Loading...

ប្រាសាទ​ភ្នំ​បា​ខែង កំពុង​ទទួល​ការ​ជួស​ជុល

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 2:10 am

ខេត្តសៀមរាប  ប្រាសាទភ្នំបាខែង ស្ថិត នៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ពេល នេះកំពុងត្រូវបានទទួលការជួសជុល ដោយសារ ប្រាសាទបុរាណខ្មែរ មានអាយុកាលរាប់ពាន់ ឆ្នាំនេះ បានរងការខូចខាតដោយអន្លើ។

យោងតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរអប្សរា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស៊ុំ ម៉ាប់ អគ្គនាយក អាជ្ញាធរអប្សរា បានអញ្ជើញចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ដែលកំពុងដំណើរការជួសជុលដោយអង្គការមូលនិធិប្រាសាទ ពិភពលោក 9ឺរៀលដ នៀំមុនេតស ធុនដប សហការជាមួយអាជ្ញាធរអប្សរា។

bakeang2

ក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ លោក អគ្គនាយកអាជ្ញាធរអប្សរា បានស្តាប់បទបង្ហាញ  ពីអ្នកជំនាញជាតិអន្តរជាតិ ដែលកំពុងអនុវត្ត ការងារនេះផ្ទាល់ ដើម្បីត្រួតពិនិត្យពីស្ថានភាព ប្រាសាទ ដំណើរការទូទៅនៃការជួសជុល អភិរក្ស រួមទាំងផលលំបាកនិងតម្រូវការចាំបាច់ ដើម្បី សម្រួលដល់ការងារឱ្យកាន់តែរលូន។

បន្ទាប់ពីស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេសនៃការជួសជុល និងការត្រួតពិនិត្យផ្ទាល់ ចំពោះការងារជាក់ស្តែងក្នុងការដ្ឋាន លោកអគ្គនាយក ក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់អ្នកជំនាញជាតិអន្តរជាតិ និង កម្មករទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុង កិច្ចការអភិរក្ស និងជួសជុលប្រាសាទដ៏អស្ចារ្យ មួយនេះ ឱ្យមានភាពស្រស់ស្អាត រឹងមាំបានយូរអង្វែងតទៅមុខ ប្រកបដោយការលះបង់ អត់ធ្មត់ គួរឱ្យកោតសរសើរ។

លោកជា សារិទ្ធ មន្ត្រីបុរាណវិទ្យា ទទួល បន្ទុកការងារអភិរក្ស របស់នាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់បទពិសោធន៍ និងជួយ បណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួន ក្នុងការ ជួសជុលប្រាសាទនេះដោយផ្ទាល់ បានបញ្ជាក់ថា   ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យ អង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរ ឈ្មោះថា យសោធរមានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុង មានប្រវែង ៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាង ឡើងនៅចុងស.វទី៩ ដើមស.វទី១០ ឧទ្ទិសដល់ ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ ក្រោយមក នៅចុងស.វទី១៦ ប្រាសាទនេះបានប្តូរទៅជា ព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាង រូបព្រះពុទ្ធធំមួយអង្គ នៅជាន់លើបង្អស់។ ដោយ ឡែកនៅឆ្នាំ១៩២០ ពេលបារាំង ចាប់ផ្តើមជួសជុលអភិរក្ស បានរុះរើរូបសំណាកព្រះពុទ្ធទៅ ចោលនៅជ្រុងខាងត្បូង និងខាងជើងនៃភ្នំ។ ក្រៅ ពីការអភិរក្ស បារាំងក៏បានធ្វើកំណាយស្រាវជ្រាវ នៅតួប៉មកណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បី ស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទ និងបានធ្វើការ ជួសជុលជញ្ជាំងពីរ៉ាមីដ នៅផ្នែកខូចខាត និង រើតួប៉មប្រាសាទថ្មមួយចំនួន រៀបឡើងវិញ។

bakeang1

ចាប់ពីឆ្នាំ២០០៤ ដល់បច្ចុប្បន្ន (២០១៦) អង្គការមូលនិធិប្រាសាទពិភពលោក 9ធឺំប សហការជាមួយអាជ្ញាធរអប្សរា បានដំណើរការ អភិរក្សជួសជុលបន្តពីបារាំង ដោយចាប់ផ្តើមពី ជ្រុងខាងត្បូងឆៀងខាងលិច។ បន្ទាប់ពីគម្រោង នេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើម ធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពី ជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើង ជាបន្តបន្ទាប់។

