Loading...

អាំង​ភ្លើង​ពី​ខាង​ផ្ទៃ អាំង​ថ្ងៃ​ពី​ខាង​ខ្នង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:51 am

សុភាសិតខ្មែរ១ឃ្លាថាអាំងភ្លើងពីខាងផ្ទៃ អាំងថ្ងៃពីខាងខ្នងមានលក្ខណៈជាឧបមានវិធី ឬមានខ្លឹមសារប្រៀបធៀប ល្អណាស់ សម្រាប់អ្នកនយោបាយឬអ្នកដឹកនាំប្រទេសយកទៅអនុវត្ត។ ធម្មតារបបសង្គមមួយ ឬគណៈបក្សនយោបាយ មួយ តែងតែមានការរិះគន់ពីអន្តរជាតិ និងមជ្ឈដ្ឋានអ្នកប្រឆាំងក្នុងស្រុក ប្រៀបបាននឹង កម្តៅភ្លើង និងកម្តៅថ្ងៃតម្រូវឱ្យមានការទប់ទល់ចំពីមុខ និងពីក្រោយ ដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

សម្រាប់ប្រជារាស្ត្រខ្មែរ នៅតាមជនបទស្រែចម្ការ ឬក្បែរជើងភ្នំ ឱ្យតែរដូវរងាចូលដល់ គ្រួសារណាក៏មានបំពក់ភ្លើងភ្នក់មុខផ្ទះដែរ ដើម្បីអាំងយកកម្តៅទប់ទល់នឹងភាពត្រជាក់។ ជួនកាលនៅតំបន់ខ្លះ សីតុណ្ហភាពចុះដល់កម្រិត១៧អង្សាសេ ធ្វើឱ្យអ្នកស្រុកចាញ់រងាស្ទើររឹងថ្គាម ក៏ត្រដាងដៃអាំងភ្លើង ដោយមានអ្នកខ្លះសើយអាវឱ្យកម្តៅភ្លើងជះចំហាយដល់ពោះ ទៀតផង គឺមានន័យថា អាំងភ្លើងពីខាងផ្ទៃនេះឯង។ នៅពេលព្រះអាទិត្យរះខ្ពស់ហួសចុងឈើនានា ចោលកម្តៅឧណ្ហៗ ល្មមបណ្តេញភាពរងាបានខ្លះនោះ អ្នកចាញ់រងា ដែលមិនចូលចិត្តការអាំងភ្លើង ក៏នាំគ្នាអង្គុយអាំងថ្ងៃវិញ ដោយបែរខ្នងឱ្យ ចំដួងព្រះអាទិត្យដែលកំពុងគោចរបំភ្លឺលោក គឺមានន័យថា អាំងថ្ងៃពីខាងខ្នងនេះឯង។ រវាងកម្តៅភ្លើង និងកម្តៅថ្ងៃ អាចជួយអ្នករងាឱ្យកក់ក្តៅបានមួយពេលៗដែរ ប៉ុន្តែ មិនអាចជួយរហូតបានឡើយ ព្រោះជួនកាលរលត់ភ្លើងភ្នក់អស់ ឬ មេឃស្រទំ មិនបើកថ្ងៃ តម្រូវឱ្យអ្នករងាអង្គុយឱបដៃកំប្រោន។

យ៉ាងណាមិញ សង្គមមួយ ឬគណបក្សមួយ ដែលរងការរិះគន់ពីអន្តរជាតិ ប្រៀបបាននឹង កម្តៅភ្លើងតម្រូវឱ្យមាន ការឆ្លើយតបចំពីមុខក្នុងភាពប្រយ័ត្នប្រយែងខ្លាំង ព្រោះបើធ្វេសប្រហែស អាចមានកម្ទេចផ្កាភ្លើងនោះ ហើរទៅឆេះអាវ។ ដោយឡែក សង្គមមួយ ឬគណបក្សមួយ ដែលរងការរិះគន់ពីសាធារណជនក្នុងប្រទេស តម្រូវឱ្យមានការឆ្លើយតបល្មមៗ យកខ្នងទៅរង មិនបាច់ប្រឹងពេកទេ ប្រៀបបាននឹង កម្តៅថ្ងៃវាគ្មានកម្ទេចផ្កាភ្លើងហើរឆេះអាវនោះទេ ដូច្នេះ មិនបាច់ ប្រយ័ត្នប្រយែងក៏មិនសូវអីដែរ។

រួចមកហើយយើងឃើញថា រយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានរងការរិះគន់ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការគ្លូប៊ល វីតណេស ពាក់ព័ន្ធដល់បញ្ហាសិទ្ធិមនុស្ស និងកត្តាផ្សេងៗទៀត។ ការរិះគន់ពីអន្តរជាតិបែបនេះ មិនខុសពី កម្តៅភ្លើងនោះទេ តម្រូវឱ្យមានការឆ្លើយតបដោយប្រយ័ត្នប្រយែងបំផុត។ បានជាត្រូវប្រយ័ត្ន ដោយសារ អ្នករិះគន់ទាំងនោះ ជាប្រភពជំនួយសេដ្ឋកិច្ច វិនិយោគ លុះត្រាតែកម្ពុជា ឆ្លើយតបដោយប៉ិនប្រសប់ មានលក្ខណៈសម្របសម្រួល លៃយ៉ាងណាបន្ទន់ចិត្តគេកុំឱ្យផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ការឆ្លើយតបនេះ ជាបន្ទុកលើអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលចេះវិធីសាស្ត្រនិយាយយ៉ាងណាឱ្យពីរោះស្តាប់ មិនមែនយកកំហឹងទល់កំហល់មកប្រើនោះទេ។

