Loading...

សេដ្ឋី គង់​ខ្វះ​អំបែង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 2:00 am

ជាទូទៅ អ្នកមានទ្រព្យសម្បត្តិ បុណ្យស័ក្តិខ្ពង់ខ្ពស់ គឺមានតែមាសពេជ្រកែវកងពិទូរ្យសូរ្យកាន្ត មិនបានសន្សែសន្សំ របស់របរអន់ៗ មកដាក់ផ្ទះធំទ្រនំខ្ពស់នោះឡើយ លុះត្រូវការរបស់អន់ ក៏ស្រវេស្រវារត់រក។ ចំណែកអ្នកនយោបាយ បើ សេពគប់តែអ្នកមានទ្រព្យ មិនសូវរាប់អ្នកក្រនោះឈ្មោះថា បាត់បង់ការគាំទ្រពាក់កណ្តាលស្រេចទៅហើយ ស្របនឹងសុភាសិត ខ្មែរ១ឃ្លាថា “សេដ្ឋីគង់ខ្វះអំបែង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ខ្មែរយើងស្គាល់ពាក្យ “សេដ្ឋី” យ៉ាងច្បាស់ សំដៅដល់មហាពាណិជ ឬអ្នកជំនួញធំ សល់ទ្រព្យសម្បត្តិច្រើនហូរហៀរ មាន ទាំងបរិវារធ្វើការបម្រើរាប់មិនអស់។ សេដ្ឋី ឬមហាសេដ្ឋី ក៏មានទ្រព្យមិនស្មើគ្នាដែរ គឺមហាសេដ្ឋី មានហួសស្តេចផែនដីទៅ ទៀត ដែលពីជំនាន់បុរាណ សុទ្ធតែមានការតែងតាំងដោយព្រះរាជក្រឹត្យ។ នៅកម្ពុជា ជំនាន់ដើមមានសេដ្ឋីភាគច្រើនជា ជនជាតិចិន ត្រូវបានព្រះមហាក្សត្រតែងតាំងជា “ឧកញ៉ា” ដូចក្នុងរជ្ជកាលព្រះបាទអង្គឌួង មានការតែងតាំងសេដ្ឋីចិន ជាច្រើន រូប ឱ្យមានគោរមងារជា “ឧកញ៉ា” ដូចជា ឧកញ៉ាឧដុង្គភោគោ ស័ក្តិ៧ហ៊ូពាន់, ឧកញ៉ាឧត្តមភោគែ ស័ក្តិ៧ហ៊ូពាន់ និងឧកញ៉ា សុវត្ថិទ្រព្យា ស័ក្តិ៦ហ៊ូពាន់ ជាដើម។ សេដ្ឋីទាំងនោះមានឃ្លាំងមាសប្រាក់ជាច្រើនកន្លែង ជាពិសេស ឃ្លាំងដែលសង់ពីឈើ ខ្ពស់ពីដី លុះត្រាតែយកឈើទៅទល់រតផ្ទះបន្ថែមទៀត ទើបទ្រទម្ងន់មាសប្រាក់រាប់រយហាបបាន។ លុះមានហួសហេតុ អ៊ីចឹងពេកទៅ ដល់រដូវដាល់អំបុកម្តងៗ សេដ្ឋីក៏ចាត់បរិវារឱ្យដើររកអំបែង ព្រោះតែវិមានសេដ្ឋីគ្មានរបស់អន់បែបនេះទេ។

នៅក្នុងរឿង “ដឹងសងដឹង អំបែងសងអំបែង” ក៏បានតំណាលពីកូនក្រមុំសេដ្ឋីឃ្លានអំបុកពេក ក៏ចាត់អ្នកបម្រើឱ្យទៅខ្ចី អំបែងពីផ្ទះអ្នកក្ររស់នៅក្បែរគ្នា យកមកលីងអំបុក។ បន្ទាប់ពីដាល់អំបុករួច កូនសេដ្ឋីទុកអំបែងមិនប្រយ័ត្ន ស្រាប់តែមាន ឆ្កែខាំគ្នា ពារលើអំបែងបែកអស់ទៅ ក៏កើតជារឿងប្តឹងផ្តល់គ្នាឡើងដល់ព្រះមហាក្សត្រ ដែលរឿងនេះ អ្នកសិក្សាអក្សរសិល្ប៍ ខ្មែរ បានដឹងគ្រប់គ្នា…។