ក្នុងកិច្ចការជួសជុល អភិរក្សនេះ ស្ថាប័ន ធឺំ ក៏បានគិតគូរយកចិត្តទុកដាក់ថែទាំ និង ពង្រឹងរចនាសម្ព័ន្ធប្រាសាទភ្នំបាខែង ព្រោះប្រាសាទ នេះប្រឈមនឹងការខូចខាតដោយសារទឹកដែល ហូរច្រោះដី រុក្ខជាតិដុះលើ ទើបធ្វើឱ្យប្រាសាទ នេះទ្រុឌទ្រោម និងគ្រោះថ្នាក់ដោយសារបាក់រលំនៅតាមជ្រុងនៃប្រាសាទ។ ដូច្នេះដំណើរការ ជួសជុល ក៏ចាប់ផ្តើមពីការស្រាវជ្រាវរុករកថ្មចាស់ ដែលបាត់ក្នុងព្រៃ និងតាមជើងភ្នំ កាលពីសម័យ បារាំងជួសជុល និងសម័យបុរាណ ដែលយកថ្ម ទាំងនោះទៅរៀបជារូបព្រះពុទ្ធ ដើម្បីមកបំពេញ នៅកន្លែងដែលខ្វះចន្លោះឡើងវិញ។ ក្នុងនោះក៏ បានគិតគូរពីការរៀបចំប្រព័ន្ធបង្ហូរទឹក បង្ការទឹក ជ្រាបចូលគ្រឹះ ដោយប្រើបច្ចេកទេសទំនើប និង ក្រាលកៅស៊ូការពារទឹក ដែលធានាសុពលភាព បានយូរអង្វែង ដើម្បីការទឹកភ្លៀងកុំឱ្យហូរច្រោះ។ បន្ថែមពីនោះ ក៏ប្រើវិធីភ្ជាប់ថ្មទៅនឹងជញ្ជាំងភ្នំ ដើម្បីកុំឱ្យថ្មភ្នំប្រេះ ធ្វើឱ្យសំណង់កាន់តែជាប់មាំ។

យោងតាមមន្ត្រីខាងលើ បានឱ្យដឹងថា គម្រោងជួសជុលនេះ អាចនឹងបញ្ចប់នៅឆ្នាំ ២០២០ តែក៏អាស្រ័យនៅលើស្ថានភាពជាក់ស្តែងនៃដំណើរការការងារផងដែរ។ ចំពោះ កម្លាំងជួសជុលនៅក្នុងការដ្ឋានប្រាសាទភ្នំបាខែង  មានអ្នកជំនាញនិងកម្មករ ប្រមាណ១០០នាក់ ដោយមានអ្នកជំនាញជាទីប្រឹក្សាផ្តល់យោបល់ ពីអាមេរិក ផ្នែកវិស្វករ ស្ថាបត្យករ រួមនិងអ្នកជំនាញខ្មែរ បានចែករំលែកចំណេះដឹងបទពិសោធន៍ គ្នាទៅវិញទៅមក ហើយបង្រៀនវិធីដាប់ថ្ម ជួសជុលថ្មព្យាបាលថ្មជាដើម ដល់កម្មករខ្មែរ រហូត មកដល់ពេលនេះ កម្មករខ្មែរទាំងអស់ មានសមត្ថភាពអាចធ្វើការងារទាំងនោះបានដោយខ្លួនឯង យ៉ាងគួរឱ្យកត់សម្គាល់

ដោយ ៖ កុលបុត្រ