Loading...

សេនា​នាគ និង​សេនា​កណ្តុរ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 1:35 am

អ្នកបម្រើនយោបាយទៅតាមនិន្នាការ២ គឺ “ប្រឆាំង និងមិនប្រឆាំង” បានក្លាយទៅជាឧបករណ៍របស់អ្នកនយោបាយ យកទៅប្រើប្រាស់តាមយុទ្ធសាស្ត្រដណ្តើមយកឈ្នះគ្នាលើមាគ៌ាប្រជាធិបតេយ្យ ដែលរដាក់រដុបមិនទាន់រាបស្មើស្រួលធ្វើ ដំណើរនៅឡើយ។ អ្នកបម្រើនយោបាយ ឬសេនា មិនខ្លាចញញើតចំពោះការប្រឈមនឹងគ្រោះថ្នាក់អ្វីទេ ដែលយើងអាច ចែកជា២ផ្នែក គឺ “សេនានាគ និងសេនាកណ្តុរ” ហាក់កំពុងយកគ្នាជាគូសត្រូវ ដែល “នគរធំ” បារម្ភណាស់ ក៏សម្រេចលើក មកធ្វើប្រធានបទបរិយាយថ្ងៃនេះ

យោងតាមទិដ្ឋភាពជាក់ស្តែង រាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ប្រៀបបាននឹង “នាគរាជ” ដែលមានប្ញទ្ធានុភាពអាចព្រួសពិសភ្លើងដ៏សែនក្តៅផ្ចាញ់ផ្ចាលបច្ចាមិត្របាន។ នាគរាជ ឬស្តេចនាគ មាននិវេសនដ្ឋានគ្រប់គ្រងខុសគ្នា គឺ “វរុណនាគរាជ” សម្រាប់បង្កើតទឹកភ្លៀង មាននគរនៅចក្រវាល ឬភ្នំហិមពាន្ត។ ចំណែក “ភុជង្គ នាគរាជ” សម្រាប់ថែរក្សាដែនសមុទ្រ មាននគរនៅឋានបាតាល ឬឋានភុជង្គនាគ ក្នុងអន្លង់បាតមហាសមុទ្រដែលជ្រៅជាង គេ។ ស្តេចនាគ និងសេនានាគទាំងអស់នេះ ឋិតនៅក្រោមការគ្រប់គ្រងរបស់ “ព្រះបាទវិរូបក្ខ” ដែលជា “នាគាធិបតី” ជា ស្តេចចតុលោកបាល ត្រួតត្រាទិសខាងលិច។ យោងតាមជំនឿបុរាណ ការរញ្ជួយដី ឬមានរលកស៊ូណាមិ វាយប្រហារតំបន់ ឆ្នេរនោះ គឺបណ្តាលមកពីស្តេចនាគខ្ញាល់នឹងមនុស្សលោក ក៏បញ្ចោញប្ញទ្ធិកូរទឹកសមុទ្រឱ្យបែកចេញជារលកយក្ស។ ចំណែកទឹកជំនន់ធំៗ ដែលបង្កដោយទឹកភ្លៀងធ្លាក់ជញ្ជ្រំទាំងយប់ទាំងថ្ងៃនោះ ជំនឿបុរាណថា មកពីវរុណនាគរាជបង្កឡើង ព្រោះខឹងសម្បានឹងមនុស្សសាងបាបកម្មច្រើនពេក មានការកាប់បំផ្លាញព្រៃឈើជាដើម។ ចំពោះទឹកភ្លៀងធម្មតា ល្មមធ្វើស្រែ ចម្ការបាននោះ ស្តេចនាគគ្រាន់តែប្រើ “សេនានាគ២ក្បាល” ឱ្យទៅព្រួសទឹក ក៏មានភ្លៀងគ្រប់គ្រាន់ ដូចក្បួនមហាសង្ក្រាន្ត ប្រចាំឆ្នាំនេះថា “បាននាគ២ បង្អុរទឹកភ្លៀង៥០០មេ ដែលចែកចេញជាចក្រវាល ២០០មេ, ព្រៃហេមពាន្ត ១៥០មេ មហាសមុទ្រ ១០០មេ, ជម្ពូទ្វីបមនុស្សលោកយើងនេះ ៥០មេ…”។ ដូច្នេះ បើនាគរាជ មានប្ញទ្ធានុភាពខ្លាំង សេនានាគក៏ខ្លាំងដែរ ទោះជាមនុស្សមើលនាគមិនឃើញ ក៏អាចឃើញតាមរូបភាព ឬការស្រមើស្រមៃ។

