគេទទួលយកហើយ ប៉ុន្តែបណ្ដឹងនេះ ជាបណ្ដឹងរវាងរដ្ឋនិងរដ្ឋ មិនមែនបណ្ដឹងឯកជនទេ ។ អ៊ីចឹងការសម្ងាត់ វាជារឿងមួយដែលខ្លាំងបំផុត អ៊ីចឹងគេមាននីតិវិធីរបស់គេ ចៀសវាងពួកប្រឆាំង ពួកផ្កាប់មុខ ដែលចេះតែបង្កើតរឿង ចេះតែមិនដឹងខ្យល់អី ឲ្យបានជ្រាបផង កន្លែងហ្នឹង ឲ្យខ្មែរយើងបានភ្លឺភ្នែកទាំងអស់គ្នាផងថា នៅក្នុងសករាជតេជោ សករាជសម្ដេចធិបតី នេះ យើងមានកម្លាំងសាមគ្គីភាពជាតិ ឯកភាពជាតិយ៉ាងពិតប្រាកដ ដើម្បីឆ្លើយតបចំពោះខ្មាំងឈ្លានពានគ្រប់បែបយ៉ាងទាំងអស់ ទោះបីតាមមធ្យោបាយណាក៏ដោយ យើងក្លាយទៅជាប្រជាជាតិមួយដែលរឹងមាំជាងមុន ខ្លាំងជាងមុន ហើយមានសក្ដានុពលជាងមុន ដែលខ្មាំង មិនអាចប្រមាថយើងបានឡើយ“ ។

គួរបញ្ជាក់ថា ក្នុងប្រវត្តិសាស្រ្តបុរាណចិន ឆាវឆាវ គឺជាអ្នកដឹកនាំដ៏ឆ្លាតជាងគេម្នាក់។ បើទោះជាគាត់មិនអាចបង្រួបបង្រួមនគរទាំងបី បានក៏ពិតមែន តែគាត់នៅតែឆ្លាត គឺឆ្លាតត្រង់ថា គាត់សាហាវ មានល្បិចកល ពិសពុល ពុតត្បុត យល់កាលទេសៈ ថែមទាំងចេះប្រើមនុស្សឲ្យអស់ពីសមត្ថភាពទៀតផង។ គាត់បានសិក្សាយ៉ាងជ្រៅជ្រះ នូវជំនាញយុទ្ធគុន យុទ្ធសាស្រ្ត អក្សរសាស្រ្ត នយោបាយ ទស្សនៈវិទ្យា ។ល។ នៅក្នុងអំឡុងពេលនៃសង្រ្គាមបីនគរនោះ គាត់គឺជាអ្នកខ្លាំងជាងគេបង្អស់ ប៉ុន្តែគាត់ពុំមែនជាអ្នកឈ្នះពិតប្រាកដនៃសង្រ្គាមនេះទេ ពោលគឺអ្នកឈ្នះពិតប្រាកដ គឺស៊ឺម៉ាអ៊ី ។ ទោះបីគាត់ពុំមែនជាអ្នកឈ្នះ ប៉ុន្តែគាត់ក៏ពុំមែនជាអ្នកចាញ់ដែរ ព្រោះគាត់បានស្លាប់ដោយសាររោគាពាធ ក្នុងអំឡុងពេលសង្រ្គាមមិនទាន់បញ្ចប់នៅឡើយ ។

ទ្រឹស្តីរបស់ឆាវឆាវ ដែលគួរឲ្យចាប់អារម្មណ៍ មានដូចជា “មួយជីវិតមនុស្ស ផឹកស៊ីសប្បាយមានប៉ុន្មានដង?” , “ទ័ពដែលឈ្នះផ្ទួនៗ គឺជាទ័ពក្អេងក្អាង ហើយទ័ពក្អេងក្អាង គឺជាទ័ពបរាជ័យ“, “ចរចាគឺចុះចាញ់” និង “សុខចិត្តក្បត់គេ តែមិនឲ្យគេក្បត់” ។

ក្រៅពីទ្រឹស្ដី ឆាវឆាវ មានចំណុចខ្លាំងចំនួន ១០ចំណុច រួមមាន ១. មានសមត្ថភាពពិត ២. ពូកែរៀបចំយុទ្ធសាស្ត្រ និងប្រើប្រាស់មនុស្ស ៣. ហ្មត់ចត់ ច្បាស់លាស់ ៤. គុណនិងទោសបែងចែកច្បាស់លាស់ ៥. ឱ្យតម្លៃមនុស្សមានសមត្ថភាព ៦. ចេះផ្ដល់ឱកាសឱ្យកូនចៅ ៧. ពេលជួបបញ្ហាមិនតក់ស្លុតនិងជ្រួលច្របល់ ៨. ពូកែវិភាគនិងសង្កេតមនុស្សជុំវិញខ្លួន ៩. មានភាពខ្លាំងក្នុងការដឹកនាំ និង១០. ចេះស្គាល់ឱកាស និងចេះរង់ចាំឱកាស ៕ កុលបុត្រ

RELATED ARTICLES