Loading...

ម្ទេស​ជ្រក់ មិន​សូវ​ហឹរ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 3:18 am

ម្ទេសហឹរយ៉ាងណា ពាក្យសម្តីអសុរោះហឹរជាងម្ទេសផង ដែលជួនកាល ដោយទ្រាំមិនបាននឹងការជេរប្រទេច ធ្វើឱ្យ ភាគីម្ខាងផ្ទុះអំពើហិង្សា។ ការបង្ក្រាប ទប់ស្កាត់ ដាក់សម្ពាធ គាបសង្កត់ អាចធ្វើឱ្យពាក្យសម្តីអសុរោះថមថយបន្តិចម្តងៗ ប្រៀប បាននឹង “ម្ទេសជ្រក់”។ យុទ្ធសាស្ត្រនយោបាយ ក៏មានការប្រែប្រួលទៅតាមកាលៈទេសៈ ជួនតឹងជួនធូរ ឬថាពីមុនធ្លាប់ខ្លាំង បែរជាខ្សោយវិញ មិនខុសពី “ម្ទេសជ្រក់មិនសូវហឹរ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ បន្ទាប់ពី បានដឹងថា បក្សប្រឆាំង បន្ទន់ឥរិយាបថ ឈប់ធ្វើពហិការ នាំគ្នាចូលសភា នាពេលឆាប់ៗនេះ…។

ម្ទេស ជាឈ្មោះដំណាំមួយប្រភេទ ផ្តល់ផ្លែមានរសជាតិហឹរ សម្រាប់កាត់ចម្អាប សូម្បីតែស្លឹកវា ក៏អាចយកទៅបង់សម្ល ទំពាំង ឱ្យកាត់ជាតិប្រហាតបានដែរ។ ម្ទេស មានច្រើនពូជ ដូចជា ម្ទេសខ្មាំង ម្ទេសប្លោក ម្ទេសដៃនាង ម្ទេសល័ខ ជាដើម ដែលមនុស្សគ្រប់ជាតិសាសន៍ប្រើជាគ្រឿងផ្សំ ច្នៃម្ហូបអាហារឱ្យមានឱជារស។ ម្ទេសទុំ ដែលបេះចេញពីដើមថ្មីៗ មានពណ៌ ក្រហមរលោង ហឹរខ្លាំងណាស់ លុះត្រាតែមនុស្សមានអណ្តាតដូចសារិកាកែវវង ទើបហូបម្ទេសបានច្រើន តែបើអណ្តាត ធម្មតា ហូបអស់តែ១ផ្លែ ទ្រាំលែងបានហើយ។ បើចង់ឱ្យម្ទេសថយរសជាតិហឹរ គេត្រូវយកវាទៅប្រឡេះសណ្តង់ច្រកក្រឡ ដាំទឹកអំបិលជ្រក់ ដោយមិននិយាយពីរោងសិប្បកម្មខ្លះបានប្រមូលទិញម្ទេស យកទៅផលិតជាទឹកម្ទេសច្រកដបលក់នោះ ឡើយ។ ម្ទេសជ្រក់ ឬម្ទេសត្រាំ សម្រាប់ហូបជាមួយគុយទាវ កាត់មាត់ស្រួលណាស់ ព្រោះវាមិនសូវហឹរ បើភោជនីយដ្ឋាន ណាអត់ម្ទេសជ្រក់ ច្បាស់ជាភ្ញៀវចូលហូបគុយទាវសួររកមិនខាន។