បើយករឿង “សេដ្ឋីគង់ខ្វះអំបែង” មកប្រៀបធៀបនឹងស្ថានការណ៍នយោបាយ យើងឃើញថា សព្វថ្ងៃ អ្នកនយោបាយ ធំៗឈានហួសអំបែងទៅហើយ លុះជិតដល់ពេលបោះឆ្នោត ក៏នឹកឃើញដល់អំបែង។ មានតែអ្នកក្រ និងអ្នកទ័លប៉ុណ្ណោះ ដែលមានអំបែងដាក់ផ្ទះ ខណៈដែលអ្នកមានចាប់តាំងពីថៅកែ រហូតដល់ឧកញ៉ា មានភូមិគ្រឹះធំស្កឹមស្កៃ គ្មានអំបែងសម្រាប់ ដាល់អំបុក។ ចំនួនអ្នកក្រ និងអ្នកទ័លនៅស្រុកខ្មែរ ច្រើនជាងអ្នកមាន ដូច្នេះ បញ្ហាសន្លឹកឆ្នោត ដែលប្រៀបបាននឹងអំបែង របស់អ្នកក្រ និងអ្នកទ័លនោះ មានប្រយោជន៍ធំណាស់សម្រាប់អ្នកនយោបាយប្រជែងយកអំណាច។

បើយើងមិនច្រឡំទេនោះ យុទ្ធនាការចុះមូលដ្ឋានទាំង២៥ខេត្ត-រាជធានី របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ ផ្ទាល់ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអាចដើរស្របនឹងសុភាសិត “សេដ្ឋីគង់ខ្វះអំបែង” នេះឯង។ យុទ្ធនាការនេះ ត្រូវបានលោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ លើកឡើងថា “សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមនុស្សមានសមត្ថភាព តែម្នាក់ ក្នុងចំណោមមនុស្សគ្មានសមត្ថភាពរាប់រយនាក់”។ បើពិនិត្យតាមដានយុទ្ធនាការនេះឱ្យល្អិតល្អន់ គឺមកពីសម្តេចនាយក- រដ្ឋមន្ត្រី យល់ច្បាស់ថា “រដូវលីងអំបុក លុះត្រាតែមានអំបែង ឯអំបែងនោះគ្មានផ្ទះឧកញ៉ា ថៅកែ គហបតី សេដ្ឋីឯណាមាន ទេ លុះត្រាតែផ្ទះអ្នកក្រ ទើបមាន”។ ដូច្នេះ ការយកចិត្តថ្លើមអ្នកក្រ អ្នកទ័ល អ្នកមានទុក្ខធុរៈ មានតួនាទីសំខាន់ណាស់ ក្នុង ការផ្តល់អំបែង ឬសន្លឹកឆ្នោត។ ទោះបីជាលោកសួន សេរីរដ្ឋា សរសេរថា “មនុស្សខ្លាំងនៅក្នុងចំណោមអ្នកខ្សោយ អ្នកមាន សមត្ថភាពនៅក្នុងចំណោមអ្នកអត់សមត្ថភាព អ្នកពូកែនៅក្នុងចំណោមអ្នកល្ងង់ អ្នកខ្ពស់ជាងគេនៅក្នុងចំណោមអ្នកទាប គឺជានាយករដ្ឋមន្ត្រីស្រុកខ្ញុំ” ក៏យុទ្ធនាការចុះមូលដ្ឋានទាំង២៥ខេត្ត-រាជធានី នឹងបានផ្លែផ្កា ព្រោះថា “គំរូល្អ ជាការទូន្មានប្រសើរ បំផុត” មានន័យថា ទំនងជានាយករដ្ឋមន្ត្រីដឹងថា អាជ្ញាធរថ្នាក់ក្រោមស្ពឹកស្រពន់ ឬថាមន្ត្រីក្រោមឱវាទប្រើសុទ្ធតែរថយន្ត ទំនើបនោះ ឈានហួសអំបែង ទើបសម្តេច ធ្វើគំរូឱ្យមន្ត្រីហ៊ឹកហ៊ាក់ទាំងនោះធ្វើតាម កុំឱ្យភ្លេចអំបែង ព្រោះរដូវដាល់អំបុក ជិតមកដល់ហើយ មិនអាចយកឆ្នាំងព័រសឺឡែនទៅដាល់អំបុកបានទេ លុះត្រាតែអំបែងធ្វើពីដី ទើបលីងស្រូវដំណើបបាន ឆ្អិនល្អ។

