Loading...

គ្រូក្រៅក្របខ័ណ្ឌ ៣៧ឆ្នាំ បង្រៀនក្មេងមិនយកលុយ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 3:32 am

 តាឥសី ឬអាចារ្យទិសាបាមោក្ខ ក្នុងអក្សរសិល្ប៍បុរាណ តែងបង្ហាត់បង្រៀនសិស្សឱ្យចេះមន្តវិជ្ជាការ ដោយមិនយកកម្រៃ បានទាំងជួយផ្ចុងផ្តើមសិស្សឱ្យបានឡើងសោយរាជ្យជាព្រះមហាក្សត្រ ក៏មាន។ ដោយឡែកបុរសចំណាស់គ្រូក្រៅក្របខ័ណ្ឌរាជការម្នាក់នេះ បានប្រើពេលវេលា៣៧ឆ្នាំ ជួយបង្រៀនកូនចៅអ្នកស្រុក ដោយមិនយកកម្រៃ ដែលជារឿងកម្រមាននៅក្នុងសង្គមមួយ ដែលគ្រូបង្រៀនកំពុងទាមទារឡើងប្រាក់ខែ…។

កណ្តាល ៖ លោកតាគង់ យូ អាយុ៦៨ឆ្នាំ រស់នៅភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជាគ្រូបង្រៀនក្រៅក្របខ័ណ្ឌ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា គាត់មានភរិយាឈ្មោះ ទិន គា អាយុ៦៣ឆ្នាំ និងកូន៣នាក់ ចៅរាប់ភ្លេច និងមានជីវភាពសមរម្យ មិនមានពេក មិនក្រពេក។ កាលនៅបឋមវ័យ គាត់ធ្លាប់រៀនសូត្រត្រឹមចប់ថ្នាក់ទី៧ចាស់ (ចប់បឋមសិក្សា) ប៉ុណ្ណោះ លុះឈប់រៀន ក៏ចាប់យកមុខរបរជាកសិករយ៉ាងសាមញ្ញ មិនបានធ្វើថីថុងអីដូចគេទេ។ ក្រោយបែករបបប៉ុល ពត ដោយសារស្រុកភូមិរបស់គាត់ខ្សត់អ្នកចេះដឹង គឺរងគ្រោះដោយការសម្លាប់រង្គាល ទើបគណៈកម្មាធិការស្រុកបានជ្រើសតាំងគាត់ឱ្យធ្វើគ្រូបង្រៀនភាសាខ្មែរ ដើម្បីជួយស្រោចស្រង់កុមារា កុមារីដែលទើបងើបផុតពីរណ្តៅនរកប៉ុល ពត ឆ្លងផុតពីគ្រោះអវិជ្ជា។ កាលនោះ គាត់បានចូលបម្រើការងារជាបុគ្គលិករដ្ឋហួសទៅហើយ ទើបមិនសូវមានពេលបង្រៀនក្មេងទេ តែទោះជារវល់យ៉ាងណា ក៏គាត់នៅតែឆ្លៀតបង្រៀនកូនអ្នកភូមិឱ្យចេះអានសរសេរ ដោយមិនយកកម្រៃ។

 

លោកតាគង់ យូ បន្តថា រហូតដល់ឆ្នាំ២០០០ ប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសតាំងគាត់ជា “មេព្រែក” ដើម្បីដឹកនាំការកសាងស្ពានឈើឆ្លង ព្រែកមឿងហ៊ីង ក្នុងឃុំក្អមសំណ នេះ។ គាត់ប្រឹងប្រែងដឹកនាំកសាងស្ពាន រហូតរួចរាល់ជាស្ថាពរ ទើបថ្នាក់ដឹកនាំឃុំ-ស្រុកបានប្តូរឈ្មោះព្រែកមឿងហ៊ីង មកជា “ព្រែកតាយូ” យកតាមឈ្មោះគាត់វិញ។ ស្ពានឈើនោះ ប្រើការរហូតពុកផុយ ដែលសព្វថ្ងៃ រាជរដ្ឋាភិបាលបានចំណាយថវិកាកសាងជាស្ពានបេតុងជំនួសវិញ ប៉ុន្តែនៅតែជាប់ឈ្មោះគាត់រហូត។ មកទល់ពេលនេះ គាត់ចូលនិវត្តន៍ពីមន្ត្រីរាជការ ក៏មានពេលវេលាគ្រប់គ្រាន់ក្នុងការបង្រៀនភាសាខ្មែរ ដល់កូនចៅអ្នកភូមិ។ តាមពិត គាត់ធ្លាប់បង្រៀនឪពុកម្តាយរបស់ក្មេងៗទាំងនោះ ឱ្យឆ្លងផុតពីអនក្ខរភាព លុះពួកគេមានគ្រួសារ និងមានកូនល្មមចូលរៀន ក៏បញ្ជូនមកគាត់ជាគ្រូតាជួយបង្រៀនទៀត គឺធ្វើគ្រូបង្រៀនទាំងម៉ែ ទាំងឪ ទាំងកូន ហើយអាចនឹងបន្តដល់ចៅទៀត បើសិនជាគាត់មានសុខភាពល្អ។

 

 

