Loading...

យល់សប្តិឃើញប្រពន្ធមានប្រុសថ្មី ប្តីទាញផ្គាក់ដេញកាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៧​ | សង្គម និងជីវិត | | 0 | ម៉ោង 9:16 am

ព្រះវិហារ ៖ នាងសៀន ម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះហុន សៀន អាយុ៩៩ឆ្នាំ ម្តាយឈ្មោះ ចាន់ អ៊ុន អាយុ៦៥ឆ្នាំ រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់។ លុះពេលធំពេញក្រមុំ នាងបានរៀបការជាមួយប្តី ឈ្មោះលី សៅ អាយុ៣៩ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ តែស្លាប់ទៅវិញអស់ម្នាក់ នៅរស់រានមានជីវិតតែកូនប្រុស២នាក់ប៉ុណ្ណោះ។ ប្តីរបស់នាងជាកូនប្រុសលោកមេភូមិក្នុងមូលដ្ឋានរស់នៅសព្វថ្ងៃនេះ ដែលកាលពីកំលោះ ប្តីមានករិយាមាយាទរមទម្យសុភាពរាបសាណាស់ មិនចេះផឹកស៊ី ដើរក្នុងចំណោមក្រុមបងតូចបងធំឡើយ ពោលគឺដឹងតែពីខំប្រឹងជួយធ្វើការក្រុមគ្រួសារប៉ុណ្ណោះ សូម្បីតែនិយាយស្តីក៏ដឹងខុសត្រូវ អ្នកភូមិផងរបងជាមួយអាណិតស្រលាញ់គ្រប់គ្នា។ ពិសេសទៅទៀតនោះ ក្រមុំមួយចំនួនធំក្នុងភូមិ សុទ្ធតែចង់បានរូបគេយកធ្វើប្តីគ្រប់គ្នា តែបែរជាប្តីបាក់ចិត្តជំពប់ស្នេហ៍លើរូបនាងទៅវិញ ដោយបាននាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបា រៀបការក្រាបក្បាលដល់កន្ទេលតាមប្រពៃណី។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងអស់សង្ឃឹម និងអ្នកស្រុកហួសចិត្តមិននឹកស្មានដល់នោះ ស្រាប់តែប្តីនាងក្លាយទៅជាមនុស្សប្រមឹកស្រាស និងកើតរោគប្រចណ្ឌតែមួយប៉ប្រិចភ្នែក។

នារីជាប្រពន្ធរូបនេះ បន្តទាំងទឹកមុខស្រពាប់ស្រពោនថា ក្រោយពីរៀបការរួមរស់ជាមួយគ្នាបានមួយរយៈខ្លី ស្រាប់តែប្តីនាងបែកគំនិតមានបនភឿន ទៅអង្គុយព័ទ្ធវង់ជល់កែវនៅតៀមស្រារាល់ថ្ងៃ មិនសូវអើពើរឿងការងាររកប្រាក់ឡើយ ហើយថែមទាំងកើតរោគប្រចណ្ឌប្រពន្ធផុតលេខ ពោលគឺឱ្យតែត្រឡប់មកពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះតែងរករឿងវាយតប់ ទាត់ធាក់ប្រពន្ធគ្មានញញើតដៃ ប្រៀបដូចជាសត្រូវស៊ីសាច់ហុតឈាម ចងគំនុំគ្នាពីពេលណាមកអីចឹង។ ប្តីប្រចណ្ឌប្រពន្ធគ្មានហេតុផលអ្វីទាំងអស់ រហូតដល់មិនអនុញ្ញាតឱ្យនាងចេញពីផ្ទះទៀតផង។ សូម្បីតែនាងទៅបន្ទោបង់លាមកនៅក្នុងព្រៃខាងក្រោយផ្ទះ ក៏ប្តីរករឿងបង្កជម្លោះ ចោទនាងមានល្បិចស្នៀតទៅជួបប្រុសសហាយ ក៏ទាញរំពាត់ ដំបង ផ្កក្គា់ដេញវាយកាប់ប្រហារលើរូបនាង គ្មានអាសូរស្បែក។

នាងសៀង ម៉ៅ បញ្ជាក់ថា ចាប់តាំងពីរួមរស់ជាមួយប្តីមក នាងស្គាល់រសជាតិអស់ហើយ នៃការប្រើអំពើហិង្សា រាប់ចាប់ទាំងត្រូវរំពាត់ ត្រូវដំបង បោចសក់ ឡើងជង្គង់ ច្របាច់ក រត់គេចពីការដេញកាប់ប្រហារដោយខ្វែវ កាំបិតផ្គាក់របស់ប្តី ឱ្យអ្នកស្រុកជួយផ្អើលភូមិ ដែលកាលនោះ ជីវិតនាងត្រូវរងទុក្ខលំបាក ហូរទឹកភ្នែកឥតស្រាក ប្រៀបដូចជាធ្លាក់នរកទាំងរស់អីចឹង ប៉ុន្តែដោយសារមុជមិនជ្រៅទៅមិនឆ្ងាយ និងអាណិតកូនៗ មិនចង់ឱ្យពួកគេក្លាយជាក្មេងកំព្រាទាំងវ័យក្មេង ទើបនាងទ្រាំរស់នៅជាមួយទឹកភ្នែក ក្រោមអំពើហិង្សារបស់ប្តី រហូតមកដល់សព្វថ្ងៃ។ កន្លងមក ខាងឪពុកក្មេករបស់នាងជាមេភូមិស្រាប់ ធ្លាប់បានកោះហៅប្តីរបស់នាង ទៅធ្វើការអប់រំជាញឹកញាប់ដែរ ប៉ុន្តែប្តីរបស់នាងយកលេសស្រវឹងស្រា ជាការដោះសាថា រូបគេមិនដឹងខ្លួនឯងបានធ្វើអ្វីខ្លះលើប្រពន្ធទេ ហើយប្តីមិនដែលកែខ្លួនម្តងណាឡើយ ដោយនៅតែបន្តការប្រើអំពើហិង្សាជាបន្តបន្ទាប់ សូម្បីតែភ្លើងប្រចណ្ឌរបស់ប្តីក៏មិនថមថយដែរ។

