Loading...

ប្តីទៅធ្វើការ ប្រពន្ធឱបបង្វេចរត់តាមប្រុស

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 3:17 am

អ្នកស្រីអ៊ូច ម៉ុន អាយុ៥៧ឆ្នាំ រស់នៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា គាត់រៀបការជាមួយប្តី ឈ្មោះសែម សុន អាយុ៥៥ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងដៃនិស្ស័យស្នេហ៍ ដោយចាប់របរធ្វើស្រែចម្ការ។ ក្នុងចំណោមកូនប្រុសស្រីរបស់គាត់ទាំងអស់ មានកូនប្រុសទី២ ឈ្មោះសែម ដារ៉ា សព្វថ្ងៃអាយុ៣០ឆ្នាំ ដែលត្រូវប្រពន្ធក្បត់ផិត ឱបបង្វេចរត់តាមប្រុស ចោលប្តីនិងកូនគ្មានស្រណោះ។ កាលពីក្មេង កូនប្រុសរូបនេះ មិនបានរៀនសូត្រជ្រៅជ្រះនឹងគេទេ លុះពេលធំពេញកំលោះ គាត់បានចូលស្តីដណ្តឹងនារីម្នាក់ ឈ្មោះប្រាក់ ស្រីម៉ៅ សព្វថ្ងៃអាយុ២៧ឆ្នាំ រៀបការតាមប្រពៃណី ធ្វើជាគូគាប់ទ្រនាប់ជីវិត ដែលប្តីប្រពន្ធ ពួកគេរួមរស់ជាមួយួគ្នា បង្កើតបានកូនចំនួន៥នាក់ (ស្រី៤ ប្រុស១)។

ស្ត្រីជាម្តាយរូបនេះបន្តឱ្យដឹងថា  ក្រោយពេលរៀបការហើយថ្មីថ្មោង ប្តីប្រពន្ធកូន១គូនេះ ស្រលាញ់គ្នាយ៉ាងផ្អែមល្ហែម ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត និងបានសង់ផ្ទះមួយខ្នង នៅក្បែរផ្ទះឪពុកម្តាយ ដើម្បីសាងសុភមង្គមគ្រួសារ ប៉ុន្តែយ៉ាងណា ក៏ប្តីប្រពន្ធពួកគេមិនសូវជាមានជីវភាពធូរធារឡើយ ទោះជាពេលទំនេរខ្លះ កូនប្រុសគាត់ជាប្តី តែងឆ្លៀតដើរស៊ីឈ្នួលជួលព័ទ្ធគេ ឬធ្វើការសំណង់ យកប្រាក់មកទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ ឱ្យល្អប្រសើរថែមមួយកម្រិតទៀតក្តី។ លុះក្រោយមក ដោយសារអ្នកស្រុកភូមិចេញទៅធ្វើការរកប្រាក់ នៅប្រទេសថៃ បានប្រាក់ថ្លៃឈ្នួលផ្ញើមកស្រុក ធ្វើឱ្យជីវភាពក្រុមគ្រួសារ គេធូរធារយ៉ាងឆាប់រហ័ស រហូតអ្នកខ្លះបានសង់ផ្ទះធំទ្រនំខ្ពស់រស់នៅ និងទិញម៉ូតូស៊េរីទំនើបជិះបង្អួតគេឯង កូនប្រុសរបស់គាត់ក៏សុំប្រពន្ធចេញទៅធ្វើការនៅស្រុកថៃ ដូចគេដែរ ហេតុតែរូបគេចង់មានចង់បាន និងចង់ឱ្យប្រពន្ធកូនរស់នៅសុខស្រួល ក៏បានទៅដាក់ពាក្យនៅក្នុងក្រុមហ៊ុននាំពលករ ចេញទៅធ្វើការនៅប្រទេសថៃ។

អ្នកស្រីអ៊ូច ម៉ុន រៀបរាប់បន្តថា ពេលកូនប្រុសទៅធ្វើការនៅស្រុកគេបានមួយរយៈ តែងផ្ញើប្រាក់មកឱ្យ ប្រពន្ធដែលនៅផ្ទះមើលថែកូន ជារៀងរាល់ខែ មិនដែលអាក់ខានឡើយ ប៉ុន្តែកូនប្រសាជើងល្អវិញមិនយល់ពីអារម្មណ៍ និងការលះបង់របស់ប្តីឡើយ ដោយនៅផ្ទះ ចាំដេកស៊ីចាយលុយកម្លាំងញើសឈាមរបស់ប្តីស្រួលពេក ក៏បែរជាភ្លើតភ្លើនមានគំនិតបែកឆ្វេង បណ្តែតបណ្តោយឱ្យភ្លើងតណ្ហាដុតរោល ទៅលួចមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ឈ្មោះទ្រូ រស់នៅក្នុងខេត្តកំពង់ធំ ដែលធ្លាប់ឆ្លងកាត់ប្រពន្ធ៣នាក់រួចទៅហើយយ៉ាងផ្អែមល្ហែម ហើយពីមួយថ្ងៃទៅមួយថ្ងៃ ទំនាំក់ទំនងស្នេហារបស់ពួកគេ កាន់តែរីកដុះដាលជាប្រចាំ រហូតបុរសឈ្មោះទ្រូ នោះ បានផ្ញើប្រាក់ឱ្យកូនប្រសាជើងល្អរូបនេះ ចំនួន១០ម៉ឺនរៀល ធ្វើសោហ៊ុយឡើងឡានឈ្នួលស្កាត់ទៅជួបគ្នាដល់ខេត្តកំពង់ធំ និងរួមរស់ជាមួយគ្នាជាប្តីប្រពន្ធតែម្តង ធ្វើឱ្យគាត់ជាម៉ែក្មេក ក៏ដូចជាអ្នកស្រុកមួយចំនួនទៀតគ្រវីក្បាលហួសចិត្តគ្រប់គ្នា។

