Loading...

កិច្ច​ព្រម​ព្រៀង​ប៉ា​រីស សាប​ដូច​សន្និ​សីទ​ហ្សឺ​ណែវ

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦​ | បរិយាយព័ត៌មានជាតិ | | 0 | ម៉ោង 6:41 am

ថ្ងៃនេះ ទិវារំព្ញកខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានមកដល់ហើយ លេច ចេញជាការខ្វែងមតិគ្នាគ្មានឯកភាព។ មន្ត្រីរាជរដ្ឋាភិបាល បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានជំនួសដោយ រដ្ឋធម្មនុញ្ញោទៅហើយ ត្រូវតែយករដ្ឋធម្មនុញ្ញ ជាគោលដឹកនាំប្រទេស ខណៈដែលបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងថា កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាព។ ធម្មតាការខ្វែងយោបល់គ្នាបែបនេះ អាចធ្វើឱ្យ “កិច្ចព្រមព្រៀង ទីក្រុងប៉ារីស នឹងសាបដូចសន្និសីទទីក្រុងហ្សឺណែវ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

សូមរំព្ញកថា សន្និសីទទីក្រុងហ្សឺណែវ បានត្រូវចុះហត្ថលេខានៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ ដោយតំណាងមកពី១៩ ប្រទេស ភាគច្រើនជារដ្ឋមន្ត្រីការបរទេស។ ក្នុងនោះមានមហាអំណាចទាំង៥ គឺអាមេរិក បារាំង អង់គ្លេស ចិន និងសហភាព សូវៀត ដោយមានប្រទេសពាក់ព័ន្ធក្នុងជម្លោះដូចជា វៀតណាមខាងជើង វៀតណាមខាងត្បូង (ក្រោមអំណាចព្រះចៅ បាវដាយ) ជាពិសេសភាគីកម្ពុជា (ខាងរដ្ឋាភិបាល) ដឹកនាំដោយលោកសម សារី (ឪពុកលោកសម រង្ស៊ី) ជាប្រធានគណៈប្រតិភូ អមដោយលោកទេព ផន រដ្ឋមន្ត្រីការបរទេស សម្តេចចក្រី ញឹក ជូឡុង រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំង មេដឹកនាំមួយចំនួនទៀត។ កាលនោះ ទោះបីជាមានការទាមទារពីមហាអំណាចសហភាពសូវៀត ចិន និងវៀតណាមខាងជើង សុំឱ្យតំណាងចលនាតស៊ូខ្មែរឥស្សរៈ បានចូលរួមប្រជុំ ក៏មហាអំណាចប៉ែកខាងលិច មិនយល់ព្រម។ រីឯកិច្ចព្រមព្រៀង ក្នុងសន្និសីទទីក្រុងហ្សឺណែវ មានដូចជា ១បញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសកម្ពុជា ២ប្រគល់សិទ្ធិជូនរាជរដ្ឋាភិបាល កម្ពុជា រៀបចំការបោះឆ្នោត ដោយផ្តល់សិទ្ធិជូនពលរដ្ឋ ៣បញ្ឈប់មូលដ្ឋានយោធាបរទេសនៅកម្ពុជា ៤តម្រូវឱ្យកងទ័ព បារាំង ដកចេញឱ្យអស់ពីឥណ្ឌូចិន ដោយប្រគល់ឯករាជ្យ អធិបតេយ្យ ដល់ប្រទេសនានាក្រោមអាណាព្យាបាលភាពរបស់ ខ្លួន។ មុនកិច្ចព្រមព្រៀងចូលជាធរមាន នៅកម្ពុជា មានការប្រយុទ្ធគ្នា រកសេចក្តីសុខមិនឃើញ រវាងកងទ័ពរដ្ឋាភិបាល និង ចលនាខ្មែរឥស្សរៈ ដែលចែកជា២ប្រភេទ គឺឥស្សរៈវៀតមិញ និងឥស្សរៈសេរី។ បន្ទាប់ពីសន្និសីទបានបញ្ចប់ កងទ័ពឥស្សរៈ បានចុះចូលជាមួយរាជរដ្ឋាភិបាល ប៉ុន្តែ ក៏មានអ្នកតស៊ូខ្មែរមួយចំនួន បានចាកចេញពីប្រទេស ទៅតាមកងទ័ពវៀតណាម ដូចជា លោកប៉ែន សុវណ្ណ និងឥស្សរជនមួយចំនួន នៃគណបក្សប្រជាជនកម្ពុជា។

