Loading...

អែន​ចេលី​ណា ចូលី បង្ហាញ​សាក្សី​រស់​ រឿង​ខ្មែរ​ក្រហម”

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 3:13 am

ខេត្តសៀមរាប ៖ ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ា របស់ខ្ញុំដែលជាស្នាដៃដឹកនាំផលិតដោយអ្នកស្រី អែនចេលីណា ចូលី (Angelina Jolie) ត្រូវ បានសម្ពោធដាក់បញ្ចាំងជាផ្លូវការលើកដំបូង កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ លើវាលស្មៅនៃទីលានជល់ដំរី ប្រាសាទអង្គរធំ ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ។

ជាមួយគ្នានឹងការចាក់បញ្ចាំងស្នាដៃដឹកនាំផលិតរឿងពាក់ព័ន្ធសម័យខ្មែរក្រហមនេះ អ្នកស្រីអែន ចេលីណា ចូលី ដែលមានសញ្ជាតិ ខ្មែរផងដែរនោះ ក៏បានបង្ហាញមុខសាក្សីរស់ ម្នាក់ក្នុងរបបខ្មែរក្រហមប៉ុលពត គឺអ្នកស្រី លឿង អ៊ឹង ដែលជាអ្នកនិពន្ធរឿង មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំនេះផងដែរ។

កំពូលតារាសម្តែងហូលីវូដ និងជាអ្នកដឹកនាំរឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំអ្នកស្រីអែនចេលីណា ចូលី ដែលបានអញ្ជើញ ចូលរួមក្នុងពិធីសម្ពោធខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខាងលើនេះ បានថ្លែងសុន្ទរកថាខ្លីមួយួ មុនការដាក់បញ្ចាំងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយនេះជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា ខ្សែភាពយន្តមុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំមិនមែនផ្តោតសំខាន់ តែទៅលើភាពភ័យខ្លាចនៃសង្គ្រាមប៉ុណ្ណោះទេ តែគឺដើម្បីបង្ហាញពីភាពអត់ធ្មត់ សប្បុរសធម៌ និងទេពកោសល្យរបស់ប្រជាជនខ្មែរផងដែរ។

អ្នកស្រីអែនចេលីណា ចូលី បានបញ្ជាក់ ថាខ្ញុំមិនអាចរកពាក្យមកពន្យល់ថា វាមាន ន័យអ្វីសម្រាប់ខ្ញុំឡើយ ដូចជាការជឿជាក់ការ រៀបរាប់ពីប្រវត្តិ ក៏ដូចជាប្រវត្តិសាស្ត្រនៃប្រទេស កម្ពុជា។ កម្ពុជា បានផ្លាស់ប្តូរជីវិតខ្ញុំ ហើយបើ គ្មានកម្ពុជា ខ្ញុំក៏មិនអាចក្លាយជាម្តាយម្នាក់ ដែរ

អ្នកស្រីបន្តថា ខ្សែភាពយន្ត មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំនេះ គឺនឹងជួយឱ្យ ពិភពលោក ស្វែងយល់ពីអ្វីដែលបានកើតឡើង នៅក្នុងប្រទេសកម្ពុជា ក្រោមរបបខ្មែក្រហម ហើយអ្នកស្រីពិតជាមានមោទនភាពណាស់ ចំពោះ ខ្សែភាពយន្តនេះ។

នៅអំឡុងពេលបើកសម្ពោធជាផ្លូវការ ខ្សែភាពយន្ត មុនដំបូងខ្មែរក្រហមសម្លាប់ប៉ា របស់ខ្ញុំនេះ អ្នកស្រីអែនចេលីណា ចូលី បាន បង្ហាញមុខសាក្សីរស់ និងជាម្ចាស់សាច់រឿង ពិតក្នុងខ្សែភាពយន្តនេះផងដែរ គឺអ្នកស្រីលឿង អ៊ឹង ដែលបច្ចុប្បន្នគឺជាសកម្មជនសិទ្ធិមនុស្ស នៅអាមេរិក និងជាអ្នកនិពន្ធសៀវភៅទៀតផង។

