Loading...

នំស្រួយ​​លីលី​​ពង្រីក​​ទីផ្សារ​​ទៅ​​កាន់​​ប្រ​ទេស​​ចិន ជា​​លើក​​តំបូង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 6:54 am

ភ្នំពេញ ៖ សហគ្រាសផលិតនំស្រួយលីលី បាននិងកំពុងពង្រីកការនាំចេញផលិតផលទៅកាន់ប្រទេសចិនជាលើកតំបូង ក្នុងជំហ៊ានថ្មីមួយទៀត ដែលអាចពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ប្រទេសកាន់តែច្រើនឡើង។

លោកស្រីកែវ មុំអគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលីបានថកលែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ សីហានេះថា នៅថ្ងៃនេះក្រុមហ៊ុនបាននិងកំពុងរៀបចំនាំចេញនំស្រួយលីៗចំនួន៤កុងទីណ័រទៅប្រទេសចិន ជាទីផ្សារថ្មីរបស់សហគ្រាសនេះ ដោយសារមានក្រុមហ៊ុនមកពីប្រទេសចិនបានចាប់អារម្មណ៍នាំយកផលិតផលនំស្រួយលីលីទៅលក់នៅប្រទេសរបស់ខ្លួន។ នំស្រួយដែលបាននាំចេញនេះ មានតំលៃជាង១ម៉ឺនដុល្លារក្នុងមួយកុងទីណ័រ។លោកស្រីបន្តថា នេះជាលើកតំបូងហើយ ដែលសហគ្រាសនំស្រួយលីលី បានពង្រីកទីផ្សារទៅកាន់ប្រទេសចិន និងគ្រោងធ្វើការនាំចេញទៅកាន់ប្រទេសអ៊ីតាលី និងប្រទេសបារាំងនាចុងឆ្នាំនេះបន្ថែមទៀត។

លោកស្រីបន្តថា“ការដែលនំស្រួយលីលីអាចពង្រីកទីផ្សារនៅក្រៅប្រទេស ដោយសារនំផលិតនៅសហគ្រាសនេះ មានស្តង់ដា និងអនាម័យខ្ពស់ ពិសេសនំស្រួយលីលីបានផលិតចេញពីប្រភេទអង្ករផ្ការំដួល ដែលជាអង្ករលេខ១របស់កម្ពុជា។ ការផលិតនំចេញពីអង្ករប្រភេទនេះ ធ្វើឲ្យនំស្រួលលីលីមានរសជាតិឈ្ងុយឆ្ងាញ់ ធៀបជាមួយផលិតផលពីប្រទេសផ្សេងៗទៀត”។

សហគ្រាសផលិតនំស្រួយលីលី បានចាប់ផ្តើមដំណើរការកាលពីឆ្នាំ២០០២ ដែលពេលនោះជាសហគ្រាសធុនតូចប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះសហគ្រាសនេះបានពង្រីកខ្លួនកាន់តែធំ ដែលបានប្រើប្រាស់បុគ្គលិក កម្មកររហូតដល់ជិត៣០០នាក់ និងអាចផលិតនំបានច្រើនជាង៣០រសជាតិ។

លោកស្រីកែវ មុំបានបន្តថា ការផលិតនំបច្ចុប្បន្នបាននិងកំពុងឆ្លើយតបតម្រូវការទីផ្សារជាក់ស្តែងក្រុមហ៊ុនបានហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងបោះទុនបន្ថែម ដើម្បីពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដែលអាចផលិតនំបានច្រើនជាង៣ដង ធៀបនឹងទំហំផលិតបច្ចុប្បន្ន។លោកស្រីបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងចចាជាមួយក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការសហការគ្នាផលងដែរ ប៉ុន្តែដំណើរការចចាមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែលោកស្រីមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនទាំងពីរអាចនឹងចាប់ដៃសហការគ្នានាពេលអនាគតបាន។

លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា សហគ្រាសនំស្រួយលីលី ជាសហគ្រាសគំរូមួយដែលបាននាំផលិតផល មិនត្រឹមតែចែកចាយនៅទីផ្សារកម្ពុជានោះទេ ប៉ុន្តែអាចពង្រីកការចែកចាយទៅកាន់បណ្តាប្រទេសក្នុងនិងក្រៅតំបន់បានផងដែរ។លោកបន្តថា សហគ្រាសធុនតូច និងមធ្យមកម្ពុជាបច្ចុប្បន្នបានពង្រីក និងពង្រឹងសមត្ថភាពផលិតរបស់ខ្លួនកាន់តែប្រសើរ ឡើង ដែលផលិតផលរបស់ពួកគេអាចជំនួស ផលិតផលនាំចូលពីបរទេសបានជា  បណ្តើរផងដែរ។

ក្រសួងពាណិជ្ជកម្មបាន និងកំពុងចាប់ផ្តើមយុទ្ឋនាការលើកកំពស់ផលិតផលខ្មែរ តាមរយៈការជំរុញឲ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើង ដោយបានរៀបចំស្តង់ពិព៌ណពាណិជ្ជកម្ម នៅតាមបណ្តាខេត្តធំៗជាច្រើន ហើយក្រសួងជាអ្នករ៉ាប់រងចំណាយលើទឹក ភ្លើង និងស្តង់ដោយឥតគិតថ្លៃដល់អ្នកផលិតក្នុងស្រុកនានាផងដែរ៕

ដោយ ៖ គង់ លាងហួរ