ស្ត្រីជាម្តាយរូបនេះ បន្តទាំងក្តុកក្តួលអាណិតកូនប្រុសថា ដំបូងឡើយ កូនប្រុសរបស់គាត់មិនដឹងប្រពន្ធមានចិត្តផិតក្បត់ខ្លួនទេ  ទាល់តែគាត់ទូរសព្ទ័ប្រាប់ ទើបគេដឹងរឿងនេះ ធ្វើឱ្យគេរន្ធត់ចិត្ត ក្តុកក្តួលឈឺចាប់ពើតផ្សាជាខ្លាំង ក៏ប្រញាប់ធ្វើដំណើរមកស្រុកវិញ។ តែយ៉ាងណា ក្នុងចិត្តកូនប្រុសរបស់គាត់ស្រលាញ់ប្រពន្ធណាស់ ទោះបីជានាងបានប្រព្រឹត្តទង្វើមិនគប្បីបែបនេះដាក់គេក្តី ក៏រូបគេព្រមលើកលែងទោសឱ្យប្រពន្ធដែរ ដោយឡើងឡានឈ្នួលធ្វើ ដំណើរទៅអង្វរប្រពន្ធមកជួបជុំគ្នាវិញ ប៉ុន្តែកូនប្រសាចិត្តចើកនោះ មិនព្រមត្រឡប់ក្រោយឡើយ ធ្វើឱ្យកូនប្រុសរបស់គាត់ ជិះឡានឈ្នួលត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹម។ រីឯប្រពន្ធក្បត់ផិតនោះ នៅរួមរស់ជាមួយបុរសឈ្មោះទ្រូ នោះ មកដល់សព្វថ្ងៃ បើគិតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំមកហើយ ឮដំណឹងថា ពួកគេរួមស្នេហ៍នឹងគ្នា បង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍រួមគ្នាទៀតផង។

ផ្ទះអ្នកស្រីអ៊ូច ម៉ុន

លោកយាយផាន់ សុំ អាយុ៨០ឆ្នាំ ជាយាយ បានឱ្យដឹងថា ពួកគាត់មាន ចិត្តអាណិតចៅ និងក្មួយប្រុសម្នាក់នេះណាស់ មិនគួរណាមានវាសនាអភ័ព្វត្រូវប្រពន្ធក្បត់ចិត្ត ឱបបង្វេចរត់តាមប្រុសបែបនេះឡើយ។ តាមការសង្កេតឃើញ ក្មួយនិងចៅប្រសានេះ ស្រលាញ់ប្រពន្ធខ្លាំងណាស់ មិនចេះដើរផឹកស៊ីមានស្រីញីអូនបងឡើយ ពោលគឺ ដឹងតែពីខំប្រឹងធ្វើការ រហូតដល់ស្រុកថៃ បំណងតែមួយគត់ គឺរកប្រាក់ផ្ញើមកឱ្យប្រពន្ធកូនរស់នៅស្រួល តែដឹងអី! ប្រពន្ធមិនយល់ចិត្តប្តីអ្វីបន្តិចសោះ បែរជាក្បត់ចិត្តប្តី ឱបបង្វេចរត់តាមប្រុសស្នេហ៍បាត់ តើមិនឱ្យប្រុសណាឈឺចិត្តស្អិតទ្រូងជាមួយប្រពន្ធជើងល្អបែបនេះនោះ? តែយ៉ាងណា ចៅនិងក្មួយួប្រុសរបស់ពួកគាត់ឈឺចាប់តែមួយរយៈខ្លីប៉ុណ្ណោះ ក្រោយមក គេខំប្រឹងកាត់ចិត្តពីប្រពន្ធ ក៏តាំងចិត្តរឹងមាំបានឡើងវិញ ហើយពេលនេះ រូបគេកំពុងតែធ្វើការរកប្រាក់ចិញ្ចឹមកូនរាល់ថ្ងៃ។

លោកយាយផាន់ សំុ និងលោកស្រីអ៊ូច ម៉ុន

ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងនាងប្រាក់ ស្រីម៉ៅ និងលោកទ្រូ ដែលរងការចោទប្រកាន់នេះ សុំការបកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ចាំភាគីទាំងពីរបំភ្លឺជានិច្ច៕                                                                                                                                      គីម ថីសួន