បើយើងមិនច្រឡំទេនោះ គណបក្សសង្គ្រោះជាតិ ក៏ដើរយុទ្ធសាស្ត្រ “សេដ្ឋីគង់ខ្វះអំបែង” នេះដែរ ជាក់ស្តែង លោកកឹម សុខា ប្រធានស្តីទីគណបក្ស បានលើកឡើងថា “យុទ្ធសាស្ត្រកែទម្រង់គណបក្សនយោបាយ យើងត្រូវធ្វើវិមជ្ឈការផ្ទៃក្នុងបក្ស គឺត្រូវធ្វើឱ្យយន្តការគណបក្សដើរតួនាទីរស់រវើក… ក្រុមសមាជិកសភា ត្រូវបំពេញតួនាទីរបស់ខ្លួន ជួយអន្តរាគមន៍ដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ …មិនចាំបាច់រង់ចាំតែការបង្គាប់បញ្ជាពីមេដឹកនាំបក្សនោះទេ…” មានន័យថា នៅពេលប្រធាន អនុប្រធានគណបក្សប្រឆាំង ជាប់សម្ពាធនីតិវិធីពីតុលាការ ក៏រុញតំណាងរាស្ត្រប្រឆាំងឱ្យចុះមូលដ្ឋាន។ ការចុះមូលដ្ឋាន គឺ ដើររកអំបែងនេះឯង ដោយហេតុថា មន្ត្រីបក្សប្រឆាំង ក៏មានឡានទំនើបជិះដែរ អាចឈានហួសអំបែង ចាំបាច់ត្រូវតែចុះ ឱ្យដល់ខ្ទមអ្នកក្រ រកអំបែងមកប្រើ។

យុទ្ធសាស្ត្រ “សេដ្ឋីគង់ខ្វះអំបែង” នេះ អ្នកនយោបាយត្រូវរៀបចំយ៉ាងប៉ិនប្រសប់ក្នុងការដើររកអំបែង ប៉ុន្តែ ចាំបាច់ ត្រូវតែលាក់លៀមកុំឱ្យគេដឹងថា “ខ្លួនឃ្លានអំបុក” ឬ “ឃ្លានអំណាច” នេះឯង។ អ្នកនយោបាយឆ្លាតត្រូវតែចូលកៀកស្មា អ្នកក្រ ឬថាកន្លែងណាមានបញ្ហាត្រូវចូលឱ្យដល់ និងជួយដោះស្រាយឱ្យបានសម្រេច។ សូមរំព្ញកថា របបលន់ នល់ រាប់រក តែអ្នកមាន ដោយប្រមូលផ្តុំឱ្យនៅតែក្នុងទីប្រជុំជនផ្សារផ្សោ ខណៈដែលអ្នកក្រប្រមូលផ្តុំគ្នាតាមជាយក្រុង ខ្វះមុខខ្វះក្រោយ ទីបំផុត របបនេះក៏ដួលរលំទៅ។ រីឯរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត មុនដំបូងប៉ិនអែបអបយកចិត្តថ្លើមអ្នកក្រ បំផុស ឱ្យចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត លុះរំដោះប្រទេសបាន ក៏យកអ្នកក្រធ្វើទាសករ ឱ្យធ្លាក់ទៅក្នុងវាលពិឃាត រហូតដួល- រលំទាំងស្រុង។