អ្នកស្រីលឿង អ៊ឹង កើតនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧០ នៅរាជធានីភ្នំពេញ អ្នកស្រី ជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ (ប្រុស៤ ស្រី៣) មានឪពុកឈ្មោះជួង អ៊ឹង និងម្តាយ ឈ្មោះអ៊ុង សេងអ៊ឹម។ អ្នកស្រីបានចាកចេញ ពីប្រទេសកម្ពុជា កាលពីអាយុ១០ឆ្នាំ លុះក្រោយ ពីបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក អ្នកស្រីបានសរសេរសៀវភៅចំនួន២ក្បាល ដែលរៀបរាប់អំពីបទពិសោធន៍ជីវិតរបស់អ្នកស្រី តាំងពីអំឡុងឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ ២០០៣ ពិសេស គឺរឿងជីវិតពិតក្នុងសមយ ខ្មែរក្រហមប៉ុលពត អំឡុងឆ្នាំ១៩៧៥១៩៧៩ ដែលអ្នកស្រីខ្លួនឯងជាជនរងគ្រោះម្នាក់ ធ្លាប់ បានឆ្លងកាត់ និងចងចាំជានិច្ចគ្មានថ្ងៃបំភ្លេច បាន។

គួរបញ្ជាក់ថា ខ្សែភាពយន្ត មុនដំបូង ខ្មែរ ក្រហមសម្លាប់ប៉ារបស់ខ្ញុំត្រូវបានផលិតឡើង ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកបច្ចេកទេស សិល្បករកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ សរុបដល់ទៅជាង៣៥០០នាក់ឯណោះ បានចាប់ ផ្តើមថត ចន្លោះពីខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ខែ ពាក់កណ្តាលឆ្នាំ២០១៦។

លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ខ្សែ ភាពយន្តនេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ ប្រទេសកម្ពុជា។ លោកស្រីបន្ថែមថា ទោះវា ជាអតីតកាលដ៏ឈឺចាប់ តែវាគឺជាមេរៀនមួយ សម្រាប់យើងទាំងអស់គ្នារៀនសូត្រ ដើម្បីការពារសន្តិសុខ និងស្ថិរភាព មិនអាចកាត់ថ្លៃបាន របស់ប្រទេសកម្ពុជា ដែលបានកសាងឡើងចេញ ពីបាតដៃទទេ ក្រោយការផ្តួលរំលំរបបខ្មែរក្រហម។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារ កម្ពុជា ដែលបានរក្សាទុកឯកសារស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម បានបញ្ជាក់ប្រាប់ថា មាន ផលិតកម្មអន្តរជាតិធំៗចំនួន៣ ដែលបានថត ខ្សែភាពយន្តស្តីពីខ្មែរក្រហមនេះ ពោលគឺចាប់ តាំងពីរបបមួយនេះ បានដួលរលំកាលពីឆ្នាំ ១៩៧៩។ ខ្សែភាពយន្តដែលផលិតកម្មអន្តរជាតិធំៗ៣បានផលិត រួមមាន ទី១រឿងវាល ពិឃាតទី២រឿងនរកប្រាំបួនជាន់់ និងទី៣រឿងមុនដំបូងខ្មែរ ក្រហមសម្លាប់ប៉ារបស់ខ្ញុំ

គួររំលឹកថា នៅក្នុងពិធីសម្ពោធជាផ្លូវការ ខ្សែភាពយន្ត មុនដំបូងខ្មែរក្រហមសម្លាប់ប៉ា របស់ខ្ញុំក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ បំផុត របស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មានភ្ញៀវកិត្តិយសចូលរួមប្រមាណជាង១៥០០ នាក់ ដែលរួមមានព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ តំណាងរដ្ឋាភិបាល មន្ត្រីទូត ក្រុមការងារ ផលិតខ្សែភាពយន្ត ក្រុមសិល្បករសម្តែង រួម និងប្រជាពលរដ្ឋច្រើនកុះករផងដែរ។

ខ្សែភាពយន្តមុនដំបូង ខ្មែរក្រហមសម្លាប់ ប៉ារបស់ខ្ញុំនេះ ត្រូវបានយកមកសម្ពោធដាក់ បញ្ចាំងលើកដំបូងនៅលើវាលស្មៅនៃទីលាន ជល់ដំរីបរិវេណប្រាសាទអង្គរធំ ក្រុងសៀមរាប វេលាម៉ោង៦ល្ងាច ថ្ងៃទី១៨១៩ ខែកុម្ភៈ ឆ្នាំ ២០១៧។ លើកទី២បញ្ចាំងនៅក្នុងទីតាំង នីដៀរៀ រៅនោ និងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៧ និងលើកទី៣ បញ្ចាំងនៅសួន ច្បារនាគបាញ់ទឹក ខេត្តបាត់ដំបង ចាប់ពីម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