លោកតាគ្រូក្រៅក្របខ័ណ្ឌ បន្តទៀតថា ជារៀងរាល់ថ្ងៃ គាត់បែងចែកកាលវិភាគបង្រៀនសិស្ស៣ពេល គឺចាប់ពីម៉ោង១១ដល់ម៉ោង១២ថ្ងៃត្រង់ សម្រាប់សិស្សតូចៗថ្នាក់ទី១។ ចាប់ពីម៉ោង ១២ដល់ម៉ោង១កន្លះរសៀល សម្រាប់សិស្សថ្នាក់ទី២។ លុះដល់ពេលយប់ចាប់ពីម៉ោង៦កន្លះ ដល់ម៉ោង៨កន្លះ សម្រាប់សិស្ស ថ្នាក់ទី៣ ដល់ទី៥ ឆ្លាស់វេនគ្នា ដោយពេលខ្លះត្រូវអុជចង្កៀងប្រេងកាត ឬដុតទៀនបំភ្លឺឱ្យសិស្សអង្គុយ លើកន្ទេលក្រាលផ្ទាល់ដី។ ទោះយ៉ាងណា រយៈពេលចុងក្រោយនេះ មាតាបិតាសិស្សបានរៃលុយគ្នាទិញឈើធ្វើតុ ឱ្យកូនៗពួកគាត់បានអង្គុយរៀនស្រួលជាងមុន បានទាំងឧបត្ថម្ភប្រេងសាំងសម្រាប់ចាក់ម៉ាស៊ីនភ្លើងខ្នាតតូចទៀតផង។ រយៈពេល៣៧ឆ្នាំ គាត់មិនដែលលើកស្លាក “បើកបង្រៀនកួរ” យកលុយពីសិស្សនោះទេ ប៉ុន្តែបើមាតាបិតាសិស្សហុចឱ្យខ្លះ ទុកគ្រាន់ពិសាកាហ្វេព្រឹកៗ ក៏ចេះតែយកទៅ។

លោកតាគង់ យូ បញ្ជាក់ថា គាត់គ្មានចង់បានអ្វី ក្រៅពីចង់ឱ្យក្មេងៗបានចេះដឹង ឆ្លងផុតអន្លង់អវិជ្ជានោះទេ ដែលសព្វថ្ងៃ ក៏មានសិស្សគាត់មួយចំនួន បានទៅបន្តការសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យ ខ្លះទៀត ក៏ក្លាយជាមន្ត្រីរាជការមានមុខមាត់ផងដែរ។ ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ក៏មានសិស្សខ្លះដឹងគុណគាត់ យកនំអន្សម លុយកាក់ ឬសម្លៀកបំពាក់មកជូនគ្រូដែរ ដែលគាត់ទទួលដោយដៃទាំងពីរ និងជូនពរពួកគេឱ្យបានសេចក្តីសុខក្សេមក្សាន្ត រកស៊ីមានបានតរៀងទៅ។

 

 

លោកពុធ ឆាន អាយុ៣៨ឆ្នាំ បានឱ្យដឹងថា លោកបានយកកូន២នាក់ មកឱ្យរៀនក្នុងសំណាក់លោកគ្រូតា ដោយធ្លាប់ដឹងថា លោកគ្រូវ័យចំណាស់នេះ មានបទពិសោធន៍ជាង៣៧ឆ្នាំ ខាងការបង្រៀនសិស្សតូចៗ ឱ្យឆាប់ចេះអានសរសេរ។ កាលពីក្មេង រូបលោកក៏ជាសិស្សរបស់លោកគ្រូនេះដែរ ប៉ុន្តែដោយសារស្ថានភាពគ្រួសារយ៉ាប់យ៉ឺន គ្មានលុយបន្តការសិក្សាទៅលើ ក៏ឈប់ត្រឹមចេះអក្សរខ្មែរល្មមប្រើការបាន។

លោកតាគង់ យូរ និងភរិយា ឈរពីមុខស្ពានដែលបានសាងសង់ បច្ចុប្បន្នរដ្ឋាភិបាលបានធ្វើជាស្ពានបេតុង

 

នាងឃាង ចន្ធី អាយុ៣០ឆ្នាំ និងនាងថា ចិន្តា អាយុ២៩ឆ្នាំ ជាអតីតសិស្សលោកគ្រូគង់ យូ បានឱ្យដឹងស្របគ្នាថា លោកគ្រូនេះបានបង្រៀនមនុស្សច្រើនជំនាន់មកហើយ។ ក្រៅពីការបង្រៀនអក្សរសាស្ត្រ គាត់ក៏ចេះដឹកនាំអ្នកភូមិឱ្យចេះសាមគ្គីគ្នា និងរួមគ្នាថែរក្សាស្ពាន ថ្នល់ ស្តារព្រែក ជាហេតុធ្វើឱ្យពលរដ្ឋគោរព ស្រលាញ់គាត់គ្រប់គ្នា។

គួរបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាល កំពុងដោះស្រាយការដំឡើងប្រាក់ខែជូនគ្រូបង្រៀនឱ្យបាន យ៉ាងតិច៩១ម៉ឺនរៀល និងនៅតែមានគ្រូមួយចំនួនត្អូញត្អែរថា ប្រាក់ខែប៉ុណ្ណឹងចាយមិនគ្រប់នោះ បើយកមកប្រៀបធៀបនឹងសកម្មភាពលោកតាគង់ យូ គ្រូក្រៅក្របខ័ណ្ឌ ស្មគ្រ័ចិត្តបង្រៀនសិស្សមិនយកលុយ គឺជាករណីគួរពិចារណា។ សកម្មភាពខុសគ្នាបែបនេះ ស្តែងឱ្យឃើញថា លោកគ្រូតា ជាមនុស្សជាតិនិយម គិតគូរដល់ផលប្រយោជន៍ជាតិជាធំ ដែលជាបុគ្គលគំរូកម្ររកបានក្នុងសង្គមខ្មែរ៕                                                                                            អាន ប៊ុនរ័ត្ននៈ