ផ្ទះរបស់នាងសៀន ម៉ៅ និងលោកលី សៅ

នារីប្តីវាយធ្វើបាបរូបនេះ បានរំលឹកថា កាលពីប៉ុន្មានខែមុនមាន មន្ត្រីនគរបាលប្រមាណ១០នាក់ ចុះមកធ្វើការក្នុងភូមិនេះ ហើយឪក្មេកបានចាត់នាងនិងស្ត្រីក្នុងភូមិ ២-៣នាក់ទៀត ធ្វើម្ហូបដាំបាយឱ្យនគរបាលទាំងនោះ ស្រាប់តែប្តីឡប់ខួររបស់នាង ចោទនាងមានសហាយស្មន់ ជាមួយមន្ត្រីនគរបាលទាំងនោះ ទាំងទទឹងទិស។ តែប្តីក៏ឆ្លាតដែរ មិនហ៊ានទៅរករឿងឈ្លោះជាមួយនាងដល់កន្លែងដាំបាយនោះឡើយ ម៉្លេះអី! ច្បាស់ជាត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ យកទៅឱ្យដេកគុក ទះមូសបាត់ទៅហើយ។ សព្វថ្ងៃនេះ ទាំងនាងនិងឪពុកម្តាយទាំងសងខាងអស់តម្រិះក្នុង ការប្រដៅអប់រំប្តីហើយ ហើយនាងក៏មិនដឹងជាអាចទ្រាំរស់នៅជាមួយប្តីរូបនេះ បានប៉ុន្មានឆ្នាំទៀតដែរ។

លោកលី សៅ ជាប្តី ដែលកំពុងអង្គុយស្តាប់ប្រពន្ធរៀបរាប់ ដោយមានឪពុកបង្កើតជាមេភូមិ អង្គុយនៅក្បែរនោះផងដែរ បានឱ្យដឹងថា លោកមិនមានចិត្តចង់វាយធ្វើបាបរករឿងប្រពន្ធកូនទេ ប៉ុន្តែ ឱ្យតែលោកផឹកស្រាស្រវឹង គឺបាត់បង់ម្ចាស់ការអស់រលីង មិនដឹងថាខ្លួនឯងបានធ្វើអ្វីខ្លះដាក់ប្រពន្ធកូនទេ ទើបតែប្រពន្ធរៀបរាប់នៅពេលនេះ ទើបធ្វើឱ្យលោកភ្ញាក់ខ្លួន តែយ៉ាងណា លោកសុខចិត្តទទួលខ្លួនខុសគ្រប់យ៉ាងទាំងអស់។ ចំពោះរឿងប្រចណ្ឌ លោកនៅចាំបានថា គឺមកពីលោកចាញ់បោកយល់សប្តិតែម្តង ព្រោះលោកតែងសុបិនឃើញប្រពន្ធក្បត់ចិត្ត ទៅមានទំនាក់ទំនងស្នេហាជាមួយប្រុសឈ្មោលជាញឹកញាប់ ទើបពេលលោកផឹកស្រាស្រវឹងម្តងៗ តែងនឹកឃើញដល់ការយល់សប្តិឃើញប្រពន្ធមានប្រុសថ្មី កើតក្តីខឹងសម្បា ក៏រករឿងទាញកាំបិតផ្គាក់ដេញកាប់ប្រពន្ធតែម្តង។ តែពេលនេះ លោកសូមសន្យានៅចំពោះមុខប្រពន្ធ និងឪពុកម្តាយ ក៏ដូចជាអ្នកកាសែត ធ្វើជាសាក្សីថា លោកឈប់ជឿការយល់សប្តិ មកប្រចណ្ឌរករឿងបង្កជម្លោះជាមួយប្រពន្ធទៀតហើយ។ រីឯការផឹកស្រា លោកមិនទៅអង្គុយព័ទ្ធវង់ផឹកនៅតៀមស្រាទៀតទេ យ៉ាងច្រើនណាស់ ទិញមកផឹកនៅផ្ទះមួយកូនកែវប៉ុណ្ណោះ។

លោកលី ឌី និងអ្នកស្រីភួន ឃីន ជាឪពុកម្តាយ របស់លោកលី សៅ បានឱ្យដឹងថា ពួកគាត់ទាល់តម្រិះ នឹងប្រដៅអប់រំកូនប្រុសម្នាក់នេះហើយ ព្រោះកន្លងមក រូបគេមិនដែលស្តាប់ការអប់រំទូន្មានប្តីប្រពន្ធគាត់ផង។ ពួកគាត់បញ្ជាក់ថា រឿងរ៉ាវទាំងអស់នេះ មកពីកូនប្រុសរបស់ពួកគាត់តែម្នាក់ ជាអ្នកបង្កឡើង ដោយសារយកការយល់សប្តិឃើញប្រពន្ធមានប្រុសថ្មី ថាជាការពិត ក៏រករឿងប្រចណ្ឌប្រពន្ធ រួចទៅផឹកស្រា ស្រវឹងមកទាញផ្គាក់ដេញកាប់ប្រពន្ធគ្មានប្រណី ដូចនេះ បើកូនប្រុសគាត់មិនព្រមកែខ្លួនទេ គឺបណ្តោយតាមយថាកម្មរបស់គេទៅចុះ៕      អាន ប៊ុនរ័ត្ននៈ