យ៉ាងណាមិញ គណបក្សសង្គ្រោះជាតិ កាលទើបជាប់ឆ្នោតថ្មីៗ បាន៥៥អាសនៈក្នុងសភាជាតិនោះ យើងកត់សម្គាល់ បានថា តំណាងរាស្ត្រណាក៏ខ្លាំងដែរ ដោយបានដឹកនាំធ្វើបាតុកម្មគគ្រឹកគគ្រេងតាមដងផ្លូវ និងនៅទីលានប្រជាធិបតេយ្យ។ លោកប្រធានសម រង្ស៊ី និងលោកអនុប្រធានកឹម សុខា ខ្លាំងជាងគេខាងបញ្ចោញវោហារសាស្ត្រជំរុញអ្នកគាំទ្រឱ្យក្រោក ឡើងតវ៉ា កើតទុក្ខមិនសុខចិត្តនឹងលទ្ធផលនៃការបោះឆ្នោត ជាពិសេស បានដឹកនាំកម្មករទាមទារដំឡើងប្រាក់ឈ្នួលគោល ខណៈដែលរដ្ឋាភិបាលពិបាកក្នុងការទប់ទល់ ព្រោះតែបាត់បង់អាសនៈសភា ពី៩០ ចុះមកនៅត្រឹម៦៨។ តាំងពីពេលនោះមក បក្សទាំងពីរនេះ ម្តងឈ្លោះគ្នា ម្តងចាប់ដៃគ្នា មិនទៀងទាត់ ជួនកាលព្រមព្រៀងយកវប្បធម៌សន្ទនាមកប្រើ ទីបំផុតក៏ឈាន ដល់បែកបាក់សាមគ្គីគ្នា រហូតដល់បក្សប្រឆាំងធ្វើពហិការ។ សព្វថ្ងៃ ប្រធាន និងអនុប្រធានបក្សប្រឆាំង ក៏ដូចតំណាងរាស្ត្រ ខ្លះទៀត បានក្លាយជាពិរុទ្ធជន ក្រោមអំណាចតុលាការទៅហើយ ដោយពុំអាចដឹកនាំបាតុកម្មគគ្រឹកគគ្រេងដូចមុនទៀតទេ រហូត មានអ្នកវិភាគខ្លះថា “មេបក្សប្រឆាំង ដាច់អាជីពបាតុកម្មទៅហើយ”។

របត់នយោបាយប្រែប្រួលបែបនេះ មិនខុសពីផ្លែម្ទេសនោះឡើយ ពោលគឺកាលជាប់ឆ្នោតថ្មីៗ បក្សប្រឆាំងក្លៀវក្លាណាស់ និងហឹរដូចម្ទេសទុំទើបបេះចេញពីដើម។ លុះដល់បក្សកាន់អំណាច ទប់ទល់ ជាពិសេសរដ្ឋាភិបាលធ្វើការបង្ក្រាបខ្លះ បង្ហាញ រថក្រោះ ឧទ្ធម្ភាគចក្រ និងក្បួនរថយន្តយោធា បើកពីមុខទីស្នាក់ការខ្លះនោះ ធ្វើឱ្យមន្ត្រីបក្សប្រឆាំង កាត់បន្ថយវោហារសាស្ត្រ បន្តិចម្តងៗ។ ដឹងថា ធ្វើបាតុកម្មមិនអាចទៅរួច ក៏ស្រុះស្រួលគ្នាថា នឹងដើរចូលរដ្ឋសភាវិញ បើសិនជាមានការកោះហៅ ហើយក៏ស្របទៅតាមការបើកភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាល ផងដែរ។ ដូច្នេះ មានន័យថា ម្ទេសហ្នឹងមិនសូវហឹរទេ ព្រោះ គេ “ជ្រក់” រួចហើយ ទោះជាដើរចូលរដ្ឋសភា កោះហៅរដ្ឋមន្ត្រីមកដេញដោល ក៏អ្នកវិភាគវាស់ស្ទង់ដឹងថា សំណួរនោះស្រាលៗ មិនកាច់កុងយកឈ្នះដូចពីមុនទេ។