ដោយឡែក បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលកំពុងធ្វើសកម្មភាពទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការរិះគន់រាជរដ្ឋាភិបាល នោះ ប្រៀបបាននឹង កម្តៅថ្ងៃតម្រូវឱ្យមានការឆ្លើយតបល្មមៗបានហើយ។ កាលពី ពេលថ្មីៗនេះ គ..ប ក៏បានទទួលការរិះគន់ពីមេបក្សអំណាចខ្មែរ ពាក់ព័ន្ធដល់ករណីអ្នកនិយាយខ្មែរមិនច្បាស់អាចចុះ ឈ្មោះបោះឆ្នោតបាន ឱ្យតែមានអត្តសញ្ញាណប័ណ្ណ។ បើមានការរិះគន់ពីខ្មែរគ្នាឯងក្នុងស្រុកយ៉ាងនេះ គួរតែអ្នកនាំពាក្យ គ..ប ស្រាយបំភ្លឺឱ្យពីរោះល្មមស្តាប់ចូលត្រចៀក ប៉ុន្តែ បើឆ្លើយបករម៉ាំងរម៉ោកនោះមិនល្អទេ។ ផ្ទុយទៅវិញ បើមានការរិះគន់ ដូចគ្នានេះពីក្រៅប្រទេស ខណៈដែលអាណិកជនខ្មែរ នៅអាមេរិក បារាំង អូស្ត្រាលី និងបណ្តាប្រទេសនានា មិនមានសិទ្ធិ បោះឆ្នោត ទៅបានឯជនជាតិវៀតណាម មានសិទ្ធិពេញលេញនោះ ការបកស្រាយបំភ្លឺ ត្រូវធ្វើឱ្យខ្លាំង ដែលជាខ្លឹមសារនៃ សុភាសិតអាំងភ្លើងពីខាងផ្ទៃ អាំងថ្ងៃពីខាងខ្នងនេះឯង។

សូមរំព្ញកថា ព្រះបាទអង្គឌួង បានប្រើនយោបាយយ៉ាងប៉ិនប្រសប់ ទប់ទល់សៀម និងយួន ដែលចង់ពុះទឹកដីកម្ពុជា ចែកគ្នាត្រួតត្រា ដោយយកទន្លេមេគង្គ ជាព្រំប្រទល់។ ក្នុងកាលៈទេសៈនេះ ព្រះអង្គ ចាំបាច់ត្រូវតែចាប់ដៃបារាំង យកសុខ មួយគ្រាសិន ដើម្បីការពារបូរណភាពទឹកដីខ្មែរឱ្យគង់វង្ស។ ផ្ទុយទៅវិញ ព្រះបាទអង្គឌួង ធ្វើល្មមៗ ដោយប្រើកម្លាំងទ័ព តិចតួច ជំរុញចិត្តសាស្ត្រអូសទាញយ៉ាងប៉ិនប្រសប់ក្នុងការទប់ស្កាត់នៅពេលជនជាតិចាម ជ្វា បះបោរក្នុងប្រទេស។

រីឯសម្តេចឪ ព្រះបរមរតនកោដ្ឋ កាលនៅកាន់អំណាច បានធ្វើនយោបាយយ៉ាងប៉ិនប្រសប់ ទប់ទល់នឹងការជ្រៀតជ្រែក របស់អាមេរិក ដែលគាំទ្ររបបក្រុងព្រៃនគរ ជាពិសេស ព្រះអង្គយកឈ្នះថៃ ក្នុងរឿងក្តីក្តាំប្រាសាទព្រះវិហារ នៅតុលាការ អន្តរជាតិ។ ផ្ទុយទៅវិញ សម្រាប់អ្នកប្រឆាំងក្នុងប្រទេស ព្រះអង្គធ្វើល្មមៗ មិនដល់ថ្នាក់បង្ក្រាបបង្ហូរឈាមអ្វីឡើយ ព្រោះ អ្នកប្រឆាំងទាំងក្រហមខៀវនោះ សុទ្ធតែខ្មែរដូចគ្នា។

ដោយឡែក ព្រះមហោសថបានធ្វើនយោបាយក្នុងប្រទេសល្មមៗប៉ុណ្ណោះ ក្នុងការទប់ទល់ជាមួយអាចារ្យ៤នាក់ ដែល ស្រេកឃ្លានលាភសក្ការៈ ប៉ុន្តែ ជាមួយអាចារ្យកេវដ្តព្រាហ្មណ៍ ជាភាគីអន្តរជាតិនោះ ព្រះមហោសថ ធ្វើខ្លាំងណាស់ រហូត អាចយកឈ្នះកងទ័ពស្តេចចុឡនីព្រហ្មទត្ត ដែលមានចំនួន១៨អក្ខោភិនី ដែលអ្នកសិក្សាអក្សរសិល្ប៍ខ្មែរ សឹងបានជ្រាបជា ទូទៅ។

