ភ្នំពេញ ៖ បុរសម្នាក់ បានចាក់សោ ទុកកូនតូច២នាក់ នៅក្នុងផ្ទះ រួចចេញទៅផឹកស៊ីបាត់ ស្រាប់តែក្រោយមក កូនតូចទាំង២នាក់ បានយកដែកកេះ មកកេះលេង ធ្វើកើតជាអគ្គិភ័យ លុះអ្នកជិតខាងឮសូរសំឡេងក្មេងតូច យំផង និងធុំក្លិនឈ្ងៀម ក៏ស្ទុះចេញមកមើល ស្រាប់តែប្រទះឃើញភ្លើងឆេះផ្ទះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងនាំគ្នាគាស់ទ្វារចូលជួយសង្គ្រោះក្មេងតូចទាំង២នាក់ បានដោយសុវត្ថិភាព។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៥នៅត្រង់ចំណុចផ្ទះ 239E3 ជាន់ទី៣ ផ្លូវ 217z ក្រុម៥ ភូមិ១ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសជាម្ចាស់ផ្ទះខាងលើ បានចាក់សោផ្ទះ ដោយទុកកូនប្រុសតូច ចំនួន២នាក់ ដែលមានវ័យត្រឹមតែ៥ឆ្នាំ ឱ្យនៅក្នុងផ្ទះ ចំណែកបុរសជាឪពុក បានចេញ ទៅផឹកស៊ីបាត់។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ អ្នកជិតខាង បានឮសូរសំឡេងក្មេងស្រែកយំផង និងធុំក្លិនឈ្ងៀមយ៉ាងចម្លែក ក៏ស្ទុះចេញមកមើល ស្រាប់តែប្រទះឃើញផ្ទះខាងលើ កំពុងមានភ្លើងឆាបឆេះ និងថែមទាំងជាប់គាំងក្មេងតូច២នាក់ ជាកូនម្ចាស់ផ្ទះ នៅខាងក្នុងទៀតផង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋក្បែរខាង ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍។ បន្ទាប់មកកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំផ្ទាល់ដោយលោកថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបាននាំគ្នាគាស់ទម្លាយទ្វារ ចូលទៅជួយសង្គ្រោះក្មេងតូចទាំង២នាក់ ចេញមកក្រៅ បានដោយសុវត្ថិភាព ដោយមិនបង្កឱ្យរងរបួសនោះឡើយ រួចក៏នាំគ្នាជួយពន្លត់ភ្លើង រហូតដល់រលត់ទៅវិញភ្លាមៗ មិនធ្វើឱ្យឆេះរាលដាលឡើយ។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា អគ្គិភ័យនេះបានបង្កឱ្យខូចខាតសម្ភារៈអស់មួយចំនួនតូច តែមិន បណ្តាលឱ្យមនុស្សរងរបួសឡើយ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីក្មេងតូចៗទាំង២នាក់ លេងដែកកេះ ធ្វើឱ្យឆេះខោអាវ បង្កជាអគ្គិភ័យឡើងតែម្តង តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យខាងលើ បានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃដដែល ដោយក្នុងនោះ កម្លាំងជំនាញការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង ចុះជួយអន្តរាគមន៍ដែរ តែពុំបានប្រើប្រាស់ទឹក នោះទេ ដោយសារកម្លាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់បានទាន់ពេល៕