សន្និសីទទីក្រុងហ្សឺណែវ ត្រូវភាគីទាំងអស់គោរពបានតែមួយខ្យល់ប៉ុណ្ណោះ ក៏សាបទៅៗ ដែលប្រវត្តិវិទូខ្លះបានបន្ទោស ទៅលើភាគីរដ្ឋាភិបាលសម័យនោះថា ជាដើមចមនៃការធ្វើឱ្យសាបដល់កិច្ចព្រមព្រៀង។ នៅក្នុងសៀវភៅ “ប្រវត្តិសាស្ត្រ សង្ខេប នៃប្រទេសកម្ពុជា” លោកបណ្ឌិតឡុង សៀម បានសរសេរថា “ស្របតាមសន្ធិសញ្ញាហ្សឺណែវ ក្នុងអំឡុងពេលចាប់ផ្តើមពីខែសីហា ដល់ខែកញ្ញា ឆ្នាំ១៩៥៤ យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធខ្មែរឥស្សរៈ បានត្រូវរំសាយជួរ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ដោយមានការរំលោភលើសន្ធិសញ្ញាហ្សឺណែវ បានបន្តតាមពិនិត្យយុទ្ធជនរួបរួមក្នុងចលនាខ្មែរឥស្សរៈ ដោយមាន កងប៉ូលិសតាមធ្វើទុក្ខបុកម្នេញដល់គេទាំងឡាយតាមរបៀបផ្សេងៗ។ នយោបាយតាមពិនិត្យធ្វើទុក្ខបុកម្នេញដល់កម្លាំង ប្រជាធិបតេយ្យ បានបំបាក់នូវលទ្ធភាពមិនឱ្យបក្សប្រជាជនបដិវត្តកម្ពុជា ធ្វើសកម្មភាពនយោបាយតាមផ្លូវច្បាប់បានឡើយ…”។ សំណេរនេះ ជាកញ្ចក់ឆ្លុះមើលតថភាពសង្គមសម័យនោះ ខណៈដែលភាគីរដ្ឋាភិបាល ធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងនៃសន្និសីទ ទីក្រុងហ្សឺណែវ ហើយជនរងគ្រោះគឺសមាជិកខ្លះនៃបក្សប្រជាជន ដែលក្រោយមកពួកនេះដណ្តើមអំណាចបាន ក៏ធ្វើការ សងសឹកយ៉ាងចាស់ដៃ ហើយដែលយើងដឹងយ៉ាងច្បាស់ថា ប៉ុល ពត អៀង សារី ខៀវ សំផន ដែលធ្លាប់រងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ពេលក្លាយជាមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ បានធ្វើឱ្យមាតុភូមិក្លាយទៅជាវាលពិឃាត។

ក្រឡេកមើលបច្ចុប្បន្នវិញ តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានប្រសិទ្ធភាពយ៉ាងណាខ្លះ? តើវាមានលក្ខណៈប្រហាក់ប្រហែលកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែរឬទេ? សូមរំព្ញកថា កិច្ចព្រមព្រៀងទីក្រុង ប៉ារីស មានប្រទេស១៩ ជាហត្ថលេខី ដោយគិតទាំងភាគីកម្ពុជា។ មហាអំណាចទាំង៥ តំណាងដោយរដ្ឋមន្ត្រីការបរទេស បាន ចូលរួមក្រោមវត្តមានអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ សម្តេចព្រះនរោត្តម សីហនុ និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាអ្នកផ្តួចផ្តើមឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាច្រើនចំណុច ដូចជា ១រៀបចំឱ្យមានសន្តិភាពឡើងវិញនៅកម្ពុជា តាមដានការអនុវត្តបទឈប់បាញ់ ការរំសាយអាវុធ និងការដកទ័ពបរទេសចេញឱ្យអស់។ ២ចាក់គ្រឹះប្រជាធិបតេយ្យ សេរី ពហុបក្ស ឯករាជ្យ បូរណភាព អព្យាក្រឹតភាព ឯកភាពជាតិ និងភាពស្មើមុខគ្នាលើឆាកអន្តរជាតិ។

តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចូលជាធរមានមក យើងឃើញគ្រប់ភាគីពាក់ព័ន្ធគោរពបានល្អណាស់ ដោយ មានការធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហម ការបោះឆ្នោត ការគោរពសិទ្ធិមនុស្ស ជាដើម ប៉ុន្តែ ឈានមកដល់ពេលនេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស កាន់តែសាបទៅៗ មិនខុសពីសន្និសីទហ្សឺណែវ។ ពីមុនក៏មានអ្នកចងក្រងប្រវត្តិសាស្ត្រ បន្ទោស ភាគីរដ្ឋាភិបាលថា ជាអ្នកធ្វើឱ្យខូចដល់កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដោយប្រើកម្លាំងប៉ូលិស ឱ្យធ្វើទុក្ខបុកម្នេញអ្នកតស៊ូ ចលនាបដិវត្តន៍មួយចំនួន។ ឥឡូវអ៊ីចឹងទៀតហើយ គឺភាគីរាជរដ្ឋាភិបាល បានរងការចោទប្រកាន់ពីបក្សប្រឆាំង អង្គការសង្គម ស៊ីវិលមួយចំនួន ជាពិសេសអ្នករាយការណ៍ពិសេស អ..ប ផ្នែកសិទ្ធិមនុស្ស ថា បានប្រើប្រព័ន្ធតុលាការធ្វើទុក្ខបុកម្នេញ អ្នកប្រឆាំង សកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស ឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់។

ពាក់ព័ន្ធដល់កិច្ចព្រមព្រៀង២៣តុលា នេះ មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សព្វថ្ងៃកម្ពុជា មាន រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ជំនួសកិច្ចព្រមព្រៀងនេះហើយ ត្រូវតែគោរពរដ្ឋធម្មនុញ្ញ។ ទន្ទឹមនោះ ក៏មានអតីត រដ្ឋមន្ត្រីការបរទេសបារាំង លើកឡើងថា “ប្រទេសហត្ថលេខីទាំងអស់ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានភារកិច្ច លូកដៃក្នុងរឿងកម្ពុជា ទៀតទេ”។ ផ្ទុយទៅវិញ មន្ត្រីបក្សប្រឆាំង អង្គការសង្គមស៊ីវិលមួយចំនួន ក៏ដូចអន្តរជាតិខ្លះលើក ឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានកាលកំណត់ទេ នៅតែមានសុពលភាពជានិច្ច ហើយបានរិះគន់រាជរដ្ឋាភិបាលថា បានរំលោភលើកិច្ចព្រមព្រៀងនេះ។

ភាពចម្រូងចម្រាសនេះ មានន័យថា គោលការណ៍ដែលបានចុះហត្ថលេខានោះ នឹងសាបទៅៗ មិនខុសពីវិន័យសិក្ខាបទ ក្នុងព្រះពុទ្ធសាសនា។ ក្នុងចំណោមសិក្ខាបទទាំង២២៧ កាលព្រះសម្មាសម្ពុទ្ធ បរមគ្រូ គង់ធរមាននៅ ឃើញថា ភិក្ខុសង្ឃសាវ័ក នាំគ្នាគោរពខ្ជាប់ខ្ជួនណាស់ ដូចជាពេលនិមន្តបិណ្ឌបាតមិនហ៊ានពាក់ស្បែកជើងទេ ប៉ុន្តែ សព្វថ្ងៃ ព្រះសង្ឃខ្លះអត់ស្បែកជើង និមន្តបិណ្ឌបាតអត់រួចទេ។ យ៉ាងណាមិញ ពេលអស់ពីសម្តេចឪ ព្រះមហាវីរក្សត្រ ព្រះបិតាបង្រួបបង្រួមជាតិ ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរមក កិច្ចព្រមព្រៀង ដែលមានព្រះអង្គ និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកផ្តួចផ្តើម នោះ នឹងសាបទៅៗមិនខានឡើយ។

សរុបទៅ “កិច្ចព្រមព្រៀងក្រុងប៉ារីស សាបដូចសន្និសីទហ្សឺណែវ” ពុំមែនជាការបំផ្លើសនោះទេ ព្រោះច្បាប់ឬគោលការណ៍អ្វីក៏ដោយ គេគោរពបានតែមួយរយៈប៉ុណ្ណោះ ជួនកាលអ្នកខ្លះមិនទាំងគោរពផង។ ទោះជាយ៉ាងណា ទាំងខ្មែរ និង អន្តរជាតិ បានទទួលស្គាល់ថា បាននាំកម្ពុជាឱ្យដើរលើមាគ៌ាសន្តិភាព ហើយសន្តិភាពនាំមកនូវការអភិវឌ្ឍ ដែលសូម្បីលោកស្រី រ៉ូណា ស៊្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស នៅកម្ពុជា ក៏ទទួលស្គាល់ថា កម្ពុជានាឆ្នាំ២០១៦ នេះ រីកចម្រើនខុសគ្នាខ្លាំងពីកម្ពុជា កាលពីឆ្នាំ១៩៩១៕

ដោយ ៖ អាចារ្យថាំ