ដូច្នេះយើងឃើញថា បើអ្នកនយោបាយណាមិនគិតគូរដល់អ្នកក្រ អ្នកទ័ល អ្នកមានទុក្ខធុរៈនោះ ចាំតែចាញ់គេទៅ។ បើតំបន់ណា ស្រុកភូមិណា មានបាតុភាពខ្លាំង ត្រូវចូលឱ្យកៀកទីនោះ មិនត្រូវបោះបង់ ឬពន្លែងចោលនោះទេ។ ឧទាហរណ៍ មន្ត្រីបក្សកាន់អំណាចម្នាក់ បានចេញមុខជួយជីកស្រះ សង់ព្រះវិហារវត្តមួយ ប៉ុន្តែ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ បែរជាបក្សប្រឆាំងឈ្នះនៅមណ្ឌលបោះឆ្នោតនោះ ធ្វើឱ្យលោកធំនោះខឹងសម្បា ក៏ទុកព្រះវិហារ និងស្រះទឹក ឱ្យនៅមេម៉ាយ មិនព្រមសង់បង្ហើយ។ លោកធំនោះបានទាំងជេរបញ្ចោរប្រជាពលរដ្ឋ និងដៀមដាមដល់ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យវត្តទៀតផងថា មិនជួយបក្សកាន់អំណាចឱ្យឈ្នះ គាត់ប្រកាសថា លែងរវល់ជួយអ្វីទៀតហើយ។

ដូច្នេះ បើមន្ត្រីបក្សកាន់អំណាច ចេញក្បួនហ្នឹង កុំរំពឹងថា អាចស្តារជ័យជម្នះនៅអាណត្តិក្រោយបានឱ្យសោះ។ បើចង់ ឈ្នះឆ្នោត លុះត្រាតែលោកធំចូលកាន់តែកៀក ដោយប្រឹងជីកស្រះឱ្យហើយ សង់ព្រះវិហារឱ្យរួចរាល់ជាស្ថាពរ កុំយកកំហឹង ទល់កំហល់ ព្រោះថាអំបែងនៅផ្ទះពុទ្ធបរិស័ទចំណុះជើងវត្តឯណោះ បើលោកចេះអត់ធ្មត់ ធ្វើតែអំពើល្អ ពុទ្ធបរិស័ទនឹងឱ្យ អំបែងមិនខាន។ ករណីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដឹកនាំយុទ្ធនាការចុះមូលដ្ឋាន ក៏ដូចជាបក្សប្រឆាំង បើកយុទ្ធសាស្ត្រ វិមជ្ឈការផ្ទៃក្នុងបក្ស ដោយតម្រូវឱ្យតំណាងរាស្ត្រប្រឆាំងចុះដល់ខ្ទមអ្នកក្រនោះ ជាសញ្ញា “ដើររកអំបែង” ដូចគ្នា។

សរុបទៅ “សេដ្ឋីគង់ខ្វះអំបែង” មានន័យយ៉ាងនេះឯង។ យើងអាចវាស់ស្ទង់ដឹងថា នៅកម្ពុជា មានអ្នកក្រ អ្នកទ័ល ប្រមាណ៧០% រីឯអ្នកមានលំដាប់សេដ្ឋី ឧកញ៉ា ថៅកែ គហបតី ឈ្មួញធំៗ  មានប្រមាណ៣០%ប៉ុណ្ណោះ។ ដូច្នេះ ពលរដ្ឋ ម្នាក់ គឺជាម្ចាស់ឆ្នោត១សន្លឹក ដែលអ្នកនយោបាយឆ្លាត ច្បាស់ជារត់រកអ្នកក្រមិនខាន តែក៏មិនចោលអ្នកមាននោះដែរ គ្រាន់តែ ថា ព្យាយាមយកចិត្តអ្នកក្រឱ្យខ្លាំងតែប៉ុណ្ណោះ។ បើមិនចេះប្រើយុទ្ធសាស្ត្រដើររកអំបែងទេនោះ ជ័យជម្នះកាន់តែឆ្ងាយ ទៅៗ ដូច្នេះការធ្វើគំរូរបស់មេដឹកនាំបក្ស ក្នុងការចុះអនុវត្តជាក់ស្តែងនោះ ជាការទូន្មានដ៏ប្រសើរបំផុត៕

ដោយ ៖ អាចារ្យថាំ