តាមគម្រោងការដែលលើកឡើងដោយលោកសុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង ថា រដ្ឋមន្ត្រី៣ក្រសួង ត្រូវហៅឱ្យ ឡើងជ្រញ់រដ្ឋសភា ក្នុងនោះមានលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា- ភិបាល និងលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងរឿងមួយចំនួន ដែលមន្ត្រីបក្សប្រឆាំងរិះគន់ថា កងទ័ព លម្អៀងទៅខាងបក្សកាន់អំណាច ខ្វះអព្យាក្រឹតភាព, គ្រូពេទ្យខ្វះសីលធម៌វិជ្ជាជីវៈ, ការកាប់បំផ្លាញព្រៃឈើគ្មានការទប់ស្កាត់ និងវិបត្តិស្រូវ-អង្ករធ្លាក់ថ្លៃជាដើម ហើយនៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មួយទៀត អាចនឹងកោះហៅដែរ។

គម្រោងការនេះ បើពិចារណាឱ្យល្អិតល្អន់ទៅ ទំនងមិនសូវមានប្រសិទ្ធភាពទេ ព្រោះតំណាងរាស្ត្របក្សប្រឆាំង ដែល មានតែដងខ្លួនដាច់ក្បាលនោះ មិនអាចដេញដោលកាច់កុងរដ្ឋមន្ត្រី ឬចង់ទម្លាក់រដ្ឋមន្ត្រីណាបានឡើយ។ ខណៈដែលលោកសម រង្ស៊ី រស់នៅនិរទេស ឯលោកកឹម សុខា ឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្សនោះ មិនខុសពីមនុស្សដាច់ក្បាល ឬថា មិនខុសពី “ម្ទេសជ្រក់ ឬម្ទេសត្រាំក្នុងក្រឡ”។ ចំណែកសហការីដែលនៅសល់ ត្រូវដើរចូលរដ្ឋសភានោះ បើគ្មានមេកោយដឹកនាំយ៉ាង នេះ មិនខុសពី “ម្ទេសជ្រក់ ដែលទុកយូរខ្សោយជាតិហឹរ”។ ពួកគាត់ធ្វើម៉េចនឹងហ៊ានរិះគន់វាយប្រហាររដ្ឋមន្ត្រីសំខាន់ៗ  ជាពិសេស រដ្ឋមន្ត្រីដែលកាន់កងទ័ព និងមានឥទ្ធិពលលើសរដ្ឋមន្ត្រីនានា។

ទោះយ៉ាងណាក៏ដោយចុះ “ម្ទេសជ្រក់ មិនសូវហឹរ” ក៏ពិតមែន ប៉ុន្តែ វាអាចកាត់ចម្អាបបានដែរ។ គុយទាវពោះគោ ដែល នៅក្លិនឆ្អាប លុះត្រាតែមានម្ទេសត្រាំក្នុងក្រឡ ជាជំនួយទើបបាន ដែលតម្រូវការនេះ យើងឃើញភ្ញៀវចូលហាងគុយទាវ តែងតែស្រែកហៅអ្នករត់តុ ឱ្យយកក្រឡម្ទេសជ្រក់មកឱ្យគាត់ បើសិនជានៅលើតុមិនឃើញក្រឡម្ទេស។

យ៉ាងណាមិញ ការកោះហៅរដ្ឋមន្ត្រីសំខាន់ៗមកសាកសួរតាមរដ្ឋធម្មនុញ្ញ ជារឿងល្អជាងបណ្តែតបណ្តោយ។ ករណី បែកធ្លាយរឿងឈើហុបជិត៣ពាន់ម៉ែត្រគូប ដែលឈ្មួញទុច្ចរិតសមគំនិតជាមួយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ លាក់ទុកនៅចំណុច ភូមិសាស្ត្រច្រករបៀងការពារព្រំដែន ប៉ុស្តិ៍អ៉ូរ៉ូ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី បម្រុងនាំចេញទៅប្រទេស វៀតណាម អាចពាក់ព័ន្ធដល់ក្រសួងការពារជាតិ និងក្រសួងកសិកម្ម។ បទល្មើសព្រៃឈើ ដែលប្រមុខរាជរដ្ឋាភិបាល បាន ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបង្ក្រាបនោះ ហេតុអ្វីក៏នៅតែមានឈើលាក់ទុករាប់ពាន់ម៉ែត្រគូប និងការដឹកជញ្ជូនឈើ នាំ ចេញគគ្រឹកគគ្រេងដដែលបែបនេះ? តើកងការពារព្រំដែន ទៅណាអស់ហើយ? តើអស់លោកមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ភ្ញាក់ពីសម្រាន្តឬយ៉ាងណា?