ដូច្នេះ រវាងសម្ពាធពីអន្តរជាតិ និងសម្ពាធក្នុងស្រុក មិនខុសពីកម្តៅភ្លើង និងកម្តៅថ្ងៃនោះឡើយ បើអ្នករងាមិនចេះ របៀបអាំង ឬថា ពេលអាំងភ្លើងបែរខ្នង បើមានខ្យល់បោកបក់មក នឹងមានផ្កាភ្លើងហើរឆេះអាវមិនខានឡើយ។ ថ្មីៗនេះ យើងឃើញមានការវាយប្រហារពីក្រៅ ដោយអ្នកតំណាងរាស្ត្រអូស្ត្រាលី ម្នាក់ ចោទប្រកាន់របបសង្គមកម្ពុជាថា ជា របប តិរច្ឆាន។ ទោះបីលោកហុង លីម មានដើមកំណើតខ្មែរ ក៏គាត់ចូលសាសន៍អូស្ត្រាលី ទៅហើយ ចាត់ទុកជាអន្តរជាតិ ដែល ការចោទប្រកាន់នេះធ្ងន់ណាស់ ឬក្តៅដូចភ្លើង តម្រូវឱ្យមានការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន ដោយត្រដាងដៃបាំង ឬទប់ឱ្យ ជាប់។ ផ្ទុយទៅវិញ ទ្រង់ស៊ីសុវត្ថិ ធម្មិកោ ដែលរិះគន់រាជរដ្ឋាភិបាលថា គ្រប់គ្រង របបតិរច្ឆានដែរនោះ បើមានប្រតិកម្ម តបតខ្លាំងពេក ក៏មិនសូវល្អ ព្រោះព្រះអង្គម្ចាស់នេះ ទោះជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ក៏ព្រះអង្គ ជាសមាជិករាជវង្ស ជា ក្មួយបង្កើតរបស់សម្តេចម៉ែ ជាទីសក្ការៈ។ មានន័យថា ការរិះគន់របស់ទ្រង់ធម្មិកោ ប្រៀបបាននឹងកម្តៅថ្ងៃ គួរយកខ្នងទៅ រងបានហើយ ប៉ុន្តែ ជាមួយលោកហុង លីម ត្រូវយកពោះទៅរងទើបបាន ព្រោះមានកម្តៅខុសគ្នា។

សព្វថ្ងៃ យើងកត់សម្គាល់បានថា គណបក្សខ្លះ ទោះជាមានការរិះគន់ពីខ្មែរគ្នាឯងក្នុងស្រុក ក៏មេគណបក្សទាំងនោះ មិន ឆ្លើយតប ប៉ុន្តែ បើមានការរិះគន់ពីអន្តរជាតិ គេបកស្រាយបំភ្លឺបែបលម្អិត។ យ៉ាងណាមិញ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទោះជាមានការរិះគន់ថា ព្រះអង្គ កំពុងសំងំសុខក្នុងពេលប្រជាពលរដ្ឋតវ៉ារឿងដីធ្លី ឬមានឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី ក៏ព្រះអង្គមិនឆ្លើយតប។ ចំណែកលោកសម រង្ស៊ី លោកកឹម សុខា ទោះបីជាកញ្ញាធី សុវណ្ណថា ដែលប្រកាសឈប់គាំទ្រ បក្សសង្គ្រោះជាតិ រិះគន់អតីតមេបក្សរបស់នាងថាមនុស្សតិរច្ឆាននោះ គឺលោកសម រង្ស៊ី និងលោកកឹម សុខាក៏លោក ទាំងពីរនេះមិនឆ្លើយតប។

សរុបទៅអាំងភ្លើងពីខាងផ្ទៃ អាំងថ្ងៃពីខាងខ្នងមានន័យយ៉ាងនេះឯង។ ការឆ្លើយតបមានរបៀបធ្វើខុសគ្នា ក្នុង ករណីមានការរិះគន់ពីអន្តរជាតិ និងគ្នាឯងក្នុងស្រុក ដែលជាបន្ទុកសម្រាប់អ្នកនាំពាក្យ ប្រមូលយកភាពប៉ិនប្រសប់ក្នុងការ បញ្ចោញវោហារសាស្ត្រមកប្រើ។ នៅពេលអន្តរជាតិដាក់សម្ពាធខ្លាំង ការបកស្រាយបំភ្លឺ ក៏កាន់តែខ្លាំងដែរ ដើម្បីការពារផល ប្រយោជន៍ជាតិ ប៉ុន្តែ បើមានការរិះគន់ក្នុងប្រទេស ឬធ្វើសកម្មភាពប្រឆាំង ដូចចលនាថ្ងៃចន្ទពណ៌ខ្មៅនោះ គេឆ្លើយតប ល្មមៗបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះជាខ្មែរដូចគ្នា៕

ដោយ ៖ អាចារ្យថាំ