ដោយឡែក “កណ្តុរ” ក៏មានស្តេចដែរ ដូចក្នុងរឿងជាតក បានតំណាលពី “ស្តេចកណ្តុរស” មានបរិវាររាប់ពាន់ អាចជីក ទម្លាយឧម្មង្គ ទៅពាំមាសពេជ្រមហាសេដ្ឋី ទៅចែកជនក្រីក្រជាដើម។ ស្តេចកណ្តុរ គ្មានប្ញទ្ធានុភាពដូចស្តេចនាគទេ ប៉ុន្តែ សេនាកណ្តុរ ដែលជាសត្វខ្វះអនាម័យ ជាប្រភពបង្កើតរោគប៉េស្ត 9ភសេតបេ ចម្លងមនុស្ស។ អ្នកជំងឺប៉េស្ត នឹងក្លាយទៅជាមហារីក ពិបាកព្យាបាល និងអាចស្លាប់បានក្នុងករណីមិនយកចិត្តទុកដាក់ ដែលជួនកាល កណ្តុរខាំមេជើង ក៏ក្លាយជាដំបៅមហារីក បើ មិនកាត់មេជើងនោះចោលទេ អ្នកជំងឺអាចនឹងស្លាប់បាន។

បើយកករណី “សេនានាគ និងសេនាកណ្តុរ” មកឆ្លុះមើលតថភាពសង្គម យើងឃើញថា កងកម្លាំងប្រដាប់អាវុធរបស់ រាជរដ្ឋាភិបាល ប្រៀបបាននឹង “សេនានាគ”។ រីឯប្រជាពលរដ្ឋគាំទ្របក្សប្រឆាំង ដែលលើកគ្នាទាំងហ្វូងៗ ហែក្បួនតាមដងផ្លូវ ឬធ្វើរបងការពារមេដឹកនាំបក្សប្រឆាំង ប្រៀបបាននឹង “សេនាកណ្តុរ”។ សេនាទាំង២ប្រភេទនេះ មានសមត្ថភាពខុសគ្នា គឺខាងសេនានាគ អាចព្រួសពិសភ្លើងបាន ឬថា កងប្រដាប់អាវុធមានកាំភ្លើងគ្រប់ដៃ អាចគាស់កៃពេលណាក៏បាន ដែលពិស ភ្លើងនេះផ្តល់គ្រោះថ្នាក់ណាស់។ ចំណែកខាងសេនាកណ្តុរ គ្មានពិសដូចគេទេ ប៉ុន្តែ កណ្តុរមានធ្មេញល្អិតៗបញ្ចោញមេរោគ ប៉េស្ត ឱ្យក្លាយជាមហារីកបាន។

ស្ថានការណ៍បច្ចុប្បន្ន យើងឃើញសេនានាគ និងសេនាកណ្តុរ កំពុងប្រឈមមុខដាក់គ្នារហូត ខណៈដែលលោកកឹម សុខា ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារ៥ខែ ពិន័យជាប្រាក់៨សែនរៀល។ សេនាកណ្តុរចេះតែលើកគ្នាចូលក្រុង ឃាត់មិនឈ្នះ ទោះជាសេនានាគដាក់របាំងការពារយ៉ាងណា ក៏កណ្តុរនៅតែអាចឈ្មុលចូលរួច។ បើសេនានាគឃាត់រថយន្ត ឬម៉ូតូ ច្បាស់ជា សេនាកណ្តុរចុះដើរ ឬត្រសុលតាមច្រករបៀងណាមួយ ចូលក្រុងទាល់តែបាន ដោយចែកផ្លូវគ្នាប្រសេចប្រសាច ខ្លះចូលពីលិច ខ្លះចូលពីកើត ធ្វើឱ្យសេនានាគឈឺក្បាលវិលមុខ បើនឹងព្រួសពិសដាក់ក៏មិនកើត ព្រោះកណ្តុរតូចៗពេក។

យោងតាមទំនាយមហាសង្ក្រាន្ត ប្រចាំឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រង់ “កេណ្ឌព្រឹក្សា” ថា “ឆ្នាំនេះត្រូវចំសេស៣ ត្រូវត្រង់ដើមក្រកោះ ជាស្តេច មានទំនាយថា “មនុស្សផងទាំងឡាយ នឹងមានកលិយុគ”។ រីឯចំណុច “កេណ្ឌព្រះអាទិត្យ” ថា “ឆ្នាំនេះយានជំនិះរបស់ព្រះអាទិត្យ គឺសត្វដំរី ទំនាយថា ភ្លើងកាចសាហាវ ស្រុកនាមនាគ ធ្វើយុទ្ធសង្គ្រាមនិងស្រុកនាម គ្រុឌ និងនាមកណ្តុរ” ដូច្នេះ បើសេនានាគ និងសេនាកណ្តុរ ដែលមានជំនួយពីសេនាគ្រុឌនោះ ធ្វើសង្គ្រាមរបៀបម៉េច បើ សម័យនេះគ្មាននាគ គ្មានគ្រុឌ ផងហ្នឹង?

ទោះយ៉ាងណា ពាក្យបុរាណបែបឧបមានវិធី បើយើងមិនពិចារណាច្បាស់ជាមិនយល់ទេ ពោលគឺ រាជរដ្ឋាភិបាល ដែល ប្រៀបបាននឹងនាគរាជ មានសេនានាគក្រោមបញ្ជា រីឯមេបក្សប្រឆាំង ឬស្តេចកណ្តុរ មានប្រជាពលរដ្ឋភាគច្រើន ជាកម្មករ កសិករក្រីក្រនៅក្រោមបញ្ជា ឯមហាអំណាចប្រៀបបាននឹងស្តេចគ្រុឌ។ ពាក្យថា “សង្គ្រាម” ក្នុងទីនេះ ពុំមែនជាការប្រយុទ្ធគ្នា បង្កវិនាសកម្មខ្ទេចខ្ទាំមាតុភូមិនោះទេ គឺគ្រាន់តែជា “អរិភាព” ឬ “ជម្លោះនយោបាយ” ប៉ុណ្ណោះ។ ជម្លោះនេះពិបាកយក ឈ្នះគ្នាណាស់ ដោយហេតុថា កងប្រដាប់អាវុធ សម្រាប់តែយកទៅការពារបូរណភាពទឹកដី ទប់ទល់នឹងការឈ្លានពានរបស់ ប្រទេសជិតខាង មិនមែនសម្រាប់បង្ក្រាបជនជាតិឯងនោះទេ។ សេនានាគ អាចយកឈ្នះសេនាកណ្តុរបាន ពុំមែនដោយសារ ការព្រួសពិសដាក់នោះទេ ប៉ុន្តែ គេអាចរក “មេឆ្មា” ឱ្យចាំចាប់កណ្តុរម្តងមួយៗ។ សូម្បីតែសត្វសីហៈ មានប្ញទ្ធិតេជះលើស សត្វនានា ក៏មិនអាចយកឈ្នះកណ្តុរបានដែរ លុះត្រាតែពឹងឆ្មា ទើបបាន ដូចក្នុងរឿងដកស្រង់ចេញពីសៀវភៅ “ស្រីហិតោបទេស” បានតំណាលពី “សីហៈ និងឆ្មា” ដោយសេចក្តីសង្ខេបថា “កាលនោះមានសីហៈមួយរស់នៅក្នុងគុហាភ្នំ តែងតែ មានកណ្តុរកំហូចមួយ វារចូលទៅកាត់ចុងកេសរ (រោមក្បាល) នៃសីហៈនោះកំបុតកំបុយអស់ ក្នុងពេលសីហៈដេកលក់។ សិង្ហតោនោះព្យាយាមចាប់កណ្តុរយ៉ាងណាក៏មិនបានដែរ ក៏ទៅរកមេឆ្មាមួយមកចិញ្ចឹម ឱ្យចាប់កណ្តុរទាល់តែបាន ប៉ុន្តែ សីហៈ ជាសត្វរមិលគុណ បន្ទាប់ពីកណ្តុរងាប់ទៅ ក៏មិនយកចិត្តទុកដាក់នឹងឆ្មា ដោយបង្អត់ចំណី បណ្តាលឱ្យឆ្មានោះងាប់ដែរ…”

ដូច្នេះយើងឃើញថា សេនានាគ បើចង់ព្រួសពិស លុះត្រាតែគូជម្លោះនោះជាសេនានាគដូចគ្នា តែបើចង់ព្រួសពិសដាក់ សេនាកណ្តុរ ដែលរស់នៅរប៉ាត់រប៉ាយ ខ្លះឯលិច ខ្លះឯកើត ដេញពីទីស្នាក់ការកណ្តាលបក្ស ទៅប្រមូលផ្តុំនៅមុខសាលាដំបូងនោះ ជារឿងយ៉ាប់បំផុត។ បើចង់ឈ្នះកណ្តុរ លុះត្រាតែរកមេឆ្មាមកប្រើទើបបាន។ បើរកមេឆ្មាមិនបាន ធ្វើឱ្យសេនា កណ្តុរ កាន់តែកើតច្រើនទៅៗ ហើយបើសេនានាគក្រពុលមុខ ព្រួសពិសដាក់ អាចនឹងផ្អើលដល់ស្តេចគ្រុឌ ហើរមកក្រវែល មិនខានឡើយ ដោយហេតុថា គ្រុឌ ជាសត្រូវរបស់នាគ។ ទំនាយមហាសង្ក្រាន្ត ទោះជាមានលក្ខណៈរូបារម្មណ៍ ក៏អាចយក ជាកញ្ចក់ឆ្លុះមើលទិដ្ឋភាពសង្គមបានដែរ ខណៈដែលអ្នកនយោបាយកំពុងពាក់មុខយក្សដាក់គ្នា។

សរុបទៅ “សេនានាគ និងសេនាកណ្តុរ” មានន័យយ៉ាងនេះឯង ដែលសព្វថ្ងៃ សេនាទាំង២ផ្នែកនេះ កំពុងប្រឈមមុខ ដាក់គ្នា។ សេនានាគ អាងពិសភ្លើង ខណៈដែលសេនាកណ្តុរអាងធ្មេញល្អិតៗ បញ្ចោញរោគប៉េស្ត។ បើអ្នកនយោបាយនៅតែ ប្រើសេនាទាំង២ផ្នែកនេះ នឹងនាំគ្រោះថ្នាក់ដល់សង្គមជាតិ។ មានតែការសម្របសម្រួលដោយសន្តិវិធី រាប់រកគ្នាជាភាតរភាព ទើបធានាថា សេនានាគនឹងមិនព្រួសពិស ឯសេនាកណ្តុរមិនបង្ករោគប៉េស្ត នាំសុខក្សេមក្សាន្តដល់ប្រជាពលរដ្ឋ៕

ដោយ ៖ អាចារ្យថាំ