ដូច្នេះយើងឃើញថា ការអញ្ជើញរដ្ឋមន្ត្រីមកសួរ ជាការប្រសើរជាងមិនសួរ ទោះបីជាការសួរនោះជាលក្ខណៈ “ម្ទេស ជ្រក់ មិនសូវហឹរ” ក៏ដោយចុះ។ អំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីខិលខូច ផ្គើនអនុសាសន៍នាយករដ្ឋមន្ត្រី គឺមានអ្នកទទួល- ខុសត្រូវតាមក្រសួងនីមួយៗ ដែលមានខ្សែបណ្តោយពីលើទៅក្រោម។ បើថ្នាក់លើបណ្តែតបណ្តោយឱ្យថ្នាក់ក្រោមធ្វើតាម ចិត្តនោះ អាចធ្វើឱ្យខូចកិត្តិយសរាជរដ្ឋាភិបាល និងបក្សកាន់អំណាច។ ករណីតំណាងរាស្ត្របក្សប្រឆាំង គ្មានមេកោយ នាំគ្នា ចូលរដ្ឋសភា រៀបគម្រោងកោះហៅរដ្ឋមន្ត្រីនោះ ចៀសមិនផុតពីការសើចចំអករបស់អ្នកគាំទ្របក្សកាន់អំណាចនោះទេ ដោយ គេយល់ថា មកពីបក្សប្រឆាំង អស់ក្រឡាលោត ដាច់អាជីពបាតុកម្ម ក៏បោលចូលសភាវិញ។ ដូច្នេះ បើជាអ្នកនយោបាយ ពិតៗនោះ គេថាអីថាទៅ ត្រូវតែចេះធ្វើមុខក្រាស់ខ្លះទើបបាន ជាពិសេស ទោះក្លាយជាម្ទេសជ្រក់ក៏ដោយចុះ ចាំបាច់ត្រូវតែ ត្រៀមខ្លួនកាត់ចម្អាប។

សរុបទៅ “ម្ទេសជ្រក់ មិនសូវហឹរ” វាមានន័យយ៉ាងនេះឯង។ ដូចលើកឡើងរួចមកហើយថា ពេលជាប់ឆ្នោតថ្មីៗ តំណាង- រាស្ត្របក្សប្រឆាំង ក្លៀវក្លាដូចម្ទេសទុំអ៊ីចឹង លុះដល់បក្សកាន់អំណាច យកទៅជ្រក់ ដោយប្តឹងតុលាការចាប់ដាក់គុកខ្លះ រត់ ចោលស្រុកខ្លះ ឃុំខ្លួនឯងខ្លះមក ម្ទេសនោះក៏លែងសូវហឹរ។ ទោះជាមិនសូវហឹរ ក៏ម្ទេសជ្រក់នៅតែអាចកាត់ចម្អាបបាន ពោលគឺ រិះគន់អំពើពុករលួយនេះឯង ទោះជាការរិះគន់កម្រិតស្រាលមិនសូវហឹរ ក៏វាប្រសើរជាងធ្វើពហិការ ឬការរិះគន់ក្រៅរដ្ឋសភា មិនស្មើការរិះគន់ក្នុងសង្វៀនស្របច្បាប់នោះទេ៕

ដោយ ៖ អាចារ្យថាំ