Loading...

កម្ពុជា​ចំណាយ​ប្រាក់​១០០​លាន​ដុល្លារ​ នាំ​សាច់​ចូល​ពី​ប្រ​ទេស​ជិត​ខាង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 7:08 am

ភ្នំពេញ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា មួយឆ្នាំកម្ពុជាចំណាយប្រាក់រហូតដល់១០០លានដុល្លារ ដើម្បីនាំសាច់ចូលពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់តម្រូវការដែលចេះតែកើនឡើង។

ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្មបានថ្លែងប្រាប់ក្រុមអ្នកកាសែតនាព្រឹកថ្ងៃម្សិលម៉ិញថា យើងបានដឹងទាំងអស់គ្នាថា មូលហេតុអ្វីដែលយើងទាមទារបរិមាណនិងចំនួនសាច់សត្វកើនឡើង គឺមកពីកម្ពុជាមិនមានសាច់ផ្គត់ផ្គង់ទីផ្សារគ្រប់ចំនួនទើបយើងធ្វើការនាំចូល។នេះជាចំណុចសំខាន់ ដែលយើងគិតគូដោះស្រាយទាំងអស់គ្នា និងជាបញ្ហាចំបងរបស់កសិករ ដែលយើងត្រូវដោះស្រាយជូនគាត់។ឯកឧត្តមបន្តថា តំលៃសាច់ថ្លៃនៅកម្ពុជា ពាក់ព័ន្ឋដល់ការប្រកួតប្រជែងដល់ការចិញ្ចឹម និងមូលហេតុដែលគេលក់តំលៃថោក ហើយមូលហេតុអីយើងលក់តំលៃថ្លៃមកពីយើងចិញ្ចឹមបានតិច។ សាច់សត្វដែលបាននាំចូលពីប្រទេសថៃ វៀតណាម និងប្រទេសដទៃទៀត។

ឯកឧត្តមបន្តថា នៅពេលយើងស្រាវជ្រាវបានរកឃើញថា អ្វីជាការប្រឈមរបស់កសិករ គឺបញ្ហាចំណី ដែលមានតំលៃខ្ពស់បន្តិច ទើបលោកសម្រេចដាក់សំណើរទៅសម្តេចតេជោ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកវិនិយោគចំណីសត្វមានតំលៃថោកជូនកសិករយើង ដែលអាចចិញ្ចឹមសត្វ ធ្វើការប្រកួតប្រជែងជាមួយសាច់សត្វនាំចូលប៉ុន្តែបើយើងបិទច្រកណាមួយសាច់សត្វទាំងអស់នឹងឡើងថ្លៃ ហើយនឹងមានការផ្ទុះប្រតិកម្មទៅនឹងគោលនយោបាយរបស់ក្រសួងកសិកម្មមិនខាន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនSLN Meat Supplies Pty, Ltdបាននាំចូលគោពីប្រទេសអូស្រ្តាលី ដើម្បីផ្គត់ផ្គង់សាច់គោនៅទីផ្សារកម្ពុជា ដែលតម្រូវការសាច់គោអូស្រ្តាលីមានការកើនឡើងជាបន្តបន្ទាប់។

លោកអ៊ឹម វណ្ណារិទ្ឋអ្នកនាំពាក្យក្រុមហ៊ុនSLN Meat Supplies Pty, Ltdបានថ្លែងថា តម្រូវការសាច់គោអូស្រ្តាលីនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងពេលនាំចូលតំបូង ក្រុមហ៊ុនបានកាប់គោអូស្រ្តាលី ដើម្បីផ្គត់ផ្គង់ទីផ្សារ ៣០ក្បាលប៉ុណ្ណោះ ប៉ុន្តែដោយសារតម្រូវការសាច់កើនឡើង បានធ្វើឲ្យក្រុមហ៊ុនកាប់គោក្នុងមួយថ្ងៃ កើនរហូតដល់រហូតដល់១០០ក្បាលនាពេលបច្ចុប្បន្ននេះ។លោកបន្តថា តម្រូវការគោក្នុងទីផ្សារបានកើនឡើងចន្លោះពី៥ទៅ១០ភាគរយ ក្នុងមួយថ្ងៃ ដោយសារកម្រិតប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង និងប្រជាពលរដ្ឋកាន់តែមានការយល់ដឹងពីសាច់គោអូស្រ្តាលី ជាសាច់មានវីតាមីនខ្ពស់ និងមិនមានមេរោគ។

លោកបន្តថា ក្រុមហ៊ុនបាននាំចូលសត្វគោចំនួន២៦៧៧ក្បាល ក្នុងជំហ៊ានតំបូង និងគ្រោងនាំចូល១៧០០ក្បាលបន្ថែមទៀតនៅកំឡុងខែកញ្ញាខាងមុខនេះ ហើយក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម ក្នុងការនាំចូលសត្វគោអូ  ស្រ្តាលីមកកម្ពុជាចំនួន៨០ម៉ឺនក្បាលក្នុងមួយឆ្នាំ៕

ដោយ ៖ គង់